ព័ត៌មានទាន់ហេតុការណ៍៖

លំនៅឋានពលរដ្ឋ២៦ខ្នងរងការខូចខាតដោយគ្រោះធម្មជាតិនៅក្រុងសំរោង

ខេត្តឧត្តរមានជ័យ៖ ភ្លៀងកក់ខែមួយមេធំ លាយឡំដោយមានខ្យល់កន្ទ្រាក់បក់បោកយ៉ាងខ្លាំង មកលើលំនៅឋានពលរដ្ឋបណ្តាលឱ្យខូចខាត២៦ខ្នង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។ ហេតុការណ៍នេះ បានកើតឡើងលើភូមិ២ គឺភូមិពោធិវង្ស និងភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋអ្នកភូមិបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគាត់បានសង្កេតឃើញមេឃឡើងពពកខ្មៅ បានបន្តិចក្រោយមក ក៏មានទឹកភ្លៀងធ្លាក់ ពេលនោះ ក៏មានខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង មកលើលំនៅឋានពលរដ្ឋបណ្តាលឱ្យខូចខាតជាច្រើនខ្នង ។

ក្រុមអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលរដ្ឋានបានឱ្យដឹងថា ក្រោយពីកើតហេតុដោយគ្រោះធម្មជាតិបំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋ បានចុះទៅត្រួតពិនិត្យឃើញថា លំនៅឋានដួលរលំរងការខូចខាតទាំងស្រុងចំនួន៧ខ្នងផ្ទះ និងរងការខូចខាតប៉ើងដំបូលចំនួន១៩ខ្នង រួមទាំងសាលារៀនមួយខ្នងផងដែរ ។

NKD-36x6_outline

ក្រុមអាជ្ញាធរមូលរដ្ឋានដដែលបានបញ្ជាក់ឲ្យដឹងថា ពលរដ្ឋដែលទទួលរងការខូចខាតដោយកើតមានគ្រោះធម្មជាតិបំផ្លាញនេះ អាជ្ញាធរបានដកស្រង់ចំនួន ហើយធ្វើរបាយការណ៍នេះទៅដល់ក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្គ្រោះនូវសំភារះប្រើប្រាស់ និងស្បៀងអាហារជាបឋមសម្រាប់ដោះស្រាយបណ្តោះអាសន្ន ៕ ប៉ែន នួន

as (1) as (2) as (3) as (4)