ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាបនាផ្លូវ បេតុង ២ខ្សែ និងដាក់លូប្រវែង២៥៣០ម៉ែត្រជូនពលរដ្ឋក្នុងភូមិព្រែកតាគង់១ ខណ្ឌមានជ័យ តាមការសន្យា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច កសាងផ្លូវបេតុង២ខ្សែប្រវែង២៥៣០ម៉ែត្រដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវ និងដាក់ប្រព័ន្ធលូ សង្ខាងផ្លូវ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាគង់១ ស្ថិតនៅតំបន់អភិវឌ្ឍន៍បឹងជើងឯក សង្កាត់ចាក់អង្រែ លើខណ្ឌមានជ័យ ដើម្បីទុកឱ្យបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល ។ ការស្ថាបនា ផ្លូវ លូ ទឹក ភ្លើងជូនបងប្អូនសហគមន៏ ព្រែកតាគង់ នេះតាមការសន្យារបស់អភិបាលរាជធានីភ្នំពេញ កាលពីមុនបោះឆ្នោត ។

​ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រជិត៤០០គ្រួសារ នៃសហគមន៍ព្រែកតាគង់១ ក្នុងសង្កាត់ចាក់អង្រែលើ កាលពីថ្ងៃសុក្រ ខែទិតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃ ១០ ខែសីហា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដោយមើលឃើញពីភាពទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងតំបន់នេះ​ជាច្រើនដំណរ មកនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជា ពលរដ្ឋតាមការសន្យារបស់សាលាក្រុងកាលពីពេលមុនបោះឆ្នោត ។ ការសន្យានោះគឺស្ថាបនាផ្លូវបេតុង១ខ្សែ និងដាក់ប្រព័ន្ធលូ ប្រវែង១៣៣០ម៉ែត្រដោយ ឡែកថ្ងៃនេះគឺសាលា ក្រុងជូនផ្លូវបេតុង១ខ្សែទៀតមានប្រវែង១២០០ម៉ែត្រ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ខាងលើនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើប្រទានកម្មដី ជិត៤០០គ្រួសារ ដើម្បី ឲ្យពួកគាត់មានកន្លែងសង់លំនៅដ្ឋានសមរម្យ និងមានសិទ្ធិកាន់កាប់ស្របច្បាប់។ ការសម្រេចប្រគល់ដីប្រទានកម្ម ពីសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋ៣៨០គ្រួសារ រស់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គឺដើម្បីឲ្យបងប្អូនទទួលបានសិទ្ធិលំនៅដ្ឋានរស់នៅស្របច្បាប់ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ឲ្យដឹងថា តាមគម្រោងនឹងស្ថាបនាក្នុងពេលឆាប់ខាងមុខនេះ នឹងស្ថាបនាឲ្យបានរួចរាល់ នៅឆមាសទី២ នៃឆ្នាំ២០១៨នេះ។ លោកបន្តថា​៖ ផ្លូវបេតុងប្រវែង២៥៣០ម៉ែត្រនេះ ពីមុនមិនមានប្រព័ន្ធលូទេ ប៉ុន្តែការស្ថាបនាផ្លូវបេតុងថ្មីនេះ គឺមានដាក់ប្រព័ន្ធលូសង្ខាង និងដាក់បង្គោលភ្លើងបំភ្លឺតាមផ្លូវផងដែរ។ ទាក់ទិនទៅនឹងការចំណាយនៃការស្ថាបនាផ្លូវបេតុងខាងលើនេះ លោក សាំ ពិសិដ្ឋមិនបាន បញ្ជាក់ប្រាប់ថា ត្រូវចំណាយថវិកា របស់សាលារាជធានីនភ្នំពេញ ចំនួនប៉ុន្មាននោះទេ។

លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឲ្យដឹងថា ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិព្រែកតាគង់១ មានចំនួន៣៨៦គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបមុខរបដាំបន្លែលក់ ចិញ្ចឹមជីវិត។ នៅថ្ងៃដដែលនេះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានចុះសួរសុខទុក្ខអាជីវករផ្សារទួលទំពួង និងសំណូមពរឲ្យអាជីវករលក់ដូរតម្លៃសមរម្យទៅកាន់អតិថិជនរបស់ខ្លូន និងត្រូវថែរក្សាអនាម័យ ឲ្យបានស្អាតល្អផងដែរ ៕ សំរិត