ព័ត៌មានទាន់ហេតុការណ៍៖

លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប នៅតែ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​

ខេត្តសៀមរាប៖ តាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ឬ​ហៅថា​មេ​ពេទ្យសត្វ​ខេត្តសៀមរាប នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​រស់ ជ្រូក​ងាប់ ឬ​ជ្រូក​មាន​ជំងឺ មក​កាប់សាច់​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ព្រំ វិច អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ផងដែរ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​នាយកដ្ឋាន​ពាក់ព័ន្ធ​នៅក្នុង​ក្រសួងកសិកម្ម ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​និង​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក ព្រំ វិច មេ​ពេទ្យសត្វ​ខេត្តសៀមរាប ជាបន្ទាន់​។

មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ទៀតថា រឿងអាស្រូវ​ពុករលួយ​បក្ខពួកនិយម​របស់លោក ព្រំ វិច ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ថ្នាក់ដឹកនាំក្រសួងកសិកម្ម បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ឈ្មួញ​មួយចំនួន​អាច​នាំចូល​ជ្រូក​ឈឺ ជ្រូក​ត្រចៀក​ខៀវ ឬ​ជ្រូក​ងាប់​មក​កាប់សាច់​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប យ៉ាង​រាលដាល​ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ទៅលើ​សុខភាព​ប្រជាពលរដ្ឋ​នោះទេ​។ លើស​នេះ​ទៅទៀត​ឈ្មួញ​មួយចំនួន​អាច​នាំចូល​ជ្រូក​រស់​ឬ​មាន់​ទារ​រស់​ពីប្រទេសថៃ​មក​កាប់សាច់​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​ក្រុមមន្ត្រី​ពេទ្យសត្វ​ក្នុង​ខេត្តសៀមរាប ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់លោក ព្រំ វិច នោះទេ​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បាន​លើកឡើងថា ឈ្មួញ​ជាច្រើន​នាក់​នៅតែ​អាច​នាំ​ជ្រូក​ពី​ស្រុក​យួន​មក​កាប់សាច់​លក់​ក្នុង​ទីផ្សារ​ខេត្តសៀមរាប កាន់តែ​ច្រើនឡើងៗ​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ព្រំ វិច រួចទៅហើយ​។ ឈ្មួញ​ខ្លះទៀត​សម្រុក​ដឹកជញ្ជូន​ជ្រូក​រស់​ពី​ប្រទេសថៃមក​កាប់សាច់​លក់​ពេញទី​ផ្សារ ក៏ដូចជា​នាំចូល​មាន់​ទារ​រស់​ពី​ប្រទេសថៃមក​លក់​ចែកចាយ​ពេញ​ផ្សារ​ក្នុង​ខេត្តសៀមរាប ហើយ​មិនឃើញ​លោក ព្រំ វិច ព្រមទាំង​មន្ត្រីក្រោមឱវាទ​ចាត់វិធានការ​ត្រួតពិនិត្យ​តាម​តួនាទី​របស់ខ្លួន​នោះទេ​។

រឿងអាស្រូវ​ពុករលួយ​របស់លោក ព្រំ វិច និង​បក្ខពួក​ត្រូវបាន​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។ ប៉ុន្តែ​ថ្នាក់ដឹកនាំ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ជាពិសេសថ្នាក់ដឹកនាំ​នាយកដ្ឋាន​ពាក់ព័ន្ធ​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ប្រើប្រាស់​តួនាទី​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។

លោកព្រំ វិច បានមានប្រសាសន៍បដិសេធចំពោះការចោទប្រកាន់ទាំងអម្បាលម៉ាននោះ ។ លោកមានប្រសាសន៍ថា ទម្រាំការដឹកជញ្ជូនសត្វចូលមកដល់ខេត្តសៀមរាបត្រូវឆ្លងកាត់ខេត្តជាច្រើន ដូច្នេះសមត្ថកិច្ចនៅតាមផ្លូវមិនបណ្តោយ​ឲ្យមានបញ្ហានេះកើតឡើងទេ ។ សមត្ថកិច្ចតាមព្រំដែនបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះការចរាចរណ៍សត្វមកពីប្រទេសជិតខាង ។ លោកថា វាមិនងាយស្រួលនោះទេក្នុងការនាំសត្វចូលពីប្រទេសជិតខាង ពីព្រោះយ៉ាងមានការត្រួតពិនិត្យនៅព្រំដែនម៉ត់ចត់ រី​ឯនៅក្នុងខេត្តសៀមរាបគ្មាន​សត្វឈឺត្រូវបានសម្លាប់យកសាច់នោះឡើយ ។

លោកប្រធានការិយាល័យ​ពេទ្យសត្វបានបន្ថែមថា ចំពោះការ​ត្រួតពិនិត្យ​ការសម្លាប់សត្វឯណោះវិញ គឺយើងបានដាក់មន្ត្រីនៅសត្វឃាតដ្ឋានគ្រប់ពេលវេលា ។ លោកបានបញ្ជាក់ថា «ខ្ញុំក៏ដូចជាគ្រួសារខ្ញុំទាំងមូលទទួលទានសាច់ដែលទិញពីផ្សារដូចប្រជាពលរដ្ឋទូទៅដែរ ដូច្នេះ គ្មានហេតុផលអីត្រូវយកសត្វមានជំងឺ​ទៅសម្លាប់យកសាច់មកទទួលទាននោះ» ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ក៏ដូចជាមន្ត្រីរាជការខេត្តសៀមរាបនៅតែអះអាងថា ការនាំសត្វពីបរទេស​ចូលខេត្តសៀមរាប មានលាយឡំដោយអំពើពុករលួយ ។ ប្រសិនបើ​មិនដូច្នោះទេ ទោះបីជាសត្វមានសុខភាពល្អ ក៏ត្រូវតែមានចំណែកបង់ប្រាក់ឲ្យមន្ត្រីពេទ្យសត្វដែរ ។ រឿងលុយកាក់​ជារឿងធម្មតា ដែល​ត្រូវចែករំលែកជូនមន្ត្រី​ពេទ្យសត្វ​ ៕ ប៊ុនរិទ្ធី