ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថាៈ គ្រឿងញៀន និងគុកស្រុកខ្មែរ

ការរកស៊ីជួញដូរគ្រឿងញៀន ជាមួយនឹងអ្នករស់នៅក្នុងគុក ហាក់ដូចជាធូរស្រាលសម្បើមខ្លាំងណាស់ ។ អ្នកមានទោសកំពុងនៅក្នុងពន្ធនាគារ ក៏អាចបញ្ជាឲ្យមានការរកស៊ី ឬចរាចរណ៍គ្រឿងញៀននៅក្រៅពន្ធនាគារបានដែរ ។ អាចនិយាយបានថា ពន្ធនាគារជាទីបញ្ជាការធំសម្រាប់ជំនួញគ្រឿងញៀន ។ មិនតែប៉ុណ្ណោះ មេក្លោងជួញដូរគ្រឿង ដែលបញ្ជាចេញពីពន្ធនាគារ មានសុវត្ថិភាពល្អប្រសើរទៀតផង ។ យូរៗម្តង សមត្ថកិច្ចជំនាញចាប់បាន ក្រុមធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន ដែលមានមេក្លោងបញ្ជាចេញពីពន្ធនាគារ ។

ជាថ្មីម្តងទៀត ករណីគ្រឿងញៀន១៤គីឡូក្រាម ដែលសមត្ថកិច្ចក្រសួងមហាផ្ទៃបង្ក្រាបបាន ត្រូវគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធជាមួយទណ្ឌិតជនជាតិចិន ដែលកំពុងនៅក្នុងពន្ធនាគារព្រៃស ។ ចំណុចនេះ គួរតែមានការស៊ើបអង្កេតឲ្យច្បាស់លាស់ដែរឬយ៉ាងណា? វាជារឿងដដែលៗ ដែលទណ្ឌិតជាជនបរទេសធ្វើសកម្មភាពនៅក្នុងពន្ធនាគារ ក្នុងការបញ្ជាឲ្យមានការជួញដូរនិងចែកចាយគ្រឿងញៀន ។ ការបញ្ជាប្រកបទៅដោយល្បិចកលរបស់ពួកទណ្ឌិត ដែលកំពុងនៅក្នុងពន្ធនាគារ ត្រូវសមត្ថកិច្ចជំនាញមើលឃើញថា ប្រកបដោយល្បិចកលខ្ពស់ ហើយទទួលបានជោគជ័យច្រើនដង ។ ទម្រាំសមត្ថកិច្ចបង្ក្រាបបានម្តង ពួកគេទទួលបានជោគជ័យក្នុងការជួញដូរ ឬចរាចរណ៍គ្រឿងញៀនយ៉ាងហោចណាស់បីបួនដង ។

ក្រៅពីការបញ្ជាចេញពីពន្ធនាគារ នៅក្នុងបណ្តាពន្ធនាគារនោះទៀតសោត ក៏មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែរ ដូច្នេះមានន័យថា នៅក្នុងពន្ធនាគារជាទីដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន។ ថ្មីៗនេះ នៅក្នុងពន្ធនាគារ ប៉េហ្ស៊ី នៃស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចចាប់បាន អ្នកប្រើប្រាស់គ្រឿងញៀន ។ នៅឯពន្ធនាគារខេត្តកណ្តាល នាគ្រាកន្លងទៅ សមត្ថកិច្ចចាប់បានក្រុមអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។ នៅពន្ធនាគារខេត្តត្បូងឃ្មុំ ក៏មានការបង្ក្រាបទៅលើទណ្ឌិត ដែលប្រើប្រាស់គ្រឿងញៀននោះដែរ ។ មិនមែនតែបណ្តាពន្ធនាគារប៉ុន្មាននេះទេ ដែលមានការប្រើប្រាស់ និងចរាចរណ៍គ្រឿងញៀននោះ ។ នៅក្នុងពន្ធនាគារដទៃទៀត ក៏មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែរ គ្រាន់តែថា ព័ត៌មានស្តីពីការចាប់បានទណ្ឌិតប្រើប្រាស់គ្រឿងញៀនមួយចំនួនមិនត្រូវបានទម្លាយឲ្យដឹង ។

ករណីគុក និងការជួញដូរ, ប្រើប្រាស់ ចរាចរណ៍គ្រឿងញៀន ទីលានដ្ឋានបញ្ជា…មិនមែនទើបតែកើតមាននៅពេលនេះទេ ពោលគឺវាបានកើតឡើងច្រើនករណីមកហើយ ។ ប៉ុន្តែមន្ត្រីពន្ធនាគារ ដែលជាអ្នកទទួលខុសត្រូវធំបំផុត មិនត្រូវបានដាក់ទោសនោះឡើយ ។ ជារឿយៗ មានតែមន្ត្រីតូចតាច ដែលបម្រើការជាអនុរក្សពន្ធនាគារ ត្រូវបានទទួលទោស ឬពិន័យ ។ បន្តក្រោយមក ក៏កើតមានករណីដដែលនេះ នៅក្នុងពន្ធនាគារដដែល ។ មានន័យថា បន្ទាប់ពីការដាក់ទោសទណ្ឌទៅលើមន្ត្រីពន្ធនាគារណាម្នាក់ ពាក់ព័ន្ធករណីជួញដូរ ឬប្រើប្រាស់គ្រឿងញៀន រួចហើយករណីនៃការប្រើប្រាស់ ឬជួញដូរ ឬបញ្ជាចេញពីពន្ធនាគារ កើតមានជាដដែល ។ ហេតុអ្វីអាជ្ញាធរមានសមត្ថកិច្ចមិនបញ្ឈប់សកម្មភាព នៃការជួញដូរ ឬប្រើប្រាស់គ្រឿងញៀនទាំងស្រុង នៅក្នុងពន្ធនាគារឲ្យមានប្រសិទ្ធភាព?

រឿងដដែលៗនេះ វាជាបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿទុកចិត្តលើស្ថាប័នមួយនេះ ។ ពន្ធនាគារជាកន្លែងកែប្រែមនុស្ស ប៉ុន្តែវាមិនយ៉ាងដូច្នោះឡើយ ។ គេតែងតែនិយាយថា ក្រុមចោរលួចចោរប្លន់ដែលធ្វើសកម្មភាពរួចហើយជាប់ពន្ធនាគារ ពេលចេញពីគុកមកវិញ នៅតែធ្វើសកម្មភាពដដែល។ ភាគច្រើនគឺយ៉ាងដូច្នេះ នៃចំនួនឧក្រិដ្ឋជនដែលប្រព្រឹត្តល្មើស ឬហិង្សា ក៏ដូចជាការជួញដូរគ្រឿងញៀន នៅពេលដែលចេញពីពន្ធនាគារមកវិញ មិនមានការប្រែប្រួល ឬកែប្រែសកម្មភាពរបស់ខ្លួនឡើយ ។

អ្វីដែលបាននិងកំពុងកើតមាននៅក្នុងពន្ធនាគារ ស្ទើរគ្រប់ទីកន្លែង វាជាការកសាងនូវបទល្មើស ដែលសមត្ថកិច្ចត្រូវធ្វើការឲ្យមានប្រសិទ្ធភាព ។ ពួកអ្នកបញ្ជាចេញពីក្នុងពន្ធនាគារឲ្យមានការជួញដូរគ្រឿងញៀន បានចំណាយទុនធំខ្លាំងណាស់ ហើយក៏មានការរៀបចំខ្ពស់ដែរ ។ គេមិនអាចនិយាយថា មិនដឹងអំពីសកម្មភាព និងទង្វើរបស់ពួកឧក្រិដ្ឋជន ឬទណ្ឌិតធ្វើសកម្មភាពចេញពីក្នុងពន្ធនាគារនោះបានឡើយ ។ ប៉ុន្តែពួកគេអាចទទួលបានផលប្រយោជន៍ពីឧក្រិដ្ឋជនទាំងនោះ ក្នុងការអនុញ្ញាតឲ្យពួកឧក្រិដ្ឋជនប្រើប្រាស់ទូរស័ព្ទ ឬបណ្តាញព័ត៌មានផ្សេងទៀត ។

និយាយរួមទៅកម្សោយនៃការគ្រប់គ្រង គឺជាមូលហេតុចម្បង ដែលពួកឧក្រិដ្ឋជនអាចបញ្ជាឲ្យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទាំងនៅក្នុងពន្ធនាគារ ឬក្រៅពន្ធនាគារ ។ ពិតជាមិនអាចលេងសើចបានទេ ដែលទណ្ឌិតជាជនបរទេស អាចបញ្ជាឲ្យមានការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំរហូតដល់១៤គីឡូក្រាមនោះ ៕ នួន នរិន្ទ្រន៍