ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា៖ ខួប៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

logo

គិតមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ គឺខួប៨ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ នេះជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់បំផុត សម្រាប់ប្រជាជាតិខ្មែរ ដែលមិនអាចបំភ្លេចបាន ។ បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈ ដែលមានចម្រូងចម្រាស់ជាមួយភាគីថៃយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែមានមោទនភាព ដែលប្រាសាទព្រះវិហារត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ការរំឭកខួប នេះ គឺដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយឲ្យស្នេហាជាតិ សាមគ្គីជាតិ និងបានដឹងអំពីប្រវត្តិនៃការបញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

ការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាគំនិតផ្តួចផ្តើមដោយផ្ទាល់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០០១ ហើយផែនការ និងសកម្មភាពចេះតែបានធ្វើឡើងជាបន្តបន្ទាប់ ជាមួយនឹងការតស៊ូយ៉ាងស្វិតស្វាញជាមួយភាគីថៃច្រើនលើក ច្រើនសា ទើបប្រាសាទព្រះវិហារចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ។ វាជាព្រឹត្តិការណ៍ដ៍អស្ចារ្យមួយដែលប្រជាជាតិខ្មែរមិនអាចបំភ្លេចបាន ។ ភាគីថៃម្តងហើយ ម្តងទៀតបានព្យាយាមបង្កជម្លោះ និងរារាំងកម្ពុជាក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ទីបំផុត ក្រោយការចុះបញ្ជីបានតែមួយសប្តាហ៍ កងទ័ពថៃបានចូលឈ្លានពានបូរណភាពទឹកដីកម្ពុជានៅព្រំដែនប្រាសាទព្រះវិហារ ដែលធ្វើឲ្យទំនាក់ទំនងថៃ កម្ពុជា ធ្លាក់ចុះជាបន្តបន្ទាប់ ។

ស្ថានភាពនៃការរំលោភបំពាននេះ ញាំងឲ្យមានការប្រឈមរវាងកងទ័ពប្រទេសទាំងពីរបានអូសបន្លាយចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ រហូតមក ។ មានការផ្ទុះអាវុធដាក់គ្នាជាច្រើនដងរហូតដល់ភាគីកងទ័ពថៃបានបាញ់ប្រហារលើប្រាសាទព្រះវិហារ និងភូមិផ្សារ របស់ប្រជាពលរដ្ឋកម្ពុជានៅជណ្តើរឡើងប្រាសាទព្រះវិហារទៀតផង ។ ស្ថានភាពតានតឹងនៅគ្រានោះ មិនត្រឹមតែតំបន់ប្រាសាទព្រះវិហារប៉ុណ្ណោះទេ ប៉ុន្តែបានរាលដាលដល់កន្លែងផ្សេងទៀត ដូចជាប្រាសាទតាក្របី, ប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ ។ ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់ឆ្នាំ២០១៦នេះ ស្ថានភាពប្រឈមផ្នែកប្រដាប់អាវុធត្រូវបានកាត់បន្ថយទាំងស្រុង លើកលែងតែការបើកច្រកព្រំដែនចំណុចជណ្តើរ ប្រាសាទព្រះវិហារ ក្នុងទឹកដីថៃមិនទាន់ដំណើរការ ។

ប្រាសាទព្រះវិហារស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ដែលស្ថិតនៅលើខ្នងភ្នំដងរែក ។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងមានជម្រាលបែរទៅខាងប្រទេសថៃ ។ ប្រសាទនេះមានចម្ងាយ៤០៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ សព្វថ្ងៃ ប្រជាពលរដ្ឋនៅតំបន់នោះប្រកបរបររកស៊ីជាធម្មតាជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនយ៉ាងហ្មឹងម៉ាត់ ។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦២ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងឡាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្តី រវាងវិវាទកម្ពុជា-ថៃ លើប្រាសាទព្រះវិហារ ។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ អង្គការយូណេស្កូបានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា ។

ការសម្រេចរបស់អង្គការយូណេស្កូ ក្នុងការដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែដឹងយ៉ាងច្បាស់ថា ប្រាសាទនេះស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា ដោយយោងទៅលើសាលក្រមកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលថា កម្ពុជាត្រូវមានអធិបតេយ្យភាពលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារនេះ ត្រូវលាតសន្ធឹងទៅខាងជើងរហូតដល់ខ្សែបន្ទាត់ព្រំដែន ដែលមាននៅលើផែនទីឧបសម្ព័ន្ធទី១ ហើយទៅខាងជើង ឈៀងខាងលិច ទៅដល់ជើងភ្នំទ្រព្យ ។ បើទោះជាយ៉ាងនេះក្តី ភាគីថៃម្តងហើយម្តងទៀត នៅតែព្យាយាមប្រើកម្លាំងបាយ ក្នុងការដណ្តើមយកប្រាសាទព្រះវិហារពីប្រជាជាតិខ្មែរ ។ យ៉ាងណាក៏ដោយ រយៈពេល៨ឆ្នាំហើយ ដែលភាគីថៃមិនអាចបំពេញមហិច្ឆតារបស់ខ្លួនបាន ។

មកដល់ពេលនេះ គឺ៨ឆ្នាំហើយ ដែលកម្ពុជាបានជោគជ័យដ៏ត្រចះត្រចង់ និងមានមោទនភាពជាតិ ក្នុងការដាក់បញ្ចូល ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ មោទនភាពនៃការឯកភាពជាតិរបស់កម្ពុជា នៅពេលនេះ គឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាអ្នកដឹកនាំ ។ បើគ្មានការដឹកនាំនេះទេ គឺកម្ពុជានឹងត្រូវប្រឈមតទល់រឿងរ៉ាវក្តីក្តំាជាមួយភាគីថៃ គ្មានថ្ងៃបញ្ចប់នោះឡើយ ។ វេលានេះ ភាគីថៃគួរទទួលស្គាល់ការពិត ដែលជាសច្ចភាពប្រវត្តិសាស្ត្រ ហើយងាកមករួមគ្នាជាមួយកម្ពុជាក្នុងការអភិវឌ្ឍន៍ព្រំដែនជាមួយគ្នាឲ្យរីកចម្រើន ៕ នួន នរិន្ទ្រន៍

DSC_0474