ព័ត៌មានទាន់ហេតុការណ៍៖

លោក Guardiola ដឹកនាំមេឃខៀវ Man City លើកពានជាលើកទី១របស់ខ្លួន

ក្រុមមេឃខៀវ Manchester City បានឈ្នះពានជាលើកទី១ របស់ពួកគេក្រោមការដឹកនាំរបស់លោក Pep Guardiola ខណៈដែលកីឡាករ ៣នាក់ក្នុងចំណោមកីឡាករជើងចាស់របស់ពួកគេសុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីក្នុង ពេលប្រកួតឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ៣-០ នាកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ។

កីឡាករ Sergio Aguero ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន, ខ្សែការពារ Vincent Kompany និងខ្សែបម្រើ David Silva សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទីលើក្រុមកាំភ្លើងធំ Arsenal។

គ្រូបង្វឹកក្រុមមេឃខៀវលោក Guardiola បាននិយាយថា «វាពិតជាសំខាន់ណាស់! យើងពិតជារីករាយ និងសូមអបអរយ៉ាងធំធេងដល់រាល់កីឡាកររបស់ក្រុម Man City និងអ្នកគាំទ្ររបស់យើង។ ពាននេះសម្រាប់ Manchester City មិនមែនសម្រាប់ខ្ញុំឡើយ។ នៅតង់ទី១ យើងលេងមិនបានល្អឡើយ។ យើងបានធ្វើឲ្យមានកំហុសជាច្រើន។ ក្នុងតង់ទី២ យើងបានលេងជាមួយនឹងការលើកទឹកចិត្តច្រើនជាង ហើយយើងបានបង្ហាញពីទម្រង់លេងយ៉ាងល្អ»។

សម្រាប់ពានរង្វាន់អង់គ្លេស League Cup នេះក្រុមខ្លាំង Man City បាបឈ្នះជាលើកទី៥ហើយ ខណៈដែលក្រុមហង្សក្រហម Liverpool បានឈ្នះពានមួយនេះច្រើនជាងគេគឺ៦លើក។ សម្រាប់ក្រុមមេឃខៀវ Man City គឺជាការឆ្លើយតបដ៏កក់ក្តៅមួយ ពីសំណាក់ក្រុមកកំពុងនាំមុខលើតារាងក្របខ័ណ្ឌអង់គ្លេស Premier League ក្រោយពីការប្រជែងដើម្បីឈ្នះពាន៤ ក្នុងរដូវកាលតែមួយរបស់ពួក គេបានបញ្ចប់ដ៏មិននឹកស្មានដល់តាមរយៈការធ្លាក់ចេញពីពាន FA Cup ក្រោមស្នាដៃក្រុមស្ថិតក្នុងអង់គ្លេស League One គឺក្រុម Wigan កាលពីថ្ងៃចន្ទកន្លងទៅ។ ក្រុម មេឃខៀវនៅតែមានឱកាសច្រើនក្នុងការប្រជែងយកពានអង់គ្លេស Premier League ព្រោះ បច្ចុប្បន្នមានពិន្ទុដាច់ច្រើនលើក្រុមលេខ២បិសាចក្រហម ៕ ដេវីត