ព័ត៌មានទាន់ហេតុការណ៍៖

លោក ពូទីន អញ្ជើញលោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចនៅរុស្ស៊ីក្នុងខែកញ្ញា

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បាន អបអរសាទរដល់ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង បានកាត់បន្ថយការប្រឈម មុខដាក់គ្នា។ ជាមួយគ្នានេះដែរ លោកក៏ បានអញ្ជើញមេដឹកនាំ គីម ជុងអ៊ុន ទៅ បំពេញទស្សនកិច្ចនៅរុស្ស៊ីនាខែកញ្ញាខាងមុខផងដែរ។ លោក ពូទីន បានអញ្ជើញ លោក គីម ជុងអ៊ុន តាមរយៈប្រធានរដ្ឋ សភាកូរ៉េខាងជើង លោក គីម យ៉ុងណាម ដែលបានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសរុស្សុី។

លោក គីម យ៉ុងណា ជាប្រធានរដ្ឋសភា ជាន់ខ្ពស់ កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ១៩៩៨។ ពេលនេះលោកកំពុងតែនៅក្នុងប្រទេសរុស្ស៊ី បើកការប្រកួតវើលខាប់ឆ្នាំ ២០១៨។ នៅដំណើរទស្សនកិច្ចទៅកាន់ រុស្ស៊ី លោកក៏បានជូនលិខិតផ្ទាល់ដៃរបស់មេដឹកនាំ គីម ជុងអ៊ុន ឲ្យលោក ពូទីន ផងដែរ។

នៅក្នុងជំនួបជាមួយលោក គីម យ៉ុងណាម លោក ពូទីន បានបញ្ជាក់ថា លោកអបអរ សាទរ និងវាយតម្លៃខ្ពស់ ដល់ជំនួបរវាង លោក ត្រាំ នឹង គីម ជុងអ៊ុន។ លោកបន្ត ទៀតថា វិបត្តិនយោបាយជាប់គាំងនូវបញ្ហា កូរ៉េខាងជើង នាពេលកន្លងមក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល អាច ជំរុញឲ្យមានសង្គ្រាមប្រដាប់អាវុធកើតឡើង។

លោក ពូទីន បញ្ជាក់ទៀតថា ជំនួប រវាងលោក ត្រាំ នឹង គីម ជុងអ៊ុន ជួយ បញ្ចប់សង្គ្រាម ដែលជិតនឹងកើតឡើង និងបើកផ្លូវឲ្យមានកិច្ចចរចាស្វែងរកសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។

មានប្រសាសន៍នៅក្នុងជំនួបជាមួយ ប្រធានរដ្ឋសភាកូរ៉េខាងជើងលោក គីម យ៉ុងណាម កាលពីថ្ងៃទី១៤ ខែមិថុនា ប្រធានាធិបតី ពូទីន បញ្ជាក់ថា រុស្ស៊ីមាន បំណងជំរុញឲ្យមានដំណោះស្រាយសន្តិភាពយូរអង្វែង។ លោកបន្តទៀតថា នេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ នៃដំណើរ ផ្លូវវែងឆ្ងាយទៀតដើម្បីសន្តិភាព។

នៅក្នុងជំនួបនោះដែរ លោក ពូទីន អញ្ជើញលោក គីម តាមលោក គីម យ៉ុង ណាម ឲ្យមកធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី នាពេលខាងមុខ។ ដំណើរទស្សនកិច្ច ធ្វើឡើងក្នុងពេលដែលរុស្ស៊ីរៀបចំវេទិកា សេដ្ឋកិច្ច លោកខាងកើត ដែលរៀបចំឡើង នៅក្នុងទីក្រុង Vladivostok ខែកញ្ញា ឆ្នាំ២០១៨នេះ។

ក្រសួងការបរទេសរុស្ស៊ី ក៏បានវាយតម្លៃ ខ្ពស់ចំពោះ ការប្រកាសផ្អាកសមយុទ្ធរបស់ អាមេរិក និងកូរ៉េខាងត្បូង ។ រុស្ស៊ីបញ្ជាក់ថា ចំណុចសំខាន់ ដើម្បីឆ្ពោះទៅរក្សការចរចាដើម្បីសន្តិភាពចាំបាច់ គឺត្រូវបញ្ចប់ការឌឺដង និងបញ្ចប់រាល់សកម្មភាពធ្វើសមយុទ្ធ។

កន្លងមកថ្មីៗ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ថា ពិភពលោកអាចដេកស្ងប់សុខដោយមិនមានការគំរាម កំហែងបរមាណូទៀតឡើយ។ ប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន បញ្ជាក់ថា ពេលនេះមិនមានការគំរាមកំហែងដោយបរមាណូណាមួយទៀតឡើយពីកូរ៉េខាងជើង ក្នុងពេលអនាគត ហើយ មនុស្សគ្រប់រូបនៅលើពិភពលោកអាច ដេកលង់លក់ដោយស្ងប់ចិត្ត មិនព្រួយ បារម្ភអ្វីទៀតដូចមុនឡើយ។

នៅថ្ងៃទី១៤ ខែមិថុនា ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានសរសេរនៅលើ បណ្តាញ Twitter របស់លោកថា «នៅ ពេលនេះមនុស្សគ្រប់រូបមានអារម្មណ៍ សុវត្ថិភាព ច្រើនជាងពេលខ្ញុំឡើងកាន់ តំណែង។ ពេលនេះនឹងមិនមានការគំរាមកំហែងណាមួយពីកូរ៉េខាងជើងទៀតទេ។ កូរ៉េខាងជើង មានសក្តានុពលយ៉ាងខ្លាំងនៅពេលអនាគត ក្រោយកូរ៉េខាងជើង បោះបង់បរមាណូ»។

លោក ត្រាំ បានបញ្ជាក់ថា «មុនពេល ខ្ញុំឡើងកាន់តំណែង យើងបានគិតថា អាមេរិកនឹងមានសង្គ្រាមជាមួយកូរ៉េខាងជើង។ អតីតប្រធានាធិបតីអូបាម៉ា ធ្លាប់ បាននិយាយថា កូរ៉េខាងជើង គឺជាគ្រោះ ថ្នាក់សម្រាប់អាមេរិក។ តែពេលនេះ មិន មានរឿងនោះទៀតឡើយ សូមអ្នករាល់គ្នាមានអារម្មណ៍ដែលឲ្យស្ងប់ចុះ»។

និយាយអំពីការផ្អាកធ្វើសមយុទ្ធជា មួយកូរ៉េខាងត្បូង ដែលបានលើកឡើង កាលពីថ្ងៃទី១២ ខែមិថុនា លោក ត្រាំ បញ្ជាក់ថា ការផ្អាកសមយុទ្ធអាមេរិកបានសន្សំសំចៃ ប្រាក់បានមួយចំនួនធំ។ អាមេរិក និងកូរ៉េខាងជើង បន្តពិភាក្សា ដោយមានទំនុកចិត្តគ្នាទៅវិញទៅមក៕ ម៉ែវ សាធី