ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារភេរវកម្មដោយកាំបិតនៅបារាំងរបួសពីរនាក់

ស្រ្តីម្នាក់ បានស្រែកខ្លាំងនូវពាក្យថា «Allahu Akbar» (ព្រះAllah ដ៏អស្ចារ្យ) រួចវាយប្រហារដោយប្រើកាំបិតនៅក្នុងផ្សារទំនើប បណ្តាលឲ្យមនុស្ស២នាក់រងរបួស។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងផ្សារទំនើប La Seyne Surmer ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង ប្រទេសបារាំង ។

ជនដៃដល់ស្លៀកពាក់អាវខោពណ៌ខ្មៅ ពាក់ស្បៃមុខ តាមបែបអិស្លាម ត្រូវបានបុគ្គលិកផ្សារទំនើប ចាប់ខ្លួនរួមបញ្ជូនទៅឲ្យប៉ូលិស ។

បណ្តាញផ្សព្វផ្សាយ Europe 1 បានដកស្រង់សម្តីរដ្ឋអាជ្ញា Toulon mernard Marchal បញ្ជាក់ថា អតិថិជនអាយុ៦០ឆ្នាំនៅផ្សារទំនើបរងរបួស ត្រង់ដើមទ្រូង ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែក ស្ត្រីជាបុគ្គលិកទូទាត់ប្រាក់ឥវាន់រងរបួសស្រាល ។

សារព័ត៌មាន AFP បានផ្សាយថា តាមសាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា ស្ត្រីដៃដល់បានស្រែក ពាក្យថា Allahu Akbar ពេលវាយប្រហារ។ ពាក្យនេះ តែងតែត្រូវបានក្រុមភេរវកម្ម IS ស្រែករាល់ពេលវាយប្រហារភេរវកម្ម ។ ក្រុមរដ្ឋអាជ្ញា បញ្ជាក់ថា ជនដៃដល់ខាងលើអាចមានបញ្ហាសរសៃប្រសាទ ប៉ុន្តែ ប៉ូលិសបានសន្និដ្ឋានថា អាចជាប់ពាក់ព័ន្ធនឹងកម្មភាពប៉ុនប៉ងវាយប្រហារភេរវកម្ម ។

ជនដៃដល់កើតនៅលើទឹកដីបារាំង ឆ្នាំ១៩៩៤ ហើយមិនធ្លាប់មាន បទល្មើស ឬក៏សកម្មភាពណាមួយបង្កឲ្យមានការមន្ទិលសង្ស័យនោះឡើយ ។ ក្រុមជំនាញប្រឆាំងភេរវកម្ម បានត្រួតពិនិត្យប្រវត្តិរូប ខ្លាចមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម IS ។

ហេតុការណ៍ខាងលើ កើតឡើងក្នុងពេលដែលបារាំង បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្រោយមានការវាយប្រហារភេរវកម្មជាច្រើនកើតឡើង នៅក្នុងប្រទេសនេះ រយៈពេល៣ឆ្នាំកន្លងមក បានសម្លាប់មនុស្ស ជាង ២០០នាក់ ។ កាលពីខែឧសភាកន្លងមក ក៏មានការវាយប្រហារដោយកាំបិត បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នៅទីក្រុងប៉ារីសផងដែរ ៕ ម៉ែវ សាធី