ព័ត៌មានទាន់ហេតុការណ៍៖

ល្បួងក្មេងស្រីវ័យ១២ឆ្នាំចេញពីផ្ទះបាត់២ថ្ងៃឪពុកម្តាយរកឃើញប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន តែក្មេងស្រីមិនទាន់ដឹងនៅទីណា

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានបុរសជាឪពុករបស់ក្មេងស្រីរងគ្រោះចាប់ក្របួច ជាប់ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវដើម្បីសួរនាំពាក់ព័ន្ធករណីល្បួងកូនស្រីគាត់ជាអនីតិជនមានវ័យទើបតែ១២ឆ្នាំទៅបាត់រយៈពេល២ថ្ងៃ ហើយ មកដល់រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៦ នៅរកពុំទាន់ឃើញនៅឡើយទេ ជាហេតុនាំឲ្យក្រុមគ្រួសារទាំងមូលមាន ការព្រួយបារម្ភយ៉ាងខ្លាំង ។

បុរសជាឪពុកក្មេងស្រីរងគ្រោះបាន រៀបរាប់ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់ គាត់មានឈ្មោះ ប.ព.ស មានអាយុទើបតែ ១២ឆ្នាំប៉ុណ្ណោះ និងជាសិស្សរៀននៅសាលា ឯកជនសុវណ្ណភូមិ ស្នាក់នៅផ្ទះលេខ ៤៦៧A ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុពោលគឺនៅថ្ងៃទី៥ ខែសីហាកន្លងទៅជនសង្ស័យបានបបួលកូនស្រីរបស់គាត់ទៅរកទិញសម្លៀកបំពាក់នៅម្ដុំផ្សារសាំហាន់ហើយក៏នាំគ្នាមកផ្ទះវិញ។ លុះមកដល់ថ្ងៃទី៦ ខែសីហា ពេល រសៀលជនសង្ស័យបានល្បួងនាំកូនស្រី របស់គាត់ម្តងទៀតដោយនាំគ្នាជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CM-1561 ចេញពីផ្ទះបាត់រហូតទើបរូបគាត់សម្រេចជិះម៉ូតូស្វែងរករយៈពេល២ថ្ងៃមកហើយ។ លុះ មកដល់យប់ថ្ងៃទី៨ ខែសីហាក៏បានប្រទះឃើញជនត្រូវសង្ស័យនៅចំណុចគ្លីនិក មួយកន្លែងខាងជើងវត្តសំពៅមាស សង្កាត់ បឹងព្រលិត ខណ្ឌ៧មករា តែមិនបានឃើញ កូនស្រីរបស់គាត់ឡើយទើបគាត់សម្រេចឃាត់នាំខ្លួនយុវជននោះយកមកប្រគល់ ឲ្យនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីបន្តសួរនាំស្វែងរកកូនស្រីរបស់គាត់ដែលបានបាត់ខ្លួននោះ ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែបានឲ្យ ដឹងថា បន្ទាប់ពីឃាត់ខ្លួនសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានល្បួងនាំក្មេងស្រីរងគ្រោះចេញពីផ្ទះដោយទៅ នៅជាមួយគ្នារយៈពេល២ថ្ងៃប្រាកដមែន។ នៅរយៈពេល២ថ្ងៃមកនេះក្មេងស្រីរងគ្រោះ បានសុំរូបគេដើម្បីចេញទៅមើលផ្ទះមួយភ្លែតទើបត្រឡប់មកវិញស្រាប់តែបាត់រហូត មិនឃើញត្រឡប់មកវិញឡើយ ។

មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែបាន បញ្ជាក់ថា ជនសង្ស័យមានឈ្មោះរស់ សុរិន អាយុ២៥ឆ្នាំ មានមុខរបរ និងស្នាក់នៅមិន ពិតប្រាកដ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការសាលាដំបូងរាជធានី ភ្នំពេញចាត់ការតាមច្បាប់ ។ ដោយឡែក ឪពុកក្មេងស្រីរងគ្រោះរួមទាំងក្រុមគ្រួសារបាននិងកំពុងស្វះស្វែងរិះរកកូនស្រីរបស់ ខ្លួនដែលបានបាត់ដំណឹងមិនដឹងទៅទីណានោះព្រមទាំងពឹងឲ្យសមត្ថកិច្ចជួយតាមស្វែងរកផងដែរ ៕ អរុណរះ

damsi