ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងភ្នាល់​បាល់​ និង​កត់​កន្ទុយលេខ​ ដុះ​ស្លែ​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ សមត្ថកិច្ច​មូលដ្ឋាន​មើល​រំលង​

​ភ្នំពេញ​ ៖​ អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ហាក់​ពុំ​ទាន់​អនុវត្ដ​ចំពោះ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​លើ​ការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ រួម​ទាំង​ល្បែងស៊ីសង​ផង​ដែរ​ នៅ​ក្នុង​មូលដ្ឋាន​សមត្ថកិច្ច​ខ្លួន​កាន់កាប់​ ។​

​ប្រជាពលរដ្ឋ​បាន​ លើក​ឡើង​បែប​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​ឃើញ​ល្បែងភ្នាល់​បាល់​និង​កត់​កន្ទុយលេខ​ខុសច្បាប់​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​ផ្លូវ​លេខ​២៧១​ ផ្ទះ​លេខ​ ៤៧៤A​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ។​

​សាក្សី​ដែល​ធ្លាប់​ចូល​លេង​បាន​បញ្ជាក់​ថា​ ក្នុង​នោះ​មានការ​លេង​ភ្នាល់​បាល់​ និង​កត់​កន្ទុយលេខ​
​ ជាទី​តាំង​ដ៏​ធំ​ ដែល​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ។​

​ពាក់ព័ន្ធ​ករណី​នេះ​ នគរវត្ដ​មិន​អាច​ទាក់ទង​ម្ចាស់​ទីតាំង​បាន​ទេ​ ។​ តែ​លោក​ ផ​ន​ អូន​ នាយ​ប៉ុស្តិ៍​ទំនប់​ទឹកបាន​អោយ​ដឹង​ថា​ លោក​មិន​បាន​ពី​រឿង​នេះ​ទេ​ ចាំ​លោក​ចុះ​ទៅ​មើល​ ។​

​ប៉ុន្ដែ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​និយាយ​ថា​ ទីតាំង​ភ្នាល់​បាល់​និង​កត់​កន្ទុយលេខ​នេះ​បាន​បើក​ជា​យូរ​ឆ្នាំ​មក​ហើយ​ ពុំដែល​ឃើញ​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​ទេ​ មាន​តែ​ចុះ​មក​ដើម្បី​រក​ប្រយោជន៍​ប៉ុណ្ណោះ​ ។​

​ប្រជាពលរដ្ឋ​បន្ដ​ទៀត​ថា​ ល្បែងស៊ីសង​នៅ​ទី​នេះ​អាច​ជា​ការ​ លាក់បាំង​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​ សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ទំនប់​ទឹក​ បិទ​បាំង​ដើម្បី​លាភសក្ការៈ​ ហើយ​មិន​ឱ្យ​ថ្នាក់លើ​ដឹង​ ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ ដែល​កំពុង​មាន​វិធានការ​លុប​បំបាត់​ល្បែងស៊ីសង​ តូច​ ធំ​ នៅ​ក្នុង​មូលដ្ឋាន​ ៕​ ស​ រស្មី​

JJ