ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ សម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា នៅវត្ដនាគវ័ន ចំណាយថវិកាអស់ជាង៤លានដុល្លារ ដើម្បីបម្រើឲ្យវិស័យព្រះពុទ្ធសាសនា

ភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រី តំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា ស្ថិតនៅវត្ដនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដើម្បីបម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដោយចំណាយថវិកាអស់ជាង៤ លានដុល្លារ រួមមាន សមិទ្ធផល មហាកុដិព្រះចៅ អធិការ១ខ្នង , សាលាឆាន់, សាលាបុណ្យ, កុដិតាជី, យាយជី, ផ្លូវបេតុង, បង្គោលភ្លើង និងរបងព័ទ្ធជុំវិញ ដែល ជួយឧត្ថម្ភថវិកាពីសម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុនសែន និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវត្តនាគវ័ន បានមកពីសទ្ធា ជ្រះថ្លាពីពុទ្ធបរិស័ទជិតឆ្ងាយ កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបាន យកអស់កម្លាំងកាយចិត្ត និងបញ្ញា ស្មារតីដឹកនាំនាវាកម្ពុជា ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ។ វិស័យព្រះពុទ្ធសាសនា បានរួមចំណែកក្នុងវិស័យសេដ្ឋកិច្ចជាតិ ការជួយកាត់បន្ថយ ភាពក្រីក្រ។ វិស័យព្រះពុទ្ធសាសនា ទីវត្ដអារ៉ាម គឺជាថ្នាលបណ្តុះបណ្ដាល ព្រះសង្ឃ និងគ្រហស្ថ ដែលជាកូនចៅ ប្រជាពលរដ្ឋ របស់យើងទាំងអស់គ្នា ។ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមកសាងផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ពិសេសជាកន្លែងអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ សុជីវធម៌ ដល់ពុទ្ធបរិស័ទនិងមហាជនទូទៅ ឲ្យបានចំណេះដឹងខ្ពង់ខ្ពស់ទៅថ្ងៃអនាគត ជូនកូនចៅជំនាន់ក្រោយៗរបស់យើងផងដែរ។

លោកបានបញ្ជាក់ថា៖ សព្វថ្ងៃនេះប្រទេសជាតិទាំងមូល ទទួលបាននូវសុខ សន្តិភាពពេញលេញ ពេញផ្ទៃប្រទេស ។ ប្រជាពលរដ្ឋរស់នៅ ក្រោមដំបូលសុខសន្តិភាព។ ប្រទេសជាតិ មានសុខសន្តិភាពទើបយើង មានឱកាសគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ ប្រទេសជាតិ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដោយសារតែភាពរីកចំរើន នៃការអភិវឌ្ឍប្រទេសជាតិប្រជាពលរដ្ឋ ជាពិសេស​យុវជន ក៏មានភាពស៊ីវិល័យទៅតាមការរីកចំរើន នេះ អាចព្រងើយកន្តើយនៃការលើកស្ទួយខាងវិស័យព្រះពុទ្ធសាសនា ។ ការលើកស្ទួយខាងវិស័យព្រះពុទ្ធសាសនា គឺមិនគ្រាន់តែប្រតិ​បត្តិតាមធម៌វិន័យព្រះ​ពុទ្ធប៉ុណ្ណោះទេ តែត្រូវចូលរួមកសាងនូវសមិទ្ធផលនានា ដែលទាក់ទិនទៅនឹងសាសនាព្រះពុទ្ធ ដែលប្រទេសកម្ពុជាមានប្រជាពលរដ្ឋជាង៩០% ជាអ្នកកាន់សាស​នាព្រះពុទ្ធ។ លោកបញ្ជាក់ថា ៖ នៅទូទាំងប្រទេស បច្ចុប្បន្នមានវត្ត ៤៥៥៣ វត្ត និងមានព្រះសង្ឃចំនួន ៥៣.២៥៧អង្គ ក្នុងនោះវត្តធម្មយុត្តិកនិកាយ មានចំនួន ១៧៧វត្ត។ ចំពោះការប្រតិបត្តិវិញ គឺនៅមានកម្រិតនៅឡើយ ព្រោះខ្វះអ្នកប្រាជ្ញ និងបាត់បង់ឯក​សារផ្នែកព្រះពុទ្ធសាសនាស្ទើរអស់ទៅហើយ ដែលប្រការនេះ បើយើងចង់គោរពព្រះ​ពុទ្ធសាសនា និងប្រកបដោយសទ្ធាជ្រះថ្លានោះ យើងត្រូវខិតខំបណ្តុះធនធានសង្ឃ ។ ប្រទេសមួយ ដែលរីកចម្រើនខាងសម្ភារ តែខាងស្មារតីយើងមិនបានគោរព ក៏មិនអាចលូតលាស់បានដែរ។

សូមបញ្ជាក់ថា៖ នៅមុនដំណើរការនៃពិធីខាងលើនេះ ពោលគឺកាលពី ព្រឹកថ្ងៃ៨ រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព .ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលសាលាខណ្ឌទួលគោក ដឹកនាំដោយ លោក ឯក ឃុន ដឿន អភិបាលខណ្ឌទួលគោក លោក មែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង និងមន្ត្រីរាជការ ការិយាល័យ និងក្រុមប្រឹក្សាសង្កាត់ទាំង១០ ព្រមទាំងប្រជាពលរដ្ឋ ចំណុះជើងវត្តនាគវ័ន បានរៀបចំពិធីក្រុងពាលី តាមបែបសាសនាមួយ ដើម្បី សុំសេចក្តីសុខ សេចក្តីចម្រើននៃពិធីសម្ពោធនេះផងដែរ ៕ សំរិត