ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារដោយកាំបិតនៅលើរថយន្តក្រុងនៅអាល្លឺម៉ង់របួស១៤នាក់

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ យ៉ាងហោចណាស់ក៏មានមនុស្ស១៤នាក់ រងរបួស ក្នុងនោះមានពីរនាក់រងរបួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់ ដោយសារតែការវាយប្រហារដោយកាំបិតនៅលើរថយន្តក្រុង ក្នុងទីក្រុង Luebeck រដ្ឋ Schleswing Holstein ភាគខាងជើងប្រទេសអាល្លឺម៉ង់។

ជនដៃដល់វ័យប្រមាណ៣០ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួននៅរសៀលថ្ងៃទី២០ ខែកក្កដា។ នៅពេលនេះ ប៉ូលិសមិនទាន់បញ្ជាក់ពីមូលហេតុបណ្តាលឲ្យមានការ វាយប្រហារខាងលើនៅឡើយទេ។

ក្នុងពេលជាមួយគ្នានេះដែរប្រព័ន្ធផ្សព្វផ្សាយថា រថយន្តក្រុងបានដឹកអ្នកដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រ Travemuende ដែលមានភាពល្បីល្បាញបំផុតនៅក្នុង ប្រទេសនេះ ហើយនៅពេលកំពុងតែធ្វើ ដំណើរ ស្រាប់តែបុរសម្នាក់បានដកកាំបិតកាប់ទៅលើអ្នកធ្វើដំណើរតែម្តង។ អ្នក បើកបរក៏បានឈប់រថយន្តបើកទ្វារឲ្យអ្នកដំណើររត់ចេញក្រៅ។

ប៉ូលិសដែលយាមល្បាតនៅក្បែរនោះក៏បានទៅកាន់កន្លែងកើតហេតុភ្លាមៗ រួចក៏បានហៅប៉ូលិសផ្សេងទៀតមកជួយធ្វើអន្តរាគមន៍ចាប់ជនដៃដល់។

លោក Lothar H សាក្សីនៅកន្លែងកើត ហេតុ បានឲ្យដឹងថា«អ្នកដំណើរបានរត់ ចេញពីរថយន្ត ហើយស្រែកឲ្យគេជួយ។ ពិតជារឿងគួរឲ្យរន្ធត់ណាស់ជនដៃដល់ប្រើប្រាស់កាំបិតបុ័ងតោ»។

អ្នកនាំពាក្យស្នងការប៉ូលិសលោក Duerbrook បានឲ្យដឹងថាការវាយប្រហារខាងលើកើតឡើងនៅក្នុងស្រុក Kuecknitz មានចម្ងាយពីទីក្រុង Bamburg ប្រមាណ ៦០គីឡូម៉ែត្រ។ កម្លាំងប៉ូលិសបានបញ្ជូនទៅកាន់កន្លែងកើតហេតុនិងបិទតំបន់នោះដើម្បីបើកការស្រាវជ្រាវ។ នៅពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់នោះឡើយ គឺមានតែអ្នករងរបួសប៉ុណ្ណោះ។ កម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវ ថាតើមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម ដែរឬទេ?៕ ម៉ែវ សាធី