ព័ត៌មានទាន់ហេតុការណ៍៖

លោក ទេព នីថា អំពាវនាវឲ្យតំណាងបក្សនយោបាយសហការជាមួយ គ.ជ.ប.ដើម្បីការបោះឆ្នោតដោយសេរី

ភ្នំពេញ ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. បានអំពាវនាវឲ្យតំណាងគណបក្សនយោបាយសហការការពារសុវត្ថិភាពផ្ទាល់ខ្លួនពេលមាន បញ្ហាគំរាមកំហែងកើតឡើងដើម្បីធានាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិ កាលទី៦ប្រព្រឹត្ដទៅត្រឹមត្រូវ យុត្ដិធម៌ តម្លាភាព និងគ្មានការបំភិតបំភ័យនោះ ឡើយ ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការបិទផ្សាយបញ្ជីរាយនាម គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលរាជ ធានី-ខេត្ដ និងសិទ្ធិទទួលបានការពារសុវត្ថិភាពរបស់បេក្ខជនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦កាលពីព្រឹក ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៨ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោតបានស្នើឲ្យឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត ឬសកម្មជនរបស់គណបក្ស នយោយទាំងអស់បើមានការគំរាមកំហែង ណាមួយត្រូវទាក់ទងមកគណៈកម្មការឃុំ-សង្កាត់ និងអាជ្ញាធរមានសត្ថមកិច្ចជាបន្ទាន់ ដើម្បីចាត់ការតាមផ្លូវច្បាប់ឲ្យបានទាន់ ពេលវេលា និងមានប្រសិទ្ធភាព ។

លោក ទេព នីថា បានបន្តថា សិទ្ធិទទួលបានការការពារសុវត្ថិភាពបេក្ខជនគឺធានាចំពោះបេក្ខគ្រប់រូប និងគណបក្សនយោបាយ​ឈរឈ្មោះឆោះឆ្នោតទាំងអស់នូវសិទ្ធិស្មើភាពក្នុងការទទួលបានសិទ្ធិបានការការពារសន្ដិសុខ និងសុវត្ថិភាពនៅក្នុងសម័យបោះឆ្នោតដូចមានចែងក្នុងច្បាប់បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងផែនការអន្ដរស្ថាប័នរវាងក្រសួងមហាផ្ទៃក្រសួងការពារជាតិ និងគ.ជ.ប.។ លើសពីនេះទៅទៀត មាត្រា៣២នៃរដ្ឋធម្មនុញ្ញបានចែងថា ជនគ្រប់រូបមានសិទ្ធរស់រានមានជីវិត មានសេរី ភាព និងមានសន្ដិសុខផ្ទាល់ខ្លួន ជាពិសេស បេក្ខជនត្រូវមានភស្ដុតាង ឬមានមូលហេតុ ច្បាស់លាស់ថា សន្ដិសុខ និងសុត្ថិភាពរបស់ ខ្លួនត្រូវបានគំរាមកំហែងនោះគ.ជ.ប.ចាត់ វិធានការចាំបាច់គ្រប់រូបភាពដើម្បីផ្ដល់ សន្ដិសុខ សុវត្ថិភាពជូនបេក្ខជនតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត ។

ការអំពាវបែបនេះដោយសារតែលោក ចាន់ រិទ្ធី តំណាងគណបក្សពន្លឺថ្មីបានមានការព្រួយបារម្ភចំពោះសុវត្ថិភាព និងការ គំរាមកំហែងបេក្ខជនតំណាងរាស្រ្ដនីមួយៗអាចនឹងមានការកើតឡើង ។

លោកបានបន្ដថា គ.ជ.ប.គួរមានវិធាន ការបែបណាដើម្បីការពារបេក្ខជនឈរឈ្មោះបោះឆ្នោតគ្រប់រាជធានី-ខេត្ដឲ្យកាន់ តែមានសុវត្ថិភាព ។

សូមបញ្ជាក់ថា ការបោះឆ្នោតតំណាង រាស្រ្ដនីតិកាល៦នឹងប្រព្រឹត្ដទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។ ជាមួយគ្នា នោះរដ្ឋាភិបាលកម្ពុជាបានត្រៀមកងកម្លាំងប្រមាណ៨ម៉ឺននាក់ដើម្បីចូលរួមការពារ សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងអំឡុងពេលបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដា ខាងមុខ ៕ ហេង សូរិយា