ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ថៃនឹងចោទប្រកាន់ទោសមេដឹកនាំបាតុកម្មទម្លាក់លោកស្រីយីងឡាក់

ប្រភពព័ត៌មានពីតុលាការថៃបានឲ្យ ដឹងថា បណ្តាមេដឹកនាំក្រុមបាតុករ ប្រឆាំង លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា រហូត ដល់បង្ខំឲ្យយោធាចូលរួមធ្វើរដ្ឋប្រហារ ដើម្បីបញ្ចប់វិបត្តិ នឹងត្រូវចោទប្រកាន់ ទោសពីបទ បង្កភាពចលាចល អសន្តិ សុខនៅក្នុងសង្គម។

ប្រភពព័ត៌មានពីតុលាការថៃបានឲ្យដឹងថា ឯកសារបានរៀបចំរួចរាល់ ហើយមេដឹកនាំក្រុមបាតុករប្រឆាំងលោកស្រីយីងឡាក់ត្រូវចោទប្រកាន់ទោសនោះមាន លោក ស៊ូថេប ធឿងស៊ូបាន និង មនុស្ស៥៣ នាក់ផ្សេងទៀត។ អ្នកទាំងនោះ នឹងត្រូវ តុលាការកោះអញ្ជើញនៅថ្ងៃទី២៤ ខែមករា ដើម្បីស្តាប់ពីការសម្រេចចោទប្រកាន់ ករណីពាក់ព័ន្ធនឹងការធ្វើបាតុកម្ម។

សារព័ត៌មាន Matichon បានដកស្រង់ សម្តី ព្រះរាជអាជ្ញាថៃ ឲ្យដឹងថា«នេះជាច្បាប់កោះហៅដោយបង្ខំ បើអ្នកដែលត្រូវរងការចោទប្រកាន់មិនមកទេនោះ តុលាការនឹងចេញដីកាចាប់ខ្លួនជាមិនខាន»។

លោកស៊ូថេប អតីតឧបនាយករដ្ឋមន្ត្រី ថៃ ក្រោមការដឹកនាំរបស់ អតីតនាយក រដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា និងជាមេដឹកនាំសំខាន់បំផុតនៅក្នុងចលនាបាតុកម្ម នៅទីក្រុងបាងកកកាលពីឆ្នាំ២០១៣-២០១៤ ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកស្រីយីងឡាក់។

បាតុកម្មដែលដឹកនាំដោយ លោក ស៊ូថេប បានក្លាយជាបាតុកម្ម អូសបន្លាយ រយៈពេលយូរបំផុតនៅក្នុងប្រវត្តិសាស្ត្រ ប្រជាធិបតេយ្យ ក្នុងព្រះរាជាណាចក្រថៃ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច ជាតិ។

យុទ្ធនាការគ្រប់គ្រងទីក្រុង របស់ក្រុមបាតុករដឹកនាំដោយលោកស៊ូថេប បានធ្វើ ឲ្យចរាចរណ៍នៅទីក្រុងបាងកក ត្រូវជាប់ គាំង ហើយស្ថានប័នហិរញ្ញវត្ថុ របស់រដ្ឋ ក៏ត្រូវផ្អាក់ដំណើរការរយៈពេលយូផងដែរ ធ្វើឲ្យរដ្ឋាភិបាលលោកស្រីយីងឡាក់ ប្រឈមនឹងផលលំបាកយ៉ាងខ្លាំង ក្នុងការ ដំណើរការ។ ពេលនោះកម្លាំងទាហាន ក៏បានចូលរួមដោះស្រាយ ក្រោយពីភាគីទាំងសងខាងមិនអាចស្វែងរកដំណោះស្រាយសមស្របបានយោធាក៏បានប្រកាសធ្វើរដ្ឋប្រហារយកអំណាចមកគ្រប់គ្រង ដើម្បីរៀបចំប្រទេសជាតិសាជាថ្មី។

រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ត្រូវបានរំសាយ បើកផ្លូវឲ្យរដ្ឋាភិបាលដឹកនាំដោយយោធាវិញម្តងនៅឆ្នាំ២០១៤រហូតមកទល់ពេលនេះ។ រដ្ឋាភិបាលយោធាថៃ ដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចារ បានសន្យាថានឹងផ្តល់សិទ្ធិដឹកនាំប្រទេសជាតិដល់រដ្ឋាភិបាលសុីវិលក្រោយការបោះ ឆ្នោត ចុងឆ្នាំ២០១៨នេះ។

ការចោទប្រកាន់ទៅលើក្រុមប្រឆាំង ផ្សេងក្រៅពីត្រកូលស៊ីណាវ៉ាត្រា ត្រូវបានក្រុមអ្នកវិភាគលើកឡើងថាជាយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ ។ កន្លងមកឃើញតែចោទ ប្រកាន់ទៅលើ អ្នកនយោបាយត្រកូលស៊ី ណាវ៉ាត្រា ។ចំណែកក្រុមប្រឆាំង ដែលបង្កឲ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាព វឹកវរ មិនត្រូវបានចោទប្រកាន់ នោះទេ។ នេះជាលើកទីមួយដែលលោកស៊ូថេបរងការចោទប្រកាន់ពីតុលាការថៃ ក្នុងពេលដែល លោក ស្រីយីងឡាក់ ក៏ដូចជាបងប្រុស ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានភៀសខ្លួនទៅរស់នៅ ក្រៅប្រទេស ចៀសពីការចាប់ឃុំខ្លួនរបស់ យោធា។

កន្លងមក អង្គការស្រាវជ្រាវពិសេស របស់ថៃ DSI បានប្រកាសឲ្យដឹងថា កូនប្រុសតែមួយគត់របស់អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានរងការ ចោទប្រកាន់ពីបទ លាងលុយខ្មៅ។

កូនប្រុសអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន លោក Panthongtae Shinawatra រងការ ចោទប្រកាន់ ពីបទទទួលប្រាក់១០លាន បាត កាលពីឆ្នាំ២០០៤ ។ ប្រាក់ទាំងនោះត្រូវបានគេចាត់ទុកថា មានជាប់ពាក់ព័ន្ធ នឹងអំពើពុករលួយ ក្នុងប្រាក់កម្ចី ស្រពេចស្រពឹលមានរហូតដល់៩,៩ពាន់លានបាតរបស់ធនាគារ Krungthai នៅពេលដែល លោកថាក់ស៊ីន ស៊ីណាវ៉ាត្រានៅកាន់ តំណែងជា នាយករដ្ឋមន្ត្រីថៃ។

អ្នកនាំពាក្យ DSI លោក Woranan Srilumបានឲ្យដឹងថា កូនប្រុសថាក់ស៊ីន Panthongtae បានចូលទៅកាន់តុលាការ តាមលិខិតកោះហៅ តែត្រូវបានដោះ លែងវិញ ដោយមិនទាន់មានច្បាប់ចាប់ ខ្លួន។

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក Woranan បញ្ជាក់ថា កូនប្រុសលោក ថាក់ស៊ីន អាចកំពុងរៀបចំឯកសារការពារ ខ្លួន ក្នុងពេលដែល ក្រុម DSI អាចលើក ករណីខាងលើឡើងទៅកាន់តុលាការ ព្រហ្មទណ្ឌ។

កាលពីខែ កញ្ញាកន្លងមកតុលាការថៃ បានសម្រេចកាត់ទោស អតីតនាយករដ្ឋ មន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា ប្អូនស្រីលោក ថាក់ស៊ីន ឲ្យជាប់ពន្ធនាគារ៥ឆ្នាំពីបទធ្វេសប្រហែសក្នុងកម្មវិធីជំនួយតម្លៃស្រូវ អង្ករ ក្នុងអំឡុងពេលលោកស្រីកាន់តំណែង ធ្វើឲ្យរដ្ឋខាតបង់ទឹកប្រាក់រាប់ពាន់លាន ដុល្លារ។

តាមការ ផ្សាយរបស់សារព័ត៌មានរ៉យ ទ័រ ក្រុមអ្នកគាំទ្រ ត្រកូលស៊ីណាវ៉ាត្រា បានបញ្ជាក់ថា សកម្មភាពតាមផ្លូវច្បាប់ របស់រដ្ឋាភិបាលថៃ គឺជាការខិតខំដើម្បី កម្ចាត់ត្រកូលស៊ីណាវ៉ាត្រា ចេញពីនយោ បាយថៃជារៀងរហូត។

កន្លងមក កូនប្រុសរបស់អតីតនាយក រដ្ឋមន្ត្រីថាក់ស៊ីនត្រូវបានគេចាត់ទុកថា ជាអ្នកស្នងតំណែង ត្រកូលស៊ីណាវ៉ាត្រា បន្តនយោបាយនៅក្នុងប្រទេស ថៃ ក្នុង ពេលដែលពលរដ្ឋថៃភាគច្រើន នៅតាម តំបន់ជនបទ នៅតែបន្តគាំទ្រ ដល់ការដឹកនាំរបស់ត្រកូលសីុណាវ៉ាត្រាដដែល បើ ទោះបីអ្នកណាដឹកនាំក៏ដោយ។ ការគាំទ្រច្រើនដោយសារតែការដឹកនាំរបស់ត្រកូលស៊ីណាវ៉ាត្រាបានគិតគូរច្រើនដល់ពលរដ្ឋក្រីក្រ ប្រកបរបរកសិកម្ម ស្រែចម្ការ។

ក្រុមអ្នកអង្កេតការ និងប្រភពព័ត៌មានជាច្រើនបានលើកឡើងថា សមាជិកនៅ ក្នុងគ្រួសារត្រកូលស៊ីណាវ៉ាត្រាទាំងអស់ ដែលចង់ចូលរួមក្នុងឆាកនយោបាយគឺចាំបាច់ត្រូវតែមានការឯកភាព ពីលោកថាក់ ស៊ីន ស៊ីណាវ៉ាត្រា ដែលជារៀមច្បង កំពុង រស់នៅក្រៅប្រទេស ជាបុគ្គលមានឥទ្ធិពល បំផុត ក្នុងឆាកនយោបាយថៃ ។ តាមការ លើកឡើងរបស់អ្នកឯកទេស លោកថាក់ ស៊ីន អាចនឹងបណ្តុះបណ្តាលឲ្យកូនប្រុស ឬក៏ប្អូនស្រីរបស់លោកបន្ថែមទៀត ក្រៅពី លោកស្រីយីងឡាក់ ដើម្បីឲ្យក្លាយជាអ្នកនយោបាយឆ្នើមនៅក្នុងត្រកូលស៊ីណាវ៉ាត្រា៕ ម៉ែវ សាធី