ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារគ្រាប់បែកអត្តឃាតនៅអាហ្វហ្គានីស្ថានស្លាប់ និងរបួសជិត២០នាក់

មន្ត្រីនៅក្នុងតំបន់និយាយថា យ៉ាងតិចមនុស្ស៨នាក់បានស្លាប់ និង១០នាក់ផ្សេងទៀត​រងរបួស ក្រោយការវាយប្រហារ​គ្រាប់បែកអត្តឃាតមួយបានកើតឡើង​លើរយន្តដង្ហែក្បួងយុទ្ធនាការឃោសនាបោះឆ្នោត​មួយ​ស្ថិតនៅខេត្ត Helmand ភាគខាងត្បូង​អាហ្វហ្គានីស្ថាន​កាលពីថ្ងៃអង្គារ ។

លោក Omar Zwak អ្នកនាំពាក្យ​បាន​ថ្លែងថ្លា គ្រាប់បែកបានផ្ទុះ​នៅវេលាម៉ោង២និង៥០នាទីរសៀល ស្ថិតនៅខាងក្រៅអគារការិយាល័យ​បេក្ខជនតំណាងរាស្ត្រ​ ពេលដែលពិធីជួបជុំគ្នាកំពុងប្រព្រឹត្តទៅ ។

លោក Saleh Mohammad Achikzai បានរងរបួសស្រាលនៅក្នុងហេតុការណ៍នេះផងដែរ ។ លោក Achikzai ជាបុគ្គលដែលរំពឹងថា នឹងជួបឆ្នោតធ្វើជាប្រធានាធិបតីប្រទេសអាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យ Omar បានបន្ថែមថា ការស៊ើបអង្កេតពាក់ព័ន្ធឧបទ្ទវហេតុនេះ បាននិងកំពុងដំណើរការ ហើយព័ត៌មានលម្អិតនឹងត្រូវចេញផ្សាយនៅពេលក្រោយ ។ លោកបានបន្ថែមថា ជនរងគ្រោះបាត់បង់ជីវិតទំនងជាកើនឡើង។

ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ដោយកងកម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះ ។

អំពើហិង្សា​ត្រូវគេមើលឃើញថា បានកើនឡើងនៅក្នុងប្រទេសនេះ ខណៈដែលកងកម្លាំងសន្តិសុខ​​ពុះពារយ៉ាងខ្លាំងប្រឆាំងជាមួយការវាយប្រហារដោយពួកឧទ្ទាម ហើយស្របពេលដែលប្រទេសនេះរៀបចំបោះឆ្នោតសភា និងបោះឆ្នោតឃុំ សង្កាត់ ដែលគ្រោងនៅចុងខែនេះ ។

បោះឆ្នោតនៅថ្ងៃទី២០ ខែតុលា អ្នកបោះឆ្នោតជិត៩លាននាក់បានចុះឈ្មោះ ក្នុងនោះ៣លាននាក់ គឺជាស្ត្រី ក្នុងចំណោមប្រជាពលរដ្ឋ១២លាននាក់ដែលពេញសិទ្ធិចុះឈ្មោះបោះឆ្នោត ។

ការបោះឆ្នោតនេះនឹងជ្រើសរើសសមាជិកសភាជាន់ទាបចំនួន២៤៩កៅអី នៃសភាដែលមានអាណត្តិ៥ឆ្នាំម្តង ។ ការបោះឆ្នោតនេះ​ក៏ប្រព្រឹត្តទៅដើម្បីជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ផងដែរ ។

ទាក់ទងការវាយប្រហារគ្រាប់បែកនេះ គឺមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ៕