ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ រដ្ឋាភិបាលទួរគីគ្រោងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងភ្នំពេញនឹងទីក្រុងអង់ការ៉ា ដើម្បីជំរុញវិស័យទេសចរណ៍និងវិនិយោគទុន

ភ្នំពេញ ៖ តំណាងរដ្ឋាភិបាល នៃសាធារណរដ្ឋទួរគី មាន បំណងចងសម្ព័ន្ធមេត្រីភាព និងពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និងទីក្រុងអង់ការ៉ា ក្នុងបំណងជំរុញឲ្យវិស័យទេសចរណ៍ និងការវិនិយោគទុនឲ្យមានការកើន ឡើងរវាងប្រទេសទាំងពីរ កម្ពុជា-ទួរគី ។

ក្នុងជំនួបពិភាក្សាការងារ នៃបំណងចងសម្ព័ន្ធភាពរវាងទីក្រុងនៃប្រទេសកម្ពុជា និងប្រទេសទួរគី នៅល្ងាចថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា “យោងទៅតាមការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាច្រើនឆ្នាំកន្លងទៅនោះ ថ្ងៃនេះ ឯកអគ្គរដ្ឋទូតទូរគីប្រចាំកម្ពុជា តំណាងឲ្យរដ្ឋាភិបាលរបស់ខ្លួន មានបំណងចងសម្ព័ន្ធភាពមេត្រីភាពរវាងទីក្រុងភ្នំពេញ និងទីក្រុងអង់ការ៉ា” ។ លោកលើកឡើងថា បើទីក្រុងទាំងពីរ បានចងសម្ព័ន្ធភាពជាមួយគ្នា នោះវិស័យទេសចរណ៍ និងការវិនិយោគផ្នែកសេដ្ឋកិច្ចនឹងមានការរីកចំរើនថែមមួយកម្រិតទៀត ។

លោក ឃួង ស្រេង បានថ្លែងថា៖ រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីកចំរើនខ្ពស់ ដោយភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហ៍កម្ម និងទេសចរណ៍ ដ៏សំខាន់មួយនៃព្រះរាជាណាចក្រកម្ពុជា ហើយកំណើនសេដ្ឋកិច្ចកម្ពុជា គឺមានការកើនឡើងក្នុងរង្វង់ជាង៧%ក្នុង១ឆ្នាំ ដូច្នេះហើយ មានទីក្រុងនៃប្រទេសមួយចំនួន បានចង់សម្ព័ន្ធមេត្រីភាពជាក្រុងភ្នំពេញ ដូចជាទីក្រុងប៉ារីស ប្រទេសបារាំងជាដើម ។

លោកស្រី Ayda Unlu លោករដ្ឋទូតទួរគីប្រចាំកម្ពុជា មានសប្រសាសន៍ថា “ទីក្រុងភ្នំពេញពិតជាមានការរីកចំរើនលឿនមែនទែន ហើយទីក្រុងភ្នំពេញ គឺបានរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ ហើយទីក្រុងភ្នំពេញ ក៏ធ្លាប់បានជាប់សំណាត់ថ្នាក់ជាទីក្រុងស្អាតក្នុងតំបន់អាស៊ីផងដែរ” ។

លោកជំទាវបញ្ជាក់ថា គម្រោងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងនៃប្រទេសទាំងពីរនេះ ដើម្បី ជម្រុញឲ្យកាន់តែខ្លាំងថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ គឺជាភាពជោគជ័យមួយទៀត ខាងវិស័យការទូត ។

សូមបញ្ជាក់ថា៖ រដ្ឋាភិបាលទួរគីសម្រេចបើកស្ថានទូតរបស់ខ្លួននៅកម្ពុជា កាលពីចុងឆ្នាំ២០១៣ ។ ការបើកស្ថានទូតក្នុងប្រទេសកម្ពុជា បានបង្ហាញពីទំនាក់ទំនងដ៏ល្អមួយ រវាងប្រទេសទួរគី និងប្រទេសកម្ពុជា ហើយក៏នឹងនាំមក នូវផល ប្រយោជន៍ទាំងសងខាងនោះដែរ ។ ការដាក់ទូតនៅក្នុងប្រទេសកម្ពុជា ក៏ជាការសម្ដែងឲ្យឃើញ ពីការគាំទ្រនូវរបបនយោបាយក្នុងប្រទេសកម្ពុ ជាពិសេសរបបដឹកនាំដែលបានយករដ្ឋធម្មនុញ្ញជាគោល ៕ សំរិត