ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ីណូ ប្រឡូកចូលក្នុងជំនួញដីធ្លី មិនចាញ់ លោកព្រាប សុវត្ថិ និងលោកខេមរៈ សិរីមន្ត ឡើយ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតសាន់ដេ លោក អ៊ីណូ បានប្រកាសចេញមុខកាន់តែខ្លាំង លើមុខជំនួញដីធ្លី ដែលកំពុងតែមានការពុះកញ្ជ្រោលខ្លាំង ។ ការប្រកាសចេញមុខនេះ ធ្វើឡើងក្រោយពីសិល្បករ ពិសេសតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងលោកព្រាប សុវត្ថិបញ្ចេញគម្រោងតម្លៃរាប់លានដុល្លារអាមេរិកនៅក្នុងមុខជំនួញដីធ្លីនោះ ។

ការប្រកាសនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមការចូលរួមពីសំណាក់សិល្បករ និងដៃគូមុខជំនួញជាច្រើនរូប ។ លោក អ៊ីណូ បញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តចូលប្រឡូកក្នុងជំនួញដីធ្លីនេះ ព្រោះតែវាគឺជាមុខជំនួញដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈដែលតម្រូវការខ្ពស់ ប្រជាពលរដ្ឋកាន់តែច្រើន គួបផ្សំនឹងឱកាសផង ផ្សំនឹងមានជំនឿចិត្តនឹងម្ចាស់គម្រោងផង ទើបលោកសម្រេចថា ចេញរកស៊ីផ្នែកនេះជាលើកដំបូង។

ជាមួយគ្នានេះ លោកក៏ចេញមុខបកស្រាយដែរថា ជំនួញដីធ្លីនេះ គឺលោកជាម្ចាស់ភាគហ៊ុនផ្ទាល់ មិនមែន គ្រាន់តែជាការឈរឈ្មោះឲ្យគេដូចការលើកឡើងកន្លងមកនោះទេ។ តារារូបនេះបញ្ជាក់ថា គម្រោងដីឡូតិ៍របស់លោកមានឈ្មោះថា គម្រោងដីឡូតិ៍”អ៊ីណូ-សីហា” ដែលស្ថិតនៅតំបន់ភ្នំបាសិត ដែលជិតផ្លូវ៥១ ជិតគ្នានឹងគម្រោងដីឡូតិ៍លោក ព្រាប សុវត្ថិ ជាប្រភេទដីល្អ ខ្ពស់មិនលិចទឹក ត្រូវបានបើកដំណើរលក់ចាប់ពីថ្ងៃនេះតទៅហើយ ។

លោកថាដីឡូតិ៍នេះស្ថិតក្នុងទំហំវិនិយោគរាប់សិបម៉ឺនដុល្លារអាមេរិក ដែលនឹងផ្ដល់ឲ្យបងប្អូនប្រជាពលរដ្ឋនូវការវិនិយោគប្រកបដោយ ទំនុកចិត្តបំផុត ។ នេះមិនមែនជាលើកទី១ ដែលលោកបានហក់ចូលមកក្នុងទីផ្សារអចលនទ្រព្យ ពោលគឺកាលពីប៉ុន្មានឆ្នាំមុនលោកក៏ធ្លាប់សហការលក់ផ្ទះល្វែងជាមួយសាច់ញាតិម្នាក់ដែរ ។

យ៉ាងណានេះ ជាការវិនិយោគពុះដីឡូតិ៍លក់លើកដំបូងរបស់លោក ក្រោយពីមើលឃើញថា ទីផ្សារផ្នែកនេះកំពុងមានតម្រូវការ និងកំពុងដំណើរការល្អ ។

លោក សីហា ដែលជាដៃគូគម្រោងវិនិយោគថ្មីនេះបានមានប្រសាសន៍ថា លោកពិតជាមានសេចក្ដីសោមនស្សរីករាយ ចំពោះសមិទ្ធផលនៅថ្ងៃនេះ ក្រោមការចូលរួមរបស់ម្ចាស់ភាគហ៊ុនទាំងអស់ ។

លោកថ្លែងថា លោកចង់អរគុណដល់ម្ចាស់ភាគហ៊ុនទាំងអស់ មានលោក អ៊ីណូ និងម្ចាស់ភាគហ៊ុនផ្សេងទៀត ដែលបានមកចូលរួមជាមួយគ្នាធ្វើកិច្ចការនេះ ដែលធ្វើឲ្យទុនវិនិយោគរបស់យើងកាន់តែមានទំហំធំ។ លទ្ធភាពនេះ ពិតណាស់យើងមានគម្រោងធំៗបន្ទាប់ពីនេះច្រើនទៀត ។

លោកបញ្ជក់ថា កន្លងមកបានលក់បញ្ចប់គម្រោងចំនួន៨រួចមកហើយ មុនបន្តចាប់ដៃជាមួយតារាចម្រៀង អ៊ីណូ និងម្ចាស់ភាគហ៊ុនសំខាន់ៗ វិនិយោគគម្រោងទី៩នៅថ្ងៃនេះ ។ លោកថា ចំពោះកិច្ចការជាមួយតារាចម្រៀងសាន់ដេ ម្ចាស់គម្រោងដដែល បញ្ជាក់ថា នេះជាផែនការពង្រីកទីផ្សារ ៕ វឌ្ឍនា