ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ជនភៀសខ្លួនកើនឡើងធ្វើឲ្យកុមារជាច្រើនលាននាក់មិនបានទៅរៀន

កាលពីឆ្នាំ២០១៦ចំនួនពលរដ្ឋភៀសខ្លួនកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិដោយមានរហូតដល់ជាង៦៥,៦លាននាក់ ហើយនៅក្នុងឆ្នាំ២០១៧នោះ ជនភៀសខ្លួន អាចកើនឡើងច្រើនជាងឆ្នាំ២០១៦ទៅទៀត។

តាមរបាយការណ៍របស់អង្គការ សហប្រជាជាតិបង្ហាញឲ្យឃើញថា ពល រដ្ឋភៀសខ្លួននៅលើពិភពលោក កើនឡើង បានបង្ហាញយ៉ាងច្បាស់ថា ពិភពលោក ឈាន ដល់ដំណាក់កាលគ្រោះថ្នាក់ជា មួយនឹងអំពើហិង្សាកើនឡើងហួសពី សមត្ថភាពដោះស្រាយរបស់មនុស្ស។

ក្នុងចំណោម ជនភៀសខ្លួន៦៥,៦ លាននាក់ មានការភៀសខ្លួន ដោយហេតុ ផលផ្សេងៗគ្នា ក្នុងនោះមាន ២២,៥លាន នាក់ដោយសង្គ្រាម អំពើហិង្សា ។ពលរដ្ឋ ៤០,៣លាននាក់ភៀសខ្លួន រកទីកន្លែង ថ្មីរស់នៅ និង២,៨លាននាក់ភៀសខ្លួន នយោបាយ។ ស៊ីរីគឺជាប្រទេសដែលមានជនភៀសខ្លួនច្រើនជាង គេ មានរហូតដល់ ទៅជាង១២លាននាក់ បន្ទាប់មកគឺ អាហ្វ ហ្គានីស្ថាន,សូ៊ដង់ ទ្វីបអាហ្វ្រិក និង នៅក្នុង ប្រទេសមីយ៉ាន់ម៉ា ផងដែរ។

ឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន លោក Filippo Grandi បានឲ្យដឹងថា នេះជាតួលេខដែលគួរឲ្យព្រួយបារម្ភបំផុត ពីស្ថានភាពហិង្សា នៅលើពិភពលោក។ លោកបន្តទៀតថា « តាមការប៉ាន់ស្មាន ក្នុងចំណោមពលរដ្ឋ ១១៣នាក់មានម្នាក់ត្រូវ ភៀសខ្លួន ហើយចំនួនទាំងនេះមិនមានការថយចុះឡើយ មានតែកើនឡើង ។ បើគិតតាមពេលវេលា វិញ ក្នុងរយៈពេល៣វិនាទី មានមនុស្សម្នាក់ភៀសខ្លួនដោយសង្គ្រាមអំពើហិង្សាឬ គ្រោះធម្មជាតិ។

មួយវិញទៀត គ្រោះធម្មជាតិខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួតក៏ជាមូលហេតុមួយដ៏ សំខាន់ ធ្វើឲ្យពលរដ្ឋភៀសខ្លួនកាន់តែច្រើនឡើងនៅលើពិភពលោក។ តួលេខខាងលើ មិនរួមបញ្ចូលទាំងការភៀសខ្លួនបណ្តោះអាសន្ន ដោយសារខ្យល់ព្យុះ ដូចនៅអាមេ រិក កាលពីដើមខែកញ្ញា រហូតមកទល់ពេល នេះ មានអ្នកភៀសខ្លួនរាប់លាននាក់ ដោយសារព្យុះ ហារវេយ និងព្យុះ Irma ។

អ្វីដែលគួរឲ្យព្រួយបារម្ភជាងគេបំផុតនោះគឺកុមារ ដែលត្រូវភៀសខ្លួនទៅតាមគ្រួសារឪពុកម្តាយត្រូវបាត់បង់សិទ្ធិ ក្នុងការ សិក្សា។ តាមរបាយការណ៍របស់ UN មាន កុមារ ប្រមាណ៣,៥លាននាក់ មិនដែល បានចូល សាលារៀនម្តងណាឡើយ។

បណ្តាញព័ត៌មាន Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០១៧ ដោយដក ស្រង់របាយការណ៍ របស់ទីភ្នាក់ងារជន ភៀសខ្លួន អង្គការសហប្រជាជាតិបាន ឲ្យដឹងថា កុមារជាជនភៀសខ្លួនជាងពាក់ កណ្តាល នៅលើពិភពលោក ប្រមាណ ៣,៥លាននាក់ មិនបានចូលសាលារៀន ។ UN បានជំរុញឲ្យផ្តល់មូលនិធិ និងការអប់ រំដល់ពួកគេ ។

ទីភ្នាក់ងារបាន ចេញរបាយការណ៍ មួយថា “កុមារប្រមាណ៣,៥លាននាក់ មិនបានចូលសាលារៀនសូម្បីតែមួយថ្ងៃ “កាលពីឆ្នាំមុន មានកុមារនៅលើពិភព លោក ដែលជាជនភៀសខ្លួន៦,៤លាន នាក់ មានអាយុចន្លោះពី៥ឆ្នាំទៅ១៧ឆ្នាំ ស្ថិតក្រោមការមើលថែទាំដោយ UNHCR កាលពីឆ្នាំមុន” ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាន ជំរុញឲ្យរដ្ឋាភិបាលទាំងឡាយ ដែលជា ម្ចាស់ជំនួយ សូមបង្កើនការជួយដល់ជន ភៀសខ្លួន ដូចជាការអប់រំ និងផ្តល់មូលនិធិ កាន់តែច្រើន។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏មានជន ភៀសខ្លួនរាប់សែននាក់ ជាជនជាតិ រ៉ូហ៊ីងយ៉ា បានភៀសខ្លួនចូលទៅកាន់ទឹកដីបង់ក្លាដែស ដោយសារតែអំពើហិង្សា នៅក្នុងរដ្ឋរ៉ាឃីន រវាងកម្លាំងទាហានរដ្ឋាភិបាលនឹងក្រុមឧទ្ទាមនៅទីនោះ។

NKD-36x6_outline

សេតវិមាន អាមេរិក បាននិយាយថា ការភៀសខ្លួន របស់ក្រុមមូស្លីមរ៉ូហ៊ីងយ៉ា ដើម្បីគេចពីអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាការបង្ហាញឲ្យឃើញថា កងកម្លាំង សន្តិសុខរបស់ប្រទេសនេះ កំពុងតែមិនធ្វើ កិច្ចការពារ ដល់ជនស៊ីវិល។

យោងតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុង សេចក្តីថ្លែងការណ៍មួយ សេតវិមាន បាន និយាយថា “យើងសូមអំពាវនាវឲ្យ អាជ្ញា ធរសន្តិសុខមីយ៉ាន់ម៉ា គោរពដល់ក្រឹត្យ ក្រមនៃច្បាប់ បញ្ឈប់អំពើហិង្សា និងបញ្ចប់ការផ្លាស់ប្តូរទីលំនៅរបស់ជនស៊ីវិលពីគ្រប់សហគមន៍ទាំងអស់”។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ ថ្ងៃពុធនេះ ដើម្បី ពិភាក្សាអំពីបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ពីស្ថានការណ៍ដុនដាបនៅរដ្ឋរ៉ាឃីនប្រទេសមីយ៉ាន់ម៉ា ។ កិច្ចប្រជុំនេះបិទទ្វារ ធ្វើឡើងតាម សំណូមពរស៊ុយអែតនិងអង់គ្លេស។ ឧត្តម ស្នងការ សិទ្ធិមនុស្សអង្គការសហប្រជា ជាតិបានប្រដូចស្ថានការណ៍ហិង្សានៅ មីយ៉ាន់ម៉ា ទៅនឹងការបោសសម្អាតជន ជាតិភាគតិច។ ចិនគូសបញ្ជាក់ឡើងវិញថា ចិនគាំទ្រមីយ៉ាន់ម៉ា ក្នុងកិច្ចប្រឹងប្រែងការពារស្ថិរភាព ដើម្បីការអភិវឌ្ឍជាតិមីយ៉ាន់ម៉ា ។

ប្រឈមនឹងស្ថានការណ៍ដុនដាបនៅ រដ្ឋរ៉ាឃីនក្នុងទឹកដីមីយ៉ាន់ម៉ា ស៊ុយអែតនិងអង់គ្លេសបានសុំឲ្យក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ បិទទ្វារជិត មិនឲ្យអ្នកកាសែតបានចូលទៅស្ដាប់នឹងថតរូបភាពឡើយ។ អង់គ្លេស ប្រាប់ថា ដ្បិតថាវាជាកិច្ចប្រជុំបែបឯកជន ប៉ុន្តែ នឹងផ្តល់លទ្ធផលបែបសាធារណៈ ហើយកិច្ចប្រជុំនេះនឹងធ្វើនៅថ្ងៃពុធនេះ។ ក្រុមប្រឹក្សាសន្តិសុខធ្លាប់បើកកិច្ចប្រជុំស្តីពីបញ្ហាមីយ៉ាន់ម៉ា ម្តងហើយ កាលពីថ្ងៃ៣០ ខែសីហា ថែមទាំងបានសម្ដែងនូវក្តីបារម្ភពីផលវិបាកនៃគ្រោះមហន្តរាយមនុស្សធម៌។

ស្ថានការណ៍ ហិង្សានៅមីយ៉ាន់ម៉ា បាន ផ្ទុះឡើងកាលពីចុងខែសីហា ក្រោយក្រុមឧទ្ទាមរ៉ូហ៊ីងយ៉ាវាយប្រហារទៅលើប៉ូលិសមីយ៉ាន់ម៉ា។ កងទ័ពបានបង្ក្រាបដោយប្រើហិង្សាធ្វើឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ក៏៥០០នាក់ដែរ ភាគច្រើនជាជន ជាតិរ៉ូហ៊ីងយ៉ា។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស ពេលនេះ បានកើនដល់ខ្ទង់ ៣សែននាក់ហើយ។ អង្គការអន្តរជាតិទទួលបន្ទុកអន្តោប្រវេសន៍ OIM វាយតម្លៃថា មានរហូតដល់៣សែន៧ម៉ឺននាក់ឯណោះ ។ ម្សិលមិញនេះ ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិបានបរិហារការ បង្ក្រាប បែបព្រៃផ្សៃរបស់កងទ័ពមីយ៉ាន់ម៉ា និងបានប្រដូចស្ថានការណ៍ទៅនឹងការបោសសម្អាត ជនជាតិភាគតិចទៀតផង៕ ម៉ែវ សាធី