ព័ត៌មានទាន់ហេតុការណ៍៖

វិបត្តិជនជាតិរ៉ូហ៊ីងយ៉ា តុលាការព្រហ្មទណ្ឌអន្តរជាតិមានសិទ្ធិក្នុងការស្រាវជ្រាវ

បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា រងគ្រោះស្លាប់ និងរត់ចោលស្រុក ភៀសខ្លួនទៅក្រៅ ប្រទេស កន្លងមកត្រូវបានអង្គការអន្តរជាតិចោទប្រកាន់កម្លាំងទាហាន មីយ៉ាន់ម៉ា បានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។

ប៉ុន្តែរដ្ឋាភិបាល បានច្រាចោលរាល់ការចោទប្រកាន់របស់អង្គការសហប្រជាជាតិ ។ បើទោះបីបែបណាក្តី តុលាការព្រហ្មទណ្ឌ អន្តរជាតិ មានសមត្ថកិច្ចនៅក្នុងការសើុប អង្កេត រឿងក្តីពាក់ព័ន្ធក្រុមជនជាតិរ៉ូហ៊ីងយ៉ាង ។

កម្លាំងទាហានមីយ៉ាន់ម៉ា រួចមិនផុតពីសំណាញ់ច្បាប់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិឡើយ។ កាលពីថ្ងៃទី៧ខែ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICCដែល មានទីស្នាក់ការនៅទីក្រុងឡាអេ បាន ប្រកាសថា ខ្លួនមានសមត្ថកិច្ចស៊ើបអង្កេតលើករណីជម្លៀសប្រជាជនរ៉ូហ៊ីងយ៉ា រាប់សែននាក់ចេញពីរដ្ឋរ៉ាឃីន ភាគខាង ជើងប្រទេសមីយ៉ាន់ម៉ា។ ការជម្លៀស ដោយបង្ខំ ដែលគេចាត់ទុកជាឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន តុលាការព្រហ្មទណ្ឌអន្តរជាតិ បាន សម្រេចថា តុលាការដែលមានទីស្នាក់ការនៅទីក្រុងឡាអេ មានសមត្ថកិច្ច ដើម្បីស៊ើបអង្កេតលើការជម្លៀសជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចេញពីរដ្ឋរ៉ាឃីន។

កាលពីខែមេសា រដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ធ្លាប់ដាក់ពាក្យសុំឲ្យចៅក្រមបើកការស៊ើបអង្កេតបឋមមួយ ដើម្បីកំណត់ថា តើការជម្លៀសមនុស្ស ដោយបង្ខំ អាចត្រូវចាត់ទុកជាឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិដែរឬទេ?

រដ្ឋាភិបាលមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទៅនឹងការសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនោះទេ។ នៅក្នុងវិបត្តិជនភៀសខ្លួន រ៉ូហ៊ីងយ៉ា សហគមន៍អន្តរជាតិ បានរិះគន់ និងដាក់សម្ពាធ លើរដ្ឋាភិបាលរបស់លោក ស្រីអ៊ុងសាន ស៊ូជី ដែលនៅស្ងាត់ស្ងៀម ឈឹង ទៅនឹងសកម្មភាពហិង្សា របស់យោ ធាមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថា នៅរដ្ឋរ៉ាឃីន ភាគ ខាងជើង មីយ៉ាន់ម៉ា ជាប់ព្រំដែនបង់ ក្លាដែស ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាង ៧សែននាក់ បានរត់គេចខ្លួនដោយបង្ខំ ចេញពីភូមិ ផ្ទះសម្បែង ដែល កងទ័ព ហើយនិងប្រជាជនមីយ៉ាន់ម៉ា កាន់ព្រះ ពុទ្ធសាសនាបានដុតបំផ្លាញ ក្នុងហេតុផល ប្រយុទ្ធប្រឆាំងក្រុមភេរវនិយម កាលពីឆ្នាំ ២០១៧។ អង្គការសហប្រជាជាតិធ្លាប់បានចោទប្រកាន់ក្រុមយោធាមីយ៉ាន់ម៉ាថា បានធ្វើនយោបាយបោសសម្អាតជាតិពិន្ធុ ហើយនិងប្រល័យពូជសាសន៍។

នៅចុងខែសីហាកន្លងទៅ ក្រុមស៊ើប អង្កេតរបស់អង្គការសហប្រជាជាតិបានស្នើសុំឲ្យស្ថាប័នយុត្តិធម៌អន្តរជាតិ ផ្តន្ទា ទោសមេទ័ព ហើយនិងមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ា ៥នាក់ ក្នុងបទចោទប្រកាន់ប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ហើយនិងឧក្រិដ្ឋកម្មសង្រ្គាម ទៅលើប្រជាជនកាន់សាសនាអ៊ិស្លាម រ៉ូហ៊ីងយ៉ា។ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកJeremy Hunt វិញ បានអះអាង កាលពីថ្ងៃអង្គារដើមសប្តាហ៍នេះថា លោកចង់ឲ្យមានការកោះប្រជុំបន្ទាន់មួយ នៅ អង្គការសហប្រជាជាតិ ដើម្បីនិយាយពី ការសម្លាប់រង្គាល ជនជាតិរ៉ូហ៊ីងយ៉ា នៅ ក្នុងទឹកដីមីយ៉ាន់ម៉ា។ សម្រាប់ប្រមុខការ ទូតអង់គ្លេស រាល់អ្នកទទួលខុសត្រូវ ត្រូវប្រឈមនឹងការកាត់ទោសនៅតុលាការ អន្តរជាតិ។

តុលាការព្រហ្មទណ្ឌអន្តរជាតិមានសមត្ថកិច្ចបើកការស៊ើបអង្កេតលើករណីជម្លៀសជនជាតិរ៉ូហ៊ីងយ៉ាមែនហើយ ប៉ុន្តែ ដំណើរ ការ នីតិវិធីស៊ើបអង្កេតមានលក្ខណៈស្មុគស្មាញ ដោយសារថា មីយ៉ាន់ម៉ាមិនមែន ជាប្រទេសហត្ថលេខី នៃសន្ធិសញ្ញាក្រុងរ៉ូម ដែលមានចែងពីការបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន តុលាការបានបញ្ជាក់ ហើយថា ខ្លួនមានសមត្ថកិច្ចបើកការស៊ើបអង្កេត បន្ទាប់ពីរកឃើញមានភស្តុតាងស្តីពីការប្រព្រឹត្តបទឧក្រិដ្ឋ ការរត់ឆ្លងដែនចូល ទៅប្រទេសបង់ក្លាដែស ដែលជាប្រទេសសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរ ជាតិ៕ ម៉ែវ សាធី