ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

វិបត្តិនយោបាយនៅស្រីលង្កាកាន់តែធ្ងន់ក្រោយកិច្ចប្រជុំសភាក្លាយទៅជាអំពើហិង្សាបង្ហូរឈាមគ្នា

ចែករំលែក៖

បណ្តាតំណាងរាស្ត្រស្រីលង្កាបានប្រើប្រាស់ «កណ្តាប់ដៃ» ជំនួសសម្តីនៅក្នុង កិច្ចប្រជុំសភា ធ្វើឲ្យសភាត្រូវផ្អាកប្រជុំ។ ការប្រើកម្លាំងដោះស្រាយបញ្ហាបណ្តាល ឲ្យតំណាងរាស្ត្រមួយចំនួនរងរបួសឈាម ហូរជោកអាវ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

កិច្ចប្រជុំសភាស្រីលង្កាដើម្បីដោះ ស្រាយវិបត្តិនយោបាយ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា តែត្រូវបាន ផ្អាកទៅវិញ ក្រោយក្រុមតំណាងរាស្រ្តគាំទ្រនាយករដ្ឋមន្ត្រី Mahinda Rajapaksa សម្រុកទៅវាយប្រហារប្រធានរដ្ឋសភាលោក Karu Jayasuriya ដើម្បីប្រឆាំង។

ក្នុងពេលជាមួយគ្នានោះ តំណាងរាស្ត្រដែលមានភាពស្មោះត្រង់ជាមួយនាយករដ្ឋមន្ត្រីដែលត្រូវដកហូតតំណែង លោក Ranil Wickremesingh ព្យាយាមរារាំងដើម្បីការពារប្រធានរដ្ឋសភា Karu Jayasuriya ជាបុគ្គលត្រូវបានចាត់ទុកថា គាំទ្រដល់ នាយករដ្ឋមន្ត្រី ដែលត្រូវដកតំណែង។ រូបភាពបានបង្ហាញឲ្យឃើញថា តំណាង រាស្ត្រទាំង២ក្រុមបានបើកការវាយប្រហារគ្នាធ្វើឲ្យមានភាពចលាចលនៅក្នុងសភា។

សមាជិកមកពីគណបក្ស ឯកភាពជាតិ របស់លោក Wichremesingheបានយក កាំបិទទៅជាមួយ ពេលមានការប៉ះទង្គិចដោយហិង្សាកើតឡើង។ ជាមួយគ្នានោះ តំណាងផ្សេងទៀតបានប្រើប្រាស់ដបទឹកសុទ្ធ គប់ទៅលើគូបដិបក្ខ។

តំណាងរាស្ត្រមួយរូបឈ្មោះ Dilum Amunugama ដែលជាបក្ខពួករបស់លោក Rajapaksa បានរងរបួសធ្ងន់អាវប្រឡាក់ សុទ្ធតែឈាម ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ការវាយប្រហារគ្នាអូសបន្លាយ រយៈពេល២០នាទី ទើបអាចស្ងប់ស្ងាត់ ទៅវិញ។

ការវាយប្រហារគ្នាកើតឡើងក្នុងពេលដែលស្រីលង្កាស្ថិតនៅក្នុងវិបត្តិនយោ បាយជាទ្រង់ទ្រាយធំក្រោយនាយករដ្ឋ មន្ត្រី Wickremesinghe ត្រូវប្រធានាធិបតី Maithripala Sirisena ដកតំណែងកាលពី ខែតុលាកន្លងមក ដោយសារតែធ្វើព្រងើយចំពោះគោលបំណងចង់បានរបស់ពល រដ្ឋ។ ប៉ុន្តែនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការ សម្រេចដកតំណែងខាងលើ គឺជារឿង ខុសច្បាប់ ហើយលោកប្រកាសថា រដ្ឋា ភិបាលនឹងបន្តវិលមកដឹកនាំប្រទេសវិញ។

កន្លងមកថ្មីៗនេះ ប្រធានាធិបតី Maitrripala Sirisena បានសម្រេចរំលាយ រដ្ឋសភាដើម្បីត្រៀមបោះឆ្នោតជាថ្មី។ ការ សម្រេចនោះមានន័យថា សភាស្រីលង្កា នឹងត្រូវរៀបចំបោះឆ្នោតក្នុងអំឡុងខែមករា ឬខែកម្ភៈ ឆ្នាំ២០១៩។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា សកម្មភាពខាងលើរបស់ប្រធានាធិបតីស្រីលង្កា នឹងធ្វើឲ្យស្ថានភាពនយោបាយ ក្នុងប្រទេសនេះកាន់តែស្មុគស្មាញថែមទៀត។ វិបត្តិនយោបាយកន្លងមកនៅក្នុងប្រទេសស្រីលង្កា កើតឡើងក្រោយការ សម្រេចរបស់ប្រធានាធិបតី Sirisena ស្តីពីការតែងតាំងអតីតប្រធានាធិបតី Mahinda Rajapakse ធ្វើជានាយករដ្ឋមន្ត្រី ជំនួស លោក Rani Wickremesinghe។

មានបាតុកម្មជាច្រើនបានកើតឡើង ទាក់ទាញពលរដ្ឋរាបពាន់នាក់ចូលរួមនៅក្នុងរដ្ឋធានី Colombo ប្រទេសស្រីលង្កា ដើម្បីបង្ហាញការប្រឆាំងនឹងនាយករដ្ឋមន្ត្រីថ្មី និងបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រីដែលត្រូវគេដកតំណែង។

វិបត្តិនយោបាយខាងលើបានធ្វើឲ្យ ជប៉ុន និងអាមេរិក បង្កកប្រាក់ជំនួយជាង ១ពាន់លានដុល្លារដល់ប្រទេសនេះ។ សហគមន៍អឺរ៉ុបក៏បានព្រមានលុបចោលការលើកលែងពន្ធនាំចូលដល់ប្រទេសនេះផងដែរ ពាក់ព័ន្ធនឹងវិបត្តិខាងលើ៕ ម៉ែវ សាធី


ចែករំលែក៖