ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង និងមន្ដ្រីជំនាញពាក់ព័ន្ធក្រោមឱវាទ ចុះពិនិត្យស្ថានភាពកម្ពស់ទឹកទន្លេនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ និងមន្រ្តីបច្ចេកទេសក្រោមឱវាទ រដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យ ជាក់ស្ដែងអំពីស្ថានភាព កម្ពស់ទឹកទន្លេបាសាក នៅតាមភូមិសាស្ត្រ សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមបង្ការ ជាមុនក្រែង មានហានិភ័យ ដោយគ្រោះទឹកជំនន់ណាមួយកើតឡើង ដោយមិនបានដឹងនោះ ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធន់ធានទឹករាជធានីភ្នំពេញ បានឱ្យដឹងថា៖ លោកអភិបាលរាជធានី ចុះពិនិត្យអំពីស្ថានភាពកម្ពស់ទឹកទន្លេបាសាក់ និង នៅតាមស្ថានីយ៍ បូមទឹកស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងស្ថានីយ៏ មាត់ទន្លេព្រះគឹម លុងផ្សារកណ្ដាល ខណ្ឌដូនពេញ ថ្ងៃនេះ គឺក្នុង គោល បំណង ត្រៀមបង្ការ ជាមុន ក្រែងមានហានិភ័យ ដោយទឹកជំនន់ណាមួយកើត ឡើង ហើយអាជ្ញាធរមូលដ្ឋានមិនបានដឹង ចុះជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះ ។ នៅល្ងាចថ្ងៃដដែលនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានចុះដល់ភូមិព្រែកតាឡុងបី ស្ដិតក្នុងខណ្ឌមានជ័យ បានសន្យាផ្ដល់ជូន នូវផ្លូវបេតុងមួយ ខ្សែប្រវែងជាង១.០០០ម៉ែត្រ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញនេះផងដែរ ។

សូមបញ្ជាក់ថា៖ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កំពស់ទឹកទន្លេចតុមុខ ឡើងដល់កំពស់ នីវ៉ូ +9.7២ នៅសល់ 0.80ម ដល់កំពស់ប្រកាសអាសន្ន +10.50 ដើម្បីត្រៀមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយត័្ន ។

ពាក់ព័ន្ធបញ្ហាទឹកជំនន់នេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនឹងដឹកជ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា៖ ចាប់ពីពេលនេះទៅ យើងកំពុងប្រឈម និងទឹកជំនន់ចំនួន ៣ប្រភេទ គឺជំនន់ដោយទឹកភ្លៀង ,ជំនន់ដោយទឹកទន្លេ និងជំនន់ដោយទឹកស្ទឹងព្រែកត្នោត ។ តំបន់ខ្លះនៃភូមិសាស្ត្រ រាជធានីភ្នំពេញ មានស្ថានភាពដី ទាបជាងនីវ៉ូទឹកទន្លេ ប៉ុន្តែរាជធានីភ្នំពេញ មិនអាចទទួលរងការគំរាមកំហែងដោយទឹកជំនន់ បានឡើយ និងមានសុវត្ថិភាព ដោយសារមាន ទំនប់ការពារទឹកជំនន់ ដ៏រឹងមាំព័ទ្ឋជុំវិញទីក្រុង និងមានស្ថានីយ៍បូមទឹកចំនួន ១៣កន្លែង ដែលភាគច្រើនជាស្ថានីយ៍ថ្មីមានសមត្ថភាពបូមទឹក កើនជាងមុន ៣ដង ឯណ្នោះ ៕ សំរិត