ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង

ក្រោយដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅកាន់ប្រទេសចិនជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដោយជោគជ័យមកបង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅពេលនេះប្រធានាធិបតីចិន ក៏បានបំពេញតាមការអញ្ជើញរបស់មេដឹកនាំ គីម ជុងអ៊ុន ដោយឡើងគម្រោងទៅទស្សនកិច្ចនៅកូរ៉េខាងជើងមុនជំនួបពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង។

ប្រភពពីមន្ត្រីរដ្ឋាភិបាលចិនបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងរៀបចំពេលវេលាសមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ជាលើកដំបូងគិតចាប់តាំងពីលោក បានឡើងកាន់តំណែងជាប្រមុខដឹកនាំបក្សកុម្មុយនីស្តចិន កាលពីខែវិច្ឆិកា ឆ្នាំ២០១២ ។

គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន និងភរិយា ព្រមទាំងគណៈប្រតិភូកូរ៉េខាងជើង បានទៅបំពេញទស្សនកិច្ច ៤ថ្ងៃនៅប្រទេសចិន ដោយក្នុងនោះមាន២ថ្ងៃ គឺនៅឯទីក្រុងប៉េកាំង ក្រោមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីអំឡុងចុងខែមីនាកន្លងទៅ។

ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានជួបពិភាក្សាជាមួយ លោក ស៊ី ជីនពីង អំពីទំនាក់ទំនងដ៏យូរអង្វែង នៃសម្ពន្ធមិត្តទាំងពីរនេះ ហើយលោក គីម ក៏បានបញ្ជាក់ជាថ្មីផងដែរ អំពីការប្តេជ្ញារបស់លោក ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។

ចំពោះជំនួបកំពូលស្ងាត់ៗនាពេលនោះ បានកើតមានឡើង ស្របពេលដែលលោក គីម ជុងអ៊ុន មានគម្រោងជំនួបជាមួយមេដឹកនាំកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់ លោក គីម ត្រូវបានគេមើលឃើញថា មានគោលដៅដើម្បីផ្សះផ្សាទំនាក់ទំនងជាមួយចិន ដែលជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតលេខ ១ និងជាអ្នកផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដ៏សំខាន់បំផុតរបស់ខ្លួន តែបានចូលរួមជាមួយអន្តរជាតិអនុវត្តទណ្ឌកម្ម ដែលបានដាក់ទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ដោយសារចិនរងសម្ពាធពីអន្តរជាតិខ្លាំងពេក។

សម្រាប់ទីក្រុងប៉េកាំងវិញ ជំនួបនេះក៏ហាក់ដូចជាបានផ្តល់ឱកាស ក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកសម្របសម្រួល ក្នុងការដោះស្រាយកម្មវិធី នុយក្លេអ៊ែរ-មីស៊ីល របស់កូរ៉េខាងជើងផងដែរ។ នៅឯទីក្រុងប៉េកាំង លោក គីម បានប្រាប់លោក ស៊ី ជីនពីង ថា ស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងតែចាប់ផ្តើម ឆ្ពោះទៅរកភាពប្រសើរឡើងហើយ ដោយសារតែខ្លួនបានងាកទៅដើរលើផ្លូវ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបានស្នើឲ្យមានកិច្ចចរចាសន្តិភាព៕ ម៉ែវ សាធី