ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធាអ៊ីរ៉ង់ស្លាប់២៤នាក់ របួស៦០នាក់

មានករណីបាញ់ប្រហារនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធានៅទីក្រុង Ahvaz ស្ថិតនៅក្នុងខេត្ត Khuzestan ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ បណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់ និង៦០នាក់រងរបួស ។

លោកAbolfazlShekarchiអ្នកនាំពាក្យកម្លាំងទាហាន អ៊ីរ៉ង់បានបញ្ជាក់ថា ជនដៃដល់ដែលបានវាយប្រហារនោះ គឺឆ្លងកាត់ការហ្វឹកហាត់នៅក្នុងប្រទេសអារ៉ាប ដោយមានទំនាក់ទំនង ជាមួយអាមេរិក និងអីស្រាអែល ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានផ្សាយថា ជនវាយប្រហារភេរវកម្ម គឺបានឆ្លងកាត់ការហ្វឹកហាត់នៅក្នុងប្រទេសសាឌីអារ៉ាប៊ី និងជាប់ពាក់ព័ន្ធជាមួយក្រុម ចារកិច្ចអ៊ីស្រាអែល។ កម្លាំងទាហានអ៊ីរ៉ង់ បានប្រកាសថា នឹងសងសឹក ទៅលើការវាយប្រហារខាងលើ។

ពិធីដង្ហែក្បួនព្យុហយាត្រាយោធាត្រូវផ្អាក់ក្រោយពេលជនប្រដាប់អាវុធ៤នាក់ បាញ់ប្រហារទៅលើ វេទិកា ដែលមានមន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់កំពុងតែតាមដានការដង្ហែក្បួនយោធា។

នេះជាការវាយប្រហារទ្រង់ទ្រាយធំបំផុត ទៅលើកម្លាំងទាហានអ៊ីរ៉ង់ ។ ក្នុងចំណោមអ្នកស្លាប់២៤នាក់ មានអ្នកសារព័ត៌ម្នាក់ ព្រមទាំងស្ត្រី និងកុមារ ។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារតែមានអ្នករបួសធ្ងន់ជាច្រើនកំពុងសង្គ្រោះបន្ទាន់៕ ម៉ែវ សាធី