ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា៖ ក្នុងសុបិនមានការយល់សប្តិ!

ទណ្ឌិត សម រង្ស៊ី បានប្រកាសថា មានតែខ្លួនម្នាក់គត់ដែលសក្តិសមជាបេក្ខជន សម្រាប់តំណែងនាយករដ្ឋមន្ត្រី និងមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន។

តើហេតុអ្វីបានជា សម រង្ស៊ី អះអាងយ៉ាងដូច្នេះ?

១-សម រង្ស៊ី បានអះអាងជាសាធារណៈកាលពីទី១៣ ខែមិថុនា ឆ្នាំ២០១៧ តាម រយៈវិទ្យុអាស៊ីសេរីថា លោកនឹងធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ។ តើ សម រង្ស៊ី មានតួនាទីអ្វីនៅក្នុងបក្សព្រះអាទិត្យ? តាមផ្លូវច្បាប់កុំថាឡើយ សម រង្ស៊ី មិនមែនប្រធានបក្ស សូម្បីសមាជិក បក្សក៏មិនមែនដែរ។ ចុះលោក កឹម សុខា ដែលជាប្រធានបក្សពេញច្បាប់ តើធ្វើជាអី្វ ទៅវិញទៅ? ឬមួយក៏ថា កឹម សុខា មិនមានតម្លៃអ្វីទាំងអស់ក្នុងក្រសែភ្នែករបស់ សម រង្ស៊ី ឬ សម រង្ស៊ី កំពុងដើរតួឯកខុសសាច់រឿង?

២-ការបោះឆ្នោតឆ្នាំ២០១៧បង្ហាញច្បាស់ថា បក្សព្រះអាទិត្យក្រោមការដឹកនាំរបស់ កឹម សុខា ហាក់ដូចមិនត្រូវការវត្តមាន សម រង្ស៊ី នោះទេ។ បក្សព្រះអាទិត្យបានចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៧នេះដោយគ្មានវត្តមាន សម រង្ស៊ី ហើយថែមទាំងបាន ប្រកាសអំពីជោគជ័យទៀតផង។ ចុះចាំបាច់អី សម រង្ស៊ី ត្រូវមកធ្វើជាបេក្ខជននាយក រដ្ឋមន្រ្តីក្នុងការបោះឆ្នោតឆ្នាំ២០១៨? ចុះកឹម សុខា មិនចេះធ្វើការមិនចេះដឹកនាំទេអី? គេនៅចាំបានថា ក្រោយ សម រង្ស៊ី បានលាលែងតំណែងពីប្រធានបក្ស កញ្ញា កឹម មនោវិទ្យាកូនស្រីសំណព្វចិត្តមេបក្សថ្មីបាននិយាយតាម Twitterថា បក្សព្រះអាទិត្យ មានសំណាងក្នុងការបង្ហាញថា យើងជាបក្សដែលផ្អែកលើគោលគំនិតមិនមែនពឹង ផ្អែកលើបុគ្គលឡើយ។ ចុះឥឡូវម៉េចវិញ? សម រង្ស៊ី ដែលបាត់តំណែងពីបក្សទៅហើយ នៅតែបន្តជាតួឯក លូកដៃគ្រប់គ្រង និងចាត់ចែងការងារបក្សដដែលក្នុងឋានៈជាមេ បក្សមែនទែន។ មានន័យថា មានអំណាចធំជាង កឹម សុខា ដែលគ្រាន់តែជាមេបក្ស លេងៗប៉ុណ្ណោះ ។

៣-បើមើលឱ្យជ្រៅការណ៍ដែល សម រង្ស៊ី ចង់វិលត្រឡប់មកវិញ គឺដើម្បីធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីដែលជាក្តីសុបិន និងមហិច្ឆតាអំណាចផ្ទាល់ខ្លួនប៉ុណ្ណោះហើយ ច្បាស់ណាស់គឺមិនមែនដើម្បីបុព្វហេតុសង្គ្រោះជាតិអីនោះទេ ព្រោះ ទី១-នគរនេះ រាស្រ្តរស់នៅក្នុងសន្តិភាព គ្មានសង្រ្គាម ដូចនេះជាតិគ្មានអ្វីត្រូវសង្គ្រោះនោះទេ, ទី២-សម រង្ស៊ី ចង់បង្ហាញថា គាត់ជាប្រធានបក្សមែនទែនដែលត្រូវឡើងធ្វើជាបេក្ខជន នាយករដ្ឋមន្រ្តីមិនមែនជា កឹម សុខា ដែលគ្រាន់តែជាមេបក្សលេងៗប៉ុណ្ណោះ, ទី៣-សម រង្ស៊ី ខ្លាចរាស្រ្តបំភ្លេចតួអង្គរបស់គាត់ជាមេដឹកនាំមែនទែនដែលចាត់ចែងការងារជាក់ស្តែងនៃបក្សព្រះអាទិត្យ, ទី៤-ខ្លាច កឹម សុខា ដណ្តើមយកតំណែងមែនទែនជា ប្រធានបក្ស ព្រោះតាមពិត សម រង្ស៊ី គ្រាន់តែឱ្យ កឹម សុខា ធ្វើមេបក្សលេងៗប៉ុណ្ណោះ និងទី៥-សម រង្ស៊ី ចង់សាកល្បងលមើលជាមួយ កឹម សុខា តើមានប្រតិកម្មដូចម្តេច ចំពោះការប្រកាសរបស់គាត់ក្នុងការធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យ?

NKD-36x6_outline

៤-សម រង្ស៊ី គិតថា ខ្លួនជាអ្នកឆ្លាត ប៉ុន្តែភ្លេចគិតថានៅលើមេឃមានមេឃ។ កឹម សុខា បានរៀបចំផែនការយ៉ាងល្អិតល្អន់តាំងពីពេលទម្លាក់លោក សម រង្ស៊ី ពីតំណែង មេបក្សព្រះអាទិត្យតាមរយៈការបញ្ចុះបញ្ចូលឲ្យ សម រង្ស៊ី លាលែងតំណែងដោយ ស្ម័គ្រចិត្ត និងឡើងធ្វើប្រធានបក្សដោយខ្លួនឯង។ កឹម សុខា ដឹងច្បាស់ណាស់ពីចំណុច ខ្សោយរបស់ សម រង្ស៊ី គឺក្តីសុបិនទាំងយប់ទាំងថ្ងៃចង់ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី។ ឱ្យតែកឹម សុខា សន្យាឱ្យ សម រង្ស៊ី ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីអ្វីក៏សម រង្ស៊ី សុខចិត្ត លះបង់ដែរដោយរួមទាំងតំណែងប្រធានបក្សរបស់ខ្លួន។ កឹម សុខា គឺជា សឺុម៉ាអុីយ៉ាង ពិតប្រាកដ ។

បក្សីចាំក្រុងធ្លាប់បានសរសេរអត្ថបទទាក់ទងនឹងយុទ្ធសាស្រ្តរបស់ កឹម សុខា ក្នុងការក្តោបក្តាប់អំណាចក្នុងបក្សព្រះអាទិត្យតាំងពីពេល សម រង្ស៊ី លាលែងពីតំណែង ប្រធានបក្ស។ កឹម សុខា ដែលក្នុងក្រសែភ្នែករបស់ សម រង្ស៊ី គឺជាមេបក្សលេងៗអាច ប្រើយុទ្ធសាស្រ្តប្រើខ្មោចឱ្យកិនម្សៅបាន។ កឹម សុខា អាចប្រាប់ ដោយវិធីយ៉ាងត្រជាក់ ថា សម រង្ស៊ី គឺជាបេក្ខភាពនាយករដ្ឋមន្រ្តីដើម្បីបន្តប្រើ សម រង្ស៊ី ឱ្យជួយធ្វើនយោបាយ និងទាញការគាំទ្រលើបក្សព្រះអាទិត្យដោយប្រើប្រជាប្រិយភាព សម រង្ស៊ី។

វិធីឃោសនាសាមញ្ញៗដូចជាបើចង់ឱ្យ សម រង្ស៊ី ចូលស្រុកវិញ សុំបោះឆ្នោតឱ្យបក្ស ព្រះអាទិត្យ ឬអាចបញ្ចុះបញ្ចូលម្តងទៀតឲ្យ សម រង្ស៊ី ចូលស្រុក ហើយជាប់គុកដើម្បី ឃោសនាថា ចង់ឱ្យសម រង្ស៊ី ចេញពីគុកត្រូវបោះឆ្នោតឱ្យបក្សព្រះអាទិត្យជាដើម។ល។ ប៉ុន្តែនៅទីបំផុតបើដោយចៃដន្យបក្សព្រះអាទិត្យឈ្នះឆ្នោតនោះ តើនរណានឹងក្លាយ ជានាយករដ្ឋមន្រ្តី? ប្រាកដជា កឹម សុខា។

ក្នុងសេណារីយោនេះ កឹម សុខា នឹងប្រាប់តំណាងរាស្រ្តទាំងអស់ថា សម រង្ស៊ី

កំពុងមានទោសជាប់ខ្លួនដែលតាមផ្លូវច្បាប់ មិនមានឈ្មោះជាបេក្ខជនតំណារាស្រ្តឡើយ។ ដូច្នេះ សម រង្ស៊ី ដែលជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលឃោសនាបោះឆ្នោត មិនអាចឡើងធ្វើនាយករដ្ឋមន្រ្តីឡើយតាមផ្លូវច្បាប់។ សម រង្ស៊ី ចាំច្បាស់ណាស់អំពីនីតិ វិធីនេះនៅក្នុងឆ្នាំ២០១៣។ នៅពេលនោះ សម រង្ស៊ី អាចចូលសភា គឺក្រោយពេលរាជរដ្ឋាភិបាលត្រូវបានបង្កើត ហើយត្រូវឱ្យ គួយ ប៊ុនរឿន លាលែងពីតំណាងរាស្រ្ត ដើម្បី អាចចូលជំនួស គួយ ប៊ុនរឿន បាន ។

ក្នុងបច្ចេកទេសនីតិវិធីច្បាប់ដូចនេះហើយបើចៃដន្យឈ្នះមែន គឺ កឹម សុខា អាច លួងឱ្យក្រុម សម រង្ស៊ី បោះឆ្នោតគាំទ្រគាត់ធ្វើជានាយករដ្ឋមន្រ្តីសិន ក្នុងហេតុផលថា ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងទោសឲ្យ សម រង្ស៊ី មកធ្វើនាយករដ្ឋមន្រ្តី ប៉ុន្តែក្រោយពេលបានធ្វើជានាយករដ្ឋមន្រ្តីហើយ តើនរណាអាចទម្លាក់គាត់បាន? មិនអាចទេ ព្រោះកម្លាំងរបស់គាត់មានច្រើននៅរដ្ឋសភា ហើយ កឹម សុខា អាចចាប់ដៃជាមួយបក្សផ្សេងទៀតនៅរដ្ឋសភាដើម្បីបង្កើតរដ្ឋាភិបាល ឬការពាររដ្ឋាភិបាលរបស់ គាត់ក្នុងករណីគាត់បែកបាក់ជាមួយ សម រង្ស៊ី។ ប៉ុន្តែទាំងនេះ គ្រាន់តែជាសេណារីយោ ដ៏រវើរវាយតាមបែបចៅចាក់ស្មុកប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលច្បាស់លាស់ជាងគេ នៅ ទីបំផុតសុបិនរបស់ សម រង្ស៊ី ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តីនៅតែជាសុបិន ហើយ សម រង្ស៊ី ត្រូវរស់ក្នុងការយល់សប្តិក្នុងសុបិននេះជារៀងរហូត ៕ បក្សីចាំក្រុង