ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ ព្រមានដំឡើងពន្ធដល់ទំនិញចិនទាំងអស់មានទឹកប្រាក់ជាង៥០០ពាន់លានដុល្លារ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថានឹងដំឡើងពន្ធដល់ទំនិញនាំចូលទាំងអស់ពីប្រទេសចិន ដែលមាន ទឹកប្រាក់ ជាង៥០០ពាន់លានដុល្លារ។ ការប្រកាសខាងលើរបស់ប្រធានាធិបតី អាមេរិកបានធ្វើឲ្យស្ថានភាពកាន់តែតាន តឹងក្នុងវិស័យពាណិជ្ជកម្ម ខណៈដែល អាមេរិក និងកាណាដា ព្រមទាំងអឺរ៉ុបកំពុងពិភាក្សាគ្នាលើវិស័យពាណិជ្ជកម្ម។

រដ្ឋាភិបាលអាមេរិកបានព្យាយាមបង្ខំ ចិនឲ្យផ្អាកការអនុវត្តគោលនយោបាយ ពាណិជ្ជកម្មលើទំនិញ «Made in china 2025»។ កាលពីថ្ងៃទី៧ ខែកញ្ញា កន្លងមក លោក ត្រាំ បាន ប្រកាសពីការបន្តដំឡើងពន្ធ២៦៧ពាន់លានដុល្លារ ជាលើកទី៤ ដល់ទំនិញចិន ប្រសិនបើចិនមិនផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន។

នៅពេលដ៏ខ្លីខាងមុខរដ្ឋាភិបាលអាមេរិក នឹងដំឡើងពន្ធនាំចូលពីចិនដំណាក់ កាលទី៣ នូវទឹកប្រាក់២០០ពាន់លាន ដុល្លារក្នុងនោះមានគ្រឿងសង្ហារិមជាដើម។

ប្រសិនបើការព្រមានដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិកក្លាយជាការណ៍ពិតនោះ ទំនិញចិននាំទៅកាន់អាមេរិកនឹងត្រូវដំឡើងពន្ធសរុបមានរហូតដល់ទៅ៥១៧ពាន់លានដុល្លារអាមេរិក។

កន្លងមកចិនក៏បានប្រកាសថា នឹងតប តអាមេរិកវិញ ដោយមិនសំចៃប្រសិនបើ លោក ត្រាំ បន្តដំឡើងពន្ធលើទំនិញរបស់ ចិននោះ៕ ម៉ែវ សាធី