ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ដឹកនាំមន្ដ្រីរាជការក្រោមឱវាទ ចូលរួមអនាម័យបរិស្ថានទីក្រុងលស្អាត ដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រី អាជ្ញាធរដែន យុវជន និងសិស្សានុសិស្សប្រមាណ៦០០នាក់ចុះយុទ្ធនាការសំអាតអនាម័យបរិស្ថានមុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ ហើយពិធីនេះបានធ្វើឡើងនៅមុខព្រះបរមរាជវាំង ដែលជាកន្លែងប្រារព្វពិធីតែម្តង។

ក្រុមការងារនេះ ត្រូវបានបែងចែកការងារគ្នាដើររើសសំរាម ទៅតាមផែននីមួយៗចំនួន១៥ផែន ដើម្បីឲ្យគ្រប់កន្លែងទទួលបានអនាម័យ និងបរិស្ថានល្អ។

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលសារព័ត៌មាននគរវត្តទទួលបាន គឺបានស្នើឲ្យ ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រី និងអាជីវករទាំងអស់ ត្រូវមានថង់ ឬធុងសំរាមផ្ទាល់ខ្លួន។ ដោយឡែក សម្រាប់ប្រជាពលរដ្ឋដែលជាកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋដែលមកលេងកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកទាំងអស់ ក៏សូមមេត្តាជួយថែរក្សាអនាម័យ ដោយត្រូវវេចខ្ចប់ ទុកដាក់សំណល់សំរាមរបស់ខ្លួននៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវផងដែរ។

ការវេចខ្ចប់ ការទុកដាក់សំរាមនៅក្នុងថង់ និងធុងសំរាមត្រឹមត្រូវវានឹងជួយកាត់បន្ថយពេលវេលានៃការប្រមូលរាម និងកាត់បន្ថយនៃការប្រើប្រាស់កម្លាំងពលរដ្ឋផងដែរ ដូច្នេះទេ សូមបងប្អូនប្រជាពលរដ្ឋ អាជីវករ ទាំងអស់ចូលរួមសកម្មភាពនេះទាំងអស់គ្នា។

NKD-36x6_outline

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៦ តុលាកន្លងមកថ្មីៗនេះ ធុងសំរាមចំនួន១០០០ធុងត្រូវបានលោក ឧកញ៉ា លាង ឃុន អគ្គនាយក ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំរើឲ្យសកម្មភាពទុកដាក់សំរាមក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែ ឆ្នាំនេះ ។ ធុងសំរាម ១០០០ធុងនឹងដាក់ពង្រាយតាមសួនច្បារ និងទីកន្លែងសាធារណៈនានា ដើម្បីបំរើឲ្យមានបរិស្ថានល្អនៅរាជធានីភ្នំពេញ ពិសេសនៅកន្លែងសំខាន់ៗនៃតំបន់ប្រារព្ធពិធី៕ សំរិត