ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា៖ ល្បិចកិច្ចសន្ទនាសម្ងាត់រវាងសម្តេចតេជោ នឹងកឹម សុខា ទទួលជោគជ័យមួយជំហានទៀតហើយក្នុងការកម្ចាយ សម រង្ស៊ី

បើទោះបីមិនមានវត្តមានតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិក៏ដោយក៏ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ច្បាប់ស្តីពីគណបក្សនយោបាយដែលបានធ្វើ វិសោធនកម្មចំនួន៥មាត្រា ក្នុងគោលដៅចម្បងរារាំងទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬ មជ្ឈិមមិនឲ្យចូលរួមសកម្មភាពនយោបាយ និងទៅពាក់ព័ន្ធជាមួយគណបក្សនយោ បាយត្រូវបានតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា៦៦រូបលើកដៃគាំទ្រអនុម័ត រួចរាល់ហើយ រង់ចាំតែការឆ្លងដំណាក់កាលព្រឹទ្ធសភា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងព្រះហស្តលេខារបស់ព្រះមហាក្សត្រខ្មែរបន្ថែមទៀតច្បាប់នេះនឹងចូលជាធរមានហើយ ។

នៅពេលការធ្វើវិសោធនកម្មជាថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយនេះចូលជាធរមាន វាគឺជាជំហានជោគជ័យថ្មីមួយទៀតហើយ នៃយុទ្ធសាស្រ្តនយោបាយរបស់លោក កឹម សុខា ក្នុងការសុំដៃសម្តេចតេជោ សែន ប្រមុខគណបក្សកាន់អំណាចដើម្បីកម្ចាយលោក សម រង្ស៊ី អ្នកនយោបាយមានឈាមជ័រជាជនក្បត់ជាតិឲ្យឆ្ងាយពីគណបក្ស សង្គ្រោះជាតិនិងឆ្ងាយពីប្រទេសកម្ពុជាកុំឲ្យនាំគ្រោះសម្រាប់ជាតិនិងប្រជាជនដូច ឪពុករបស់ខ្លួនគឺលោក សម សារី ។

តើមានសេណារីយ៉ូអ្វីខ្លះបង្ហាញថា លោក កឹម សុខា សហការជាមួយសម្តេចតេជោ សែន ដែលធ្លាប់ជួយបង្កើតគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ២០០៧ឲ្យជួយកម្ចាយលោក សម រង្ស៊ី នោះ?

តោះទៅរំលឹករឿងរ៉ាវកាលពីឆ្នាំ២០១៦បន្តិច។ គេនៅចាំបានថា កាលពីឆ្នាំ២០១៦ កន្លងទៅ ព្រោះតែសំណុំរឿងចំណងស្នេហ៍ក្រៅសម្ព័ន្ធជាមួយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ លោក កឹម សុខា បានបង្ខំចិត្តបង្ខាំងខ្លួនឯងនៅក្នុងទីស្នាក់ការគណបក្ស សង្គ្រោះជាតិនៅចាក់អង្រែក្រោមអស់រយៈពេលប្រមាណជា៦ខែដើម្បីគេចចេញពីការតាមចាប់ខ្លួនពីសមត្ថកិច្ចតាមអំណាចដីការបស់តុលាការ ព្រោះតែមិនចូលបំភ្លឺជូន តុលាការ ។

ការបង្ខាំងខ្លួនរយៈពេលប្រមាណជា៦ខែក្នុងបន្ទប់ទីស្នាក់ការទំហំតែប៉ុន្មានម៉ែត្រ បានធ្វើឲ្យលោក កឹម សុខា ជួបវិបត្តិទាំងផ្លូវចិត្ត និងផ្លូវកាយ ជាពិសេសខានបាន ប្រឡោមស្នេហ៍ជាមួយបង្អែមជីវិតរបស់លោកហ្នឹងតែម្តង។ ប្រហែលព្រោះតែមិនអាចស៊ូនឹងគំនាបដួងចិត្តនិងដួងកាយនៅក្នុងបន្ទប់តែប៉ុន្មានម៉ែត្រនេះ ទើបធ្វើឲ្យលោក កឹម សុខា បង្ខំចិត្តស្វែងរកការចរចានយោបាយជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីមាន សេរីភាពឡើងវិញ ។

លោក កឹម សុខា ហាក់បានយល់ចិត្តថ្លើមសម្តេចតេជោ សែន រួចទៅហើយថា សម្តេចនឹងមានការអនុគ្រោះចំពោះខ្លួនដូចដែលធ្លាប់បានអនុគ្រោះពីអតីតកាលនោះ។ លោក កឹម សុខា ក៏នៅបានរៀបចំថ្នូរដ៏ធំមួយទៀតដើម្បីចរចាជាមួយសម្តេច តេជោ ហ៊ុន សែន ឲ្យខ្លួនមានសេរីភាព ។

តើថ្នូរនោះជាអ្វីទៅ? ថ្នូរនោះគឺការបញ្ចប់ជីវិតនយោបាយលោក សម រង្ស៊ី។ លោក កឹម សុខា និងបុរសខ្លាំងតេជោ សែន សុទ្ធតែមានអារម្មណ៍ទោមនស្សដូចគ្នាជាមួយ អ្នកនយោបាយជើងមិនជាប់ដីរូបនេះ ។

អំឡុងឆ្នាំ២០១៦នោះសម្តេចតេជោ ហ៊ុន សែន កំពុងតែមានកំហឹងយ៉ាងខ្លាំងជា មួយលោក សម រង្ស៊ី ដែលបានប្រមាថថា ភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនប្រុសច្បងគឺលោក ហ៊ុន ម៉ាណែត ជាភរិយា និងជាកូនរបស់មេដឹកនាំប្រទេសវៀតណាម។ ការប្រមាថរបស់លោក សម រង្ស៊ី ចំពោះភរិយា និងកូន របស់សម្តេចតេជោមកដល់ពេលនេះសម្តេចមិនទាន់រសាយកំហឹងនោះទេ ។

ដោយឡែកលោក កឹម សុខា ដែលកាលនោះមានតួនាទីជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិបើទោះបីជាបំណងក្នុងការកម្ចាយលោក សម រង្ស៊ី ចេញពីបក្សមិនពុះ កញ្ជ្រោលខ្លាំងក៏លោកត្រូវតែជ្រើសផ្លូវនេះដើរដែរដើម្បីជាថ្នូរនឹងសេរីភាពរបស់លោកឡើងវិញ។ ត្រង់ចំណុចនេះមានការសួរថា តើលោក កឹម សុខា មានបំណងកម្ចាយលោក សម រង្ស៊ី ដែរទេ? ចម្លើយយ៉ាងខ្លីគឺអ្នកនយោបាយគ្មានបេះដូងនោះឡើយពេល មានផលចំណេញគេនឹងត្របាក់ភ្លាម។ ដូច្នេះការកម្ចាយលោក សម រង្ស៊ី គឺមានតែផល ចំណេញសម្រាប់លោក កឹម សុខា រឿងអីដែលលោកមិនព្រមធ្វើនោះ ។

ផ្អែកលើទស្សនៈរួមនេះហើយទើបនាំឲ្យមានការសន្ទនាតាមទូរស័ព្ទដោយភាព ផ្អែមល្ហែម និងយល់ចិត្តគ្នាជាង២០នាទីមួយបានកើតមានឡើងរវាងសម្តេចតេជោ ហ៊ុន សែន នឹងលោក កឹម សុខា នារាត្រីដ៏សែនមនោរម្យថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៦។ ក្នុងសារសន្ទនាដែលគេទម្លាយនោះតេជោ សែន បានបង្ហាញការរៀបចំ ផែនការមួយចំនួនដើម្បីឲ្យលោក កឹម សុខា ដណ្តើមយកគណបក្សសង្គ្រោះជាតិមក គ្រប់គ្រងតែឯង។ នៅក្នុងកិច្ចសន្ទនាសម្ងាត់ដែលបែកធ្លាយនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំមិនបំផ្លាញសសង្គ្រោះជាតិចោលទេ តែខ្ញុំរកដៃគូនៅក្នុងសង្គ្រោះ ជាតិ ហើយខ្ញុំសម្លឹងឃើញថា ខាឯងអាចធ្វើការជាមួយខ្ញុំបាន។ ឥឡូវឱកាសមាន ហើយដែលខាឯងក្តាប់យកកម្លាំង» ។

NKD-36x6_outline

ក្រោយកិច្ចសន្ទនាដ៏ផ្អែមល្អែមនោះរួចមកសម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា បានចាប់ផ្តើមដើរតាមយុទ្ធសាស្រ្តជាច្រើនជំហានឈានទៅសម្រេចគោលដៅ រួមក្នុងការកម្ចាយលោក សម រង្ស៊ី។ យុទ្ធសាស្រ្តនោះរួមមាន៖

១-លោក កឹម សុខា ត្រូវបានបើកផ្លូវឲ្យចេញពីទីស្នាក់ការគណបក្សជាលើកដំបូងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីឃុំខ្លួនឯងអស់ជាង៦ខែនៅស្នាក់ការ បក្ស។ នៅព្រឹកថ្ងៃនោះលោក កឹម សុខា ដែលពេលនោះនៅជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានចេញទៅកាន់ការិយាល័យចុះឈ្មោះបោះឆ្នោតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

២-លុះដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរបានចេញព្រះរាជក្រឹត្យព្រះរាជទានលើកលែងទោសដល់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ។

៣-ក្រោយពីទទួលព្រះរាជទានលើកលែងទោសនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបើកការជួបជជែកដោយចំហជាមួយលោក កឹម សុខា នៅវិមានរដ្ឋសភាក្រោមការយកព័ត៌មានជាច្រើនពីក្រុមអ្នកកាសែតជាតិ និងអន្តរ ជាតិ។ កាយវិការនេះជាការបង្ហាញយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុន សែន កំពុង ផ្តល់អានុភាពទៅឲ្យលោក កឹម សុខា ជាដៃគូថ្មីក្នុងកិច្ចពិភាក្សានយោបាយជំនួសលោក សម រង្ស៊ី ។

៤-សម្តេចតេជោ ហ៊ុន សែន បានប្រកាសធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយដោយមិនឲ្យទណ្ឌិតធ្វើជាប្រធានគណបក្សកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នៅក្នុងកិច្ចប្រជុំសភា ។

៥-ក្រោយច្បាប់ស្តីពីគណបក្សនយោបាយថ្មីចូលជាធរមាននៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៧ បានបង្ខំឲ្យលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានគណបក្សសង្គ្រោះ ជាតិនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏ធ្វើឲ្យលោក កឹម សុខា ដែលកាន់តំណែង ប្រធានស្តីទីជាង១ឆ្នាំបានឡើងកាន់តំណែងប្រធានគណបក្សសង្គ្រោះជាតិជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅក្នុង សមាជវិសាមញ្ញរបស់បក្ស ។

ការដណ្តើមបានតំណែងប្រធានគណបក្សសង្គ្រោះជាតិហាក់មិនបានធ្វើឲ្យលោក កឹម សុខា ស្កប់ស្កល់នោះទេ។ មិនស្កប់ស្កល់ដោយសារតែលោក សម រង្ស៊ី នៅតែប្រើ អំណាចស្រមោលរបស់លោកដើម្បីគ្រប់គ្រងគណបក្សសង្គ្រោះជាតិ និងអ្នកស្ម័គ្រ ស្មោះរបស់លោកនៅក្នុងបក្សមួយនេះ។ ជាពិសេសនោះគ្រប់សកម្មភាពនៅក្នុងផ្ទៃក្នុងបក្សលោក សម រង្ស៊ី នៅតែប្រជែងឥទ្ធិពលជាមួយលោក កឹម សុខា ហើយលោក សម រង្ស៊ី នៅតែត្រូវបានគេចាត់ទុកជាប្រធានបក្សប្រឆាំងផងដែរ។ ក្នុងនោះនៅលើហ្វេស ប៊ុកលោក សោរ ចាន់ដេត មន្រ្តីជាន់ខ្ពស់គណបក្ស សម រង្ស៊ី នៅតែហៅលោក សម រង្ស៊ី ថា ជាលោកប្រធាន ប្រការនេះប្រហែលមិនមែនជាការពេញចិត្តនិងចង់បានរបស់លោក កឹម សុខា នោះឡើយ ។

ព្រោះតែបែបនេះហើយមើលទៅ! ទើបធ្វើឲ្យលោក កឹម សុខា អ្នកនយោបាយ ដែលគេចាត់ទុកជាសុភាពបុរសក្លែងក្លាយរូបនេះត្រូវបង្ខំចិត្តបោះដៃសុំចិត្តបុរសធ្លាប់មានសមានចិត្តជាមួយខ្លួនគឺសម្តេចតេជោ ហ៊ុន សែន ជួយសម្រេចមហិច្ឆតាចុង ក្រោយកម្ចាយលោក សម រង្ស៊ី ឲ្យរសាត់ទៅកាន់តែឆ្ងាយពីគណបក្សសង្គ្រោះជាតិ តាមរយៈការធ្វើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយជាថ្មីលើកទី២នេះ ។

ក្រោយច្បាប់នេះចូលជាធរមាន តើអ្នកនយោបាយរូបណាដែលនឹងត្រូវក្អាកក្អាយសប្បាយចិត្ត ហើយអ្នកនយោបាយរូបណានឹងត្រូវខ្ទេចខ្ទាំ បេះដូងឈឺចាប់បេះដូង រហូតដល់ក្អួតឈាមនោះ?

ច្បាស់ណាស់ក្រោយពេលការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះចូលជាធរមានច្បាស់ណាស់ស្នាមញញឹមដ៏សែនស្រស់ស្រាយគឺមានសម្រាប់តែលោក កឹម សុខា តែប៉ុណ្ណោះ ព្រោះថាការវិនិយោគលើជំនួញនយោបាយជាមួយលោក សម រង្ស៊ី គឺលោកជាអ្នកទទួលបានផលចំណេញដ៏គាប់ប្រសើរបំផុតទទួល បានឥទ្ធិពល និងសិទ្ធិយ៉ាងពេញលេញក្នុងការគ្រប់គ្រងគណបក្សសង្គ្រោះជាតិ ។

ដោយឡែកលោក សម រង្ស៊ី នឹងក្លាយទៅជាជនបរាជ័យលើសង្វៀននយោបាយ ហើយអាចឈឺចិត្តស្អិតទ្រូងរហូតដល់ក្អួតឈាមថែមទៀតផង។ ការប្រឹងប្រែងក្នុងជីវិតនយោបាយជិត៤០ឆ្នាំដើម្បីសាងកិត្តិនាម និងកិត្តិយសសម្រាប់ខ្លួនឯងផងនិងដើម្បីស្តារកិត្តិយស និងកិត្តិនាមឪពុកឲ្យរួចផុតពីជនក្បត់ជាតិបានប្រែក្លាយជាអសារបង់ ៕