ព័ត៌មានទាន់ហេតុការណ៍៖

លោក មៀច សុផាន់ណា ចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទស្តីពី “វិធានការក្នុងការប្រឆាំងនិងទប់ស្កាត់ការចរាចរផលិតផលក្លែងក្លាយ និងផលិតផលខូចគុណភាពនៅលើទីផ្សារកម្ពុជា” នៅបណ្ធិត្យសភានគរបាលកម្ពុជា

 

ភ្នំពេញ៖ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បាន អញ្ជើញជាវាគ្មិនកិត្តិយស ធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទស្តីពី “វិធានការក្នុងការប្រឆាំងនិងទប់ស្កាត់ការចរាចរផលិតផលក្លែងក្លាយ និងផលិតផលខូចគុណភាពនៅលើទីផ្សារកម្ពុជា” ជូនដល់គ្រូនគរបាលជាតិ មន្រ្តីនគរបាល និងនិស្សិត សិក្ខាកាម នៅបណ្ធិត្យសភានគរបាលកម្ពុជា។

លោក នាយឧត្តមសេនីយ៍បណ្ឌិតបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៥ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណ និងដាក់ចេញនូវគោលនយោបាយកំណែទម្រង់សុីជម្រៅគ្រប់វិស័យ ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្ថេរភាព សន្តិសុខសង្គមលើកកម្ពស់គុណភាពសេវាសាធារណៈ និងសុខភាពសាធារណៈ ឲ្យកាន់តែល្អប្រសើរឡើង ដើម្បីទទួលបានការពេញចិត្តពីប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស ដែលក្នុងនោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវវិធានការ ដើម្បីប្រឆាំងនិងទប់ស្កាត់ការចរាចរផលិតផលក្លែងក្លាយ និងផលិតផលខូចគុណភាពដែលកំពុងចរាចរក្នុងទីផ្សារកម្ពុជា។

លោកនាយឧត្តមសេនីយ៍បណ្ឌិតបានបន្តទៀតថា ស្ថិតក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារសេរី ការនាំចូល និងការចរាចរផលិតផលនានា នៅលើទីផ្សារប្រទេសកម្ពុជា មានការប្រកួតប្រជែង និងមានការប្រើប្រាស់វិធីសាស្រ្តផ្សេងៗ ដើម្បីទទួលបាននូវផលប្រយោជន៍ និងផលចំណេញ ដោយក្នុងនោះការចរាចរនូវផលិតផលដែលខូចគុណភាព និងផលិតផលក្លែងបន្លំផ្សេងៗកំពុងតែកើតមានជាបន្តបន្ទាប់នៅក្នុងទីផ្សារកម្ពុជា ដែលជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាព និងខាតបង់នូវថវិការបស់ប្រជាពលរដ្ឋជាច្រើន។

ដើម្បីដោះស្រាយនិងទប់ស្កាត់បញ្ហានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ក្នុងតួនាទីជាសេនាធិការជូនក្រសួងមហាផ្ទៃបាននិងកំពុងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ដោយតម្កល់ផលប្រយោជន៍ជាតិ សុខមាភាពប្រជាពលរដ្ឋនិងសុវត្ថិភាពអ្នកប្រើប្រាស់ជាធំ តាមរយៈការដាក់ចេញនូវវិធានការ ដើម្បីធានាគុណភាពសុវត្ថិភាព ផលិតផល ដើម្បីការពារសុខមាលភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ប្រកបដោយឆន្ទះមោះមុត មនសិកាការងារ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម បានបញ្ជាក់ថា ពាក់ព័ន្ធផលិតផលក្លែងក្លាយនេះ ប្រទេសកម្ពុជាបាននាំចូលសព្វសារពើ ស្ទើរតែមុខទំនិញទាំងអស់ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ហើយការនាំចូលគ្រឿងឧបភោគ បរិភោគ គឺជាបច្ច័យមួយបើកឱកាសឲ្យអ្នកដែលក្លែងបន្លំ អ្នកដែលឆ្លៀតឱកាសយកចំណេញពីការនាំចូល ប្រើប្រាស់វិធីទុច្ចរិត ដើម្បីក្លែងបន្លំម៉ាកសញ្ញា ក្លែងបន្លំផលិតផល ឬក៏នាំចូលផលិតផលក្រោមស្តង់ដារ ក្រោមគុណភាព ឬក៏ហួសការបរិច្ឆេទប្រើប្រាស់។ ហើយជីវភាពប្រចាំថ្ងៃជួបប្រទនៅផលិតផលអស់ទាំងនោះ។

NKD-36x6_outline

លោកបានបន្តថា ដោយសារការប្រើប្រាស់ផលិតដើម្បីទ្រទ្រង់ជីវភាព គឺមានច្រើនមុខ ច្រើនសណ្ឋាននេះហើយ ធ្វើឲ្យឱកាសនៃការថ្លែងបន្លំ ការប្រើប្រាស់វិធីទុច្ចរិត ដើម្បីយកចំណេញនោះវារិតតែច្រើន។ ហើយបញ្ហានេះ មិនមែនមានតែប្រទេសកម្ពុជាទេ ដែលប្រឈមដែលជួបប្រទះ។ តាមការស្រាវជ្រាវនានារបស់អង្គការអន្តរជាតិ និងប្រទេសផ្សេងៗ គឺរកឃើញថា ការធ្វើចរាចរផលិតផលក្លែងក្លាយក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ បានកើនឡើងដល់ទៅ ១ម៉ឺនភាគរយ។ ហើយផលិតផលក្លែងក្លាយកើតមានស្ទើរគ្រប់វិស័យទាំងអស់ នៅក្នុងម្ហូបអាហារ ភេសជ្ជៈ គ្រឿងអេឡឡិចត្រូនិក សម្លៀកបំពាក់ …។ល។

ជាចុងបញ្ចប់ លោកនាយឧត្តមសេនីយ៍បណ្ឌិត បានថ្លៃងកោតសរសើរ និងផ្តល់តម្លៃខ្ពស់ចំពោះបទបាឋកថារបស់ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នាថ្ងៃនេះ ពិតជាបានផ្តល់នូវខ្លឹមសារដ៏មានសារៈប្រយោជន៍សម្រាប់គ្រូនគរបាលជាតិ និងនិស្សិត សិក្ខាកាមនគរបាលទាំងអស់ក្នុងការទទួលបាននូវបទពិសោធន៍ល្អៗ និងចំណេះដឹងថ្មីៗមួយផ្នែកទៀត៕ ស តារា