ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន ថា តំណាងរាស្ត្របក្សប្រឆាំងធ្វើឲ្យប្រជាពលរដ្ឋខកបំណង

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើក ឡើងថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត យ៉ាងខ្លាំង ខណៈដែលក្រុមអ្នកតំណាងរាស្ត្រទាំងនោះបានប្រព្រឹត្តខុសហើយខុស ទៀត ជាពិសេសពួកគេបានក្បត់ពាក្យ សម្បថរបស់ខ្លួនចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជទាំង២ គណៈព្រមទាំងព្រះស្វេតច្ឆត្រផងនោះ ។

លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាមកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៧ថា ប្រជាជនកម្ពុជាបានសម្តែង ឆន្ទៈរបស់ខ្លួនតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដើម្បីជ្រើសរើសតាំងតំណាងរាស្ត្រឲ្យធ្វើការបម្រើរាស្ត្រ។ ប៉ុន្តែតំណាងរាស្ត្រមកពីគណបក្សប្រឆាំងបានធ្វើឲ្យរាស្ត្រខកបំណងយ៉ាងខ្លាំងដោយសារបណ្តាអស់លោក លោកស្រីទាំងនោះក្បត់ពាក្យសម្បថរបស់ខ្លួនចំពោះព្រះភក្ត្រព្រះមហាក្សត្រ និងសម្តេចព្រះសង្ឃរាជ ទាំង២គណៈព្រមទាំងព្រះស្វេតច្ឆត្រ ។

លោក សុខ ឥសាន បានបន្តទៀតថា រាស្រ្តផ្តល់ឆន្ទៈជូនហើយម្តេចឡើយមិនគោរព និងអនុវត្តតាមឆន្ទៈរាស្ត្របែរយក ឆន្ទៈរាស្ត្រទៅទ្រាប់អង្គុយមិនអើពើប្រព្រឹត្តតែអំពើផ្ទុយពីឆន្ទៈរាស្ត្រ អុកឡុកការរីក ចម្រើនរបស់ប្រទេសជាតិយកឆន្ទៈរាស្ត្រទៅបោះចោល ស្រវាឱបឧបាយកលទុច្ចរិត របស់បរទេសចង់ដាក់ប្រទេសជាតិឲ្យនៅក្រោមអាណានិគមរបស់បរទេសបំផ្លាញសេចក្តីសុខរបស់ប្រជាជន តើអាចឲ្យប្រជា ជនទទួលយកបានឬទេ? មិនអាចជាដាច់ ខាត ។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានបន្តទៀតថា «រាជរដ្ឋាភិបាលដែលជាតំណាងអំណាចរបស់ប្រជាជនចាំបាច់ត្រូវចាត់វិធានការផ្លូវច្បាប់ដើម្បីការពារ សន្តិ ភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខសុវត្ថិភាពជូនប្រជាជន។ ដល់ចាត់ការតាម ផ្លូវច្បាប់បែរជាចោទថា រាជរដ្ឋាភិបាលថា ឆក់ប្លន់ឆន្ទៈប្រជាជនទៅវិញ។ បើធ្វើតាមច្បាប់ហើយនៅតែថាឆក់ប្លន់ទៀតនោះតើចង់ឲ្យធ្វើបែបណាវិញ?» ។

NKD-36x6_outline

ទាក់ទងនឹងគណបក្សជំទាស់នេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងនៅក្នុងពិធីពិធីផ្សព្វផ្សាយសភាពការណ៍ វិវត្តន៍ថ្មីៗវិស័យសន្តិសុខការពារជាតិកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នៅទីស្តីការ ក្រសួងការពារជាតិដោយមាននាយឧត្តមសេនីយ៍ និងឧត្តមសេនីយ៍គ្រប់អង្គភាព ទាំងអស់ចំណុះឲ្យក្រសួងការពារជាតិ និងអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានលើកឡើងថា ក្រុមគណបក្សប្រឆាំងត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យរហូត ដល់ទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន៥៥កៅអីតែក្រុមតំណាងរាស្ត្រទាំងនោះពុំដែលបានធ្វើអ្វីជូនដល់ជាតិ និងប្រជាជននោះឡើយក្រៅពីពហិការមិនចូលប្រជុំក្នុងរដ្ឋសភានោះ ។

តែយ៉ាងណាក៏ដោយសម្តេចពិជ័យ សេនាបានលើកឡើងថា កងទ័ពមិនអនុញ្ញាត ឲ្យបុគ្គលណាដែលស្តាប់តាមបរទេសហើយ ចង់មកបំផ្លិចបំផ្លាញសន្តិភាពនៅប្រទេសកម្ពុជានោះឡើយ ហើយថាកងទ័ពហ៊ានត្រៀមកម្ចាត់ចោលជានិច្ចចំពោះបុគ្គលទាំង នោះ ហើយកងទ័ពក៏មិនរាថយដែរ ខណៈ ហ៊ានចាប់មេបក្សប្រឆាំងហើយនោះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បាន លើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ នឹងរលាយគ្មានសល់នាពេលខាងមុខនេះ ហើយកាលណាគណបក្សនេះរលាយ មេ ឃុំ និងចៅសង្កាត់របស់គណបក្សនេះក៏ នឹងមិនសល់ដែរ ៕ ហេង សូរិយា