ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា៖ រាស្ត្រជ្រើសយកបក្សដែលមានបេក្ខជនល្អ និងកម្មវិធីនយោបាយការពារសន្តិភាព និងការអភិវឌ្ឍ

រយៈពេលជាង១៣ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះប្រជារាស្ត្រទូទាំងនគរបានមើលឃើញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សនយោបាយតែមួយគត់ដែលបានដើរតួនាទីសំខាន់នៅ កម្ពុជាមានធនធានមនុស្ស កម្មវិធីនយោបាយល្អ និងមានភាពជាក់ស្តែងក្នុងការអភិវឌ្ឍ ឃុំ-សង្កាត់ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគាត់ពិតៗ ។

កម្មវិធីនយោបាយទាំង១៣ «ខ» របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍ ឃុំ-សង្កាត់បានក្តោបរួមទាំងអស់ទៅលើកម្មវិធីនយោបាយរបស់គណបក្សដទៃទោះបី ជាបក្សទាំងនោះខិតខំបង្ហាញ ឬព្យាយាមក្នុងការឃោសនាបោកប្រាស់ទម្លាក់កញ្ចប់ លុយប៉ុន្មានក៏រាស្ត្រភាគច្រើនមិនជឿឡើយ ព្រោះបទពិសោធន៍នាពេលកន្លងទៅសន្យា ជាមួយរាស្ត្រដើម្បីតែសន្លឹកឆ្នោតតែលទ្ធផលសូន្យឈឹង ។

ចំណែកបេក្ខជនឈរឈ្មោះជាមេឃុំ-ចៅសង្កាត់របស់គណបក្សប្រជាជនកម្ពុជា ឈានមុខគេលើគណបក្សដទៃទៀតគឺមានបុគ្គលិកលក្ខណៈ គុណសម្បត្តិល្អ មាន សមត្ថភាព បទពិសោធន៍ពេញលេញ និងមានក្រមសីលធម៌ល្អជាថ្នាក់ដឹកនាំមូលដ្ឋាន។ ពួកគាត់ជាអ្នកមូលដ្ឋាន និងបានយល់ច្បាស់ពីបងប្អូនប្រជាពលរដ្ឋ ខណៈសកម្មជន បក្សខ្លះខ្វះសមត្ថភាពដឹកនាំ និងសីលធម៌ក្នុងការរស់នៅមិនគួរឱ្យគោរព ប្រព្រឹត្តរឿងស្រីស្រាល្បែងពាលាអាវាសែជាដើម។ តើឱ្យរាស្ត្រពឹងពាក់ផ្ញើវាសនាខ្លួនលើបុគ្គល ទាំងនេះម្តេចនឹងកើត?

ក្នុងរយៈពេលឃោសនាបោះឆ្នោតនេះរាស្រ្តម្ចាស់ឆ្នោតបានចោទសំណួរជុំវិញកម្ម វិធីនយោបាយបក្សមួយចំនួនដែលគ្មានការពិត ស្រមើស្រមៃ និងបង្កប់ទៅដោយការភូត កុហកថា ធ្វើម៉េចសូមខិតខំជួយតែបក្សខ្លួន និងសកម្មជនខ្លួនឯងឱ្យបានគ្រប់គ្រាន់ សិនទៅចាំដើរសន្យាឱ្យនេះឲ្យនោះគេ ព្រោះការសន្យាដាក់កញ្ចប់លុយមុននេះមិន ខុសពីសន្យាទិញសន្លឹកឆ្នោតរាស្ត្រជំពាក់សិននោះទេ ហើយប្រជាពលរដ្ឋក៏បានមើលឃើញច្បាស់ដែរថា តើនរណាជាអ្នកសង្គ្រោះជាតិ សង្គ្រោះប្រជាជន និងសង្គ្រោះអ្វីៗទាំងអស់ឱ្យរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះ? នរណាដែលចេះត្រឹមតែលួចយកសមិទ្ធផលដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាសម្រេចបានមកឃោសនា និងនរណាពិតប្រាកដដែលបានជួយដោះស្រាយបញ្ហារបស់រាស្ត្រ និងឃើញវត្តមាន នៅពេលដែលរាស្ត្ររងទុក្ខ ជួបបញ្ហា និងដឹងថានរណាជាអ្នកដែលបានត្រឹមតែដើរញុះញង់ រាស្ត្រ បញ្ឆេះកំហឹង ការស្អប់ខ្ពើមរើសអើងប្រឆាំងនឹងជាតិសាសន៍ បញ្ឆេះឱ្យមានកំហឹងវណ្ណៈក្នុងសង្គម និងជាអ្នកបង្កចលាចលក្នុងសង្គម? ហើយដឹងថានរណាជាអ្នកជេរ ប្រមាថខ្មែរគ្នាឯងនិងគំរាមកំហែងពិតប្រាកដចំពោះសន្តិភាពនិងការអភិវឌ្ឍរបស់ កម្ពុជា ។

រយៈពេលជាង១៣ថ្ងៃនៃការឃោសនាបោះឆ្នោតនេះក៏អាចផ្តល់ឱកាសឱ្យប្រជា ពលរដ្ឋខ្មែរយល់ច្បាស់ថា តើនរណាជាអ្នកការពារសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ និងនរណាដែលមិនខ្វល់នឹងការផ្ទុះសង្គ្រាមជាយថាហេតុឡើងដោយសារតែសម្តី ប្រមាថរបស់បក្សខ្លួននិងទង្វើរំលោភច្បាប់ និងការអនុវត្តប្រជាធិបតេយ្យជ្រុលហួស ហេតុកើតចេញជាអនាធិបតេយ្យ ។

រាស្ត្រភាគច្រើនក៏ដឹងច្បាស់ថា មេដឹកនាំនិងសមាជិកសមាជិកា ព្រមទាំងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាគឺទទួលបាននូវការគោរពស្រឡាញ់ និងគាំទ្រនៅគ្រប់ច្រក ល្ហកចុងកាត់មាត់ញកទូទាំងប្រទេសកម្ពុជា។ ការយកចិត្តទុកដាក់លើបងប្អូនប្រជា ពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជាមិនមែនធ្វើត្រឹមមួយភ្លើងចំបើងនៅក្នុងអំឡុង ពេលនៃការឃោសនាបោះឆ្នោតដូចបក្សប្រឆាំងនោះឡើយ ប៉ុន្តែបានធ្វើជាប្រចាំ ហើយមន្ត្រី និងសកម្មជនគណបក្សប្រជាជនកម្ពុជាបានរួមសុខរួមទុក្ខជាមួយប្រជាពល រដ្ឋ ព្រមទាំងបានឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋតាមតម្រូវការ។ ដូច្នេះ ហើយបានជាសមិទ្ធផលជាច្រើនដែលកំពុងឈរបង្អួតខ្លួននៅតាមភូមិស្រុកនានារួម មានវត្តអារាម សាលារៀន ផ្លូវថ្នល់ខ្វាត់ខ្វែង ជីវភាពគ្រួសារមានការរីកចម្រើនជាកិច្ច ខិតខំប្រឹងប្រែង និងជាផ្លែផ្កានៃការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណ បក្សប្រជាជនកម្ពុជា ។

រហូតមកទល់ពេលនេះគណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយធំជាងគេនៅកម្ពុជានិងជាទីទុកចិត្តរបស់ប្រជារាស្ត្រជាច្រើនអាណត្តិមកហើយក្នុងការដឹកនាំ ប្រទេស។ ទាំងបទពិសោធន៍ការងារក្នុងប្រទេស ការងារការទូត ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ការពង្រឹងគុណភាពអប់រំ ការទាក់ទាញវិនិយោគទុន បរទេសមកបណ្តាក់ទុននៅកម្ពុជា ការបង្កើនកំណើនការងារកាន់តែច្រើនឡើងសម្រាប់ប្រជាពលរដ្ឋ ការបង្កើនសេវាសុខុ មាលភាពប្រជាជន វិស័យការពារជាតិ សន្តិសុខ សុវត្ថិភាព គឺគណបក្សប្រជាជនកម្ពុជាមានបទពិសោធន៍ និងភាពចាស់ទុំគ្រប់គ្រាន់ដើម្បីបន្តដឹកនាំប្រទេស ។

ការជឿងប់ងុលទៅលើការឃោសនាបោកប្រាស់របស់បក្សប្រហោងក្នុងដូចជាបក្សប្រឆាំងនេះគ្រាន់តែជាការចាញ់បោកយល់សប្តិប៉ុណ្ណោះ ហើយការគិតថាបក្សប្រឆាំង មានធនធានមានភាពចាស់ទុំគឺជាការយល់ច្រឡំ ហើយដូចជាកាប់បំពង់រង់ចាំទឹក ភ្លៀង។ អ្នកដែលចង់ឱ្យមានការផ្លាស់ប្តូរមិនបានគិតថា អ្វីដែលគណបក្សប្រជាជន កម្ពុជាបាននិងកំពុងបំពេញដើម្បីបម្រើជាតិ និងមាតុភូមិគឺជាការផ្លាស់ប្តូរដ៏វិជ្ជមានមួយរួចស្រេចទៅហើយ ជាការផ្លាស់ប្តូរប្រកបដោយការទទួលខុសត្រូវនៅចំពោះមុខ ប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជា ។

សូមមេត្តាថ្លឹងថ្លែងរវាងគុណសម្បត្តិនឹងគុណវិបត្តិ និងរួមជាមួយគណបក្សប្រជា ជនកម្ពុជាដើម្បីបន្តបោះជំហានទៅមុខលើកិច្ចអភិវឌ្ឍជាមួយកម្មវិធីអភិវឌ្ឍន៍ឃុំ-សង្កាត់ល្អ និងបេក្ខជនមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាដែលមានសមត្ថភាពនិងគុណភាព ព្រមទាំងចូលរួមទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលដល់កម្ពុជាពីសំណាក់ ជនគតិមួយចំនួន។ យើងទាំងអស់គ្នាស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ ៕ ចៅចាក់ស្មុក