ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

វិភាគអន្តរជាតិ៖ ព្រោះតែជាតិសាសន៍តែមួយពលរដ្ឋប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងចង់ឲ្យរួបរួមគ្នា

ក្រោយទំនាក់ទំនងល្អប្រសើរឡើងវិញ រវាងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង តាម រយៈកីឡាអូឡាំពិក បានបង្ហាញពីក្តីសង្ឃឹមដល់ពលរដ្ឋប្រទេសទាំងពីរចង់រួបរួមគ្នាឡើងវិញ ដោយសារតែប្រទេសទាំងពីរមានជាតិសាសន៍តែមួយ ។

នៅក្នុងការស្ទង់មតិនាពេលកន្លងមកបានបង្ហាញឲ្យឃើញថា ប្រជាជនកូរ៉េខាង ជើងភាគច្រើនគិតថា ការបង្រួបបង្រួមគ្នាជាមួយកូរ៉េខាងត្បូង គឺជារឿងចាំបាច់ពី ព្រោះ កូរ៉េទាំងពីរកើតចេញពីពូជសាសតែមួយ។ នេះបើតាមការស្ទង់មតិមួយដក ស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុន ហាប់ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ ២០១៨។

ការស្ទង់មតិក្រោមគម្រោង Beyond Parallel នៃវិទ្យាស្ថានយុទ្ធសាស្ត្រ និង សិក្សាអន្តរជាតិ របស់សហរដ្ឋអាមេរិក បានសម្ភាសន៍ប្រជាជនកូរ៉េខាងជើង ៣៦ នាក់ ដែលរស់នៅក្នុងរដ្ឋកុម្មុយនីស្ដមួយនេះ ក្នុងរយៈពេលមិនកំណត់មួយក្រោយឆ្នាំ២០១៦។

លើសពីនេះទៅទៀត ការស្ទង់មតិនេះ បានរកឃើញថា ប្រជាជនកូរ៉េខាងជើង ៣៤នាក់ ឬស្មើនឹង ៩៤ភាគរយ ក្នុងចំណោម អ្នកត្រូវបានសាកសួរ គិតថា ការបង្រួប បង្រួមជាតិជាមួយកូរ៉េខាងត្បូង គឺជារឿង ចាំបាច់ក្នុងនោះ ៤៤ភាគរយយល់ថា ចាំបាច់ត្រូវរួមគ្នាដោយសារតែកូរ៉េទាំងពីរ កើតចេញពីពូជសាសន៍តែមួយ និង ២៩.៤ភាគរយគិតថា ក្រោមហេតុផល សេដ្ឋកិច្ច ខណៈ ១៤.៧ភាគរយថា ដើម្បី ដោះស្រាយបញ្ហាប្រជាជនកូរ៉េ ដែលបានព្រាត់ប្រាសគ្នាក្នុងសង្រ្គាមកូរ៉េ។

គួរបញ្ជាក់ថា ប្រជាជនកូរ៉េខាងជើងត្រូវបានសម្ភាសមានបុរស ២០នាក់ និងស្ត្រី ១៦នាក់ មានអាយុចន្លោះពី ២៨ ដល់ ៨០ឆ្នាំ។ ពួកគេរស់នៅក្នុងខេត្តចំនួន៨ ផ្សេងៗពីគ្នារបស់កូរ៉េខាងជើង ហើយអ្នក ខ្លះគឺជាកម្មករ វេជ្ជបណ្ឌិត ប្រធានក្រុមហ៊ុន និងកម្មកររោងចក្រជាដើម។ ដោយឡែក កាលពីឆ្នាំ២០១៧ ការស្ទង់មតិរបស់ទីក្រុង សេអ៊ូល ក៏បានបង្ហាញដែរថា ប្រជាជន កូរ៉េខាងត្បូង ៥៧.៨ភាគរយ ចង់ឱ្យកូរ៉េ ទាំងពីបង្រួបបង្រួមគ្នា។

នៅពេលនេះដែរ ក្រោយទទួលបាន លិខិត អញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអីុន កំពុងឈរនៅលើស្ថាន ភាព មួយដ៏លំបាកនៅក្នុងការសម្រេច ចិត្ត។

ប្អូនស្រីរបស់លោកគីម ជុងអ៊ុន បាន ផ្តល់លិខិតអញ្ជើញសរសេរ ដោយផ្ទាល់ដៃ ជូនប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន ឲ្យទៅបំពេញទស្សនកិច្ចនៅឯប្រទេសរបស់លោក ដើម្បីបើកកិច្ចជំនួបកំពូលមួយរវាងមេដឹកនាំនៃបងប្អូនកូរ៉េទាំងពីរ។ ក្រុមអ្នក វិភាគបានមើលឃើញទង្វើនេះថា កំពុងធ្វើឲ្យប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ស្ថិត ក្នុងស្ថានភាពដ៏លំបាកមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅយប់ ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។

នៅក្នុងជំនួបពិភាក្សារវាងលោក មូន ជេអុីន នឹងប្រតិភូកូរ៉េខាងជើង រួមមាន ប្រធានសភាលោក គីម យ៉ុងណាម, ប្អូន ស្រីបង្កើតលោក គីម ជុនអ៊ុន គឺអ្នកនាង គីម យ៉ូចុង ដែលត្រូវបានបញ្ជូនមកកូរ៉េ ខាងត្បូង ក្នុងនាមជាប្រេសិតពិសេសរបស់ លោក គីម ជុងអ៊ុន ព្រមទាំងមន្រ្តីជាន់ខ្ពស់ពីររូបទៀត នាព្រឹកថ្ងៃសៅរ៍ លោក មូន បានទទួលលិខិតមួយច្បាប់ពីអ្នកនាង គីម យ៉ូចុង ដោយវាគឺជាលិខិតផ្ទាល់របស់ លោក គីម ជុងអ៊ុន ដែលបានអញ្ជើញរូបលោកឲ្យទៅធ្វើទស្សនកិច្ច នៅឯប្រទេស កូរ៉េខាងជើង ហើយក្នុងលិខិតនោះលោក គីម ជុងអ៊ុន ក៏បានបង្ហាញពីឆន្ទៈក្នុងការកសាងទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យល្អប្រសើរផងដែរ។ «ខ្ញុំសង្ឃឹមថា រដ្ឋាភិ បាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុង សេអ៊ូល នឹងកាន់តែជិតស្និទ្ធក្នុងបេះដូងនៃប្រជាពលរដ្ឋកូរ៉េទាំងពីរ ព្រមទាំងឈាន ទៅរកការបង្រួបបង្រួម និងរីកចម្រើន នា ពេលអនាគតឆាប់ៗខាងមុខ»។

ជុំវិញរឿងនេះ ក្រុមអ្នកវិភាគបានលើក ឡើងថា ទង្វើរបស់លោក គីម ជុងអ៊ុន បានបង្ខំឲ្យមេដឹកនាំកូរ៉េខាងត្បូង លោក មូន ជេអុីន ឈរលើចំណុចដ៏លំបាកមួយ ពោល គឺត្រូវគិតគូរឲ្យបានហ្មត់ចត់ រវាងការលើកកម្ពស់ទំនាក់ទំនងអន្តរកូរ៉េ ដែលបានជាប់គាំងអស់រយៈពេលជាយូរណាស់មក ហើយ និងធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សម្ពន្ធភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក៏ ដូចជាសាមគ្គីភាពរបស់អន្តរជាតិ ក្នុងការដាក់សម្ពាធទៅលើទីក្រុងព្យុងយ៉ាង ឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។

ការបោះជំហាននេះកំពុងបង្កើនលទ្ធ ភាព សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េជាលើកដំបូង នៅក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ហើយវាក៏បានបង្ហាញពីការប្រែប្រួលមួយ នៅក្នុងចំណងទាក់ទងទ្វេភាគី ដែល បានធ្លាក់ចុះដាបផងដែរ ក្រោយពីមាន ភាពតានតឹងជាមួយគ្នាអស់ជាច្រើនឆ្នាំ ដោយសារតែការធ្វើតេស្តមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

គិតចាប់តាំងតែពីសម័យសង្រ្គាមកូរ៉េមក ប្រទេសកូរ៉េទាំងពីរ ធ្លាប់បើកកិច្ចប្រជុំកំពូលរវាងមេដឹកនាំ តែ២លើកគត់គឺក្នុងឆ្នាំ ២០០០ និងឆ្នាំ២០០៧ ដែលបានប្រព្រឹត្តទៅនៅឯរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាង ជើងទាំងពីរលើក នៅពេលដែលកូរ៉េខាង ត្បូង បានស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលរបស់លោក គីម ដេជុង (១៩៩៨-២០០៣) និងលោក រ៉ូ មូយុន (២០០៣-២០០៨) ដែលជាអ្នកសេរីនិយម។ ដោយឡែក កាលៈទេសៈកាលពីពេលនោះគឺខុសប្លែកខ្លាំងពីពេលបច្ចុប្បន្ន ដោយសព្វថ្ងៃនេះ កូរ៉េខាងជើងបានធ្វើការអភិវឌ្ឍកម្មវិធីមីស៊ីល-នុយក្លេអ៊ែររបស់ខ្លួន នៅក្នុងល្បឿនយ៉ាង លឿន ដែលនឹកស្មានពុំដល់និងគួរឲ្យព្រួយបារម្ភ។

 

ជាមួយគ្នានេះ អ្នកវិភាគមួយចំនួនបាន និយាយថា សំណើរបស់កូរ៉េខាងជើង ក្រៅពីចង់ស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មពី អន្តរជាតិតាមរយៈការ រឹតចំណងទាក់ទង ជាមួយកូរ៉េខាងត្បូង ក៏មានគោលដៅព្យា យាមបង្កភាពទាស់ទែង ក្នុងសម្ពន្ធភាព ដ៏រឹងមាំរវាងទី ក្រុងវ៉ាស៊ីនតោននឹងទីក្រុងសេអ៊ូលផងដែរ។

ខណៈដែលក្រុមមន្រ្តីកូរ៉េខាងជើង បានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងត្បូង និងបានស្នើឲ្យមានកិច្ចសន្ទនាថ្នាក់ កំពូល ជាមួយទីក្រុងសេអ៊ូល តាមរយៈ ការអញ្ជើញលោក មូន ឲ្យទៅធ្វើទស្សន ​​ កិច្ចនៅប្រទេសកូរ៉េខាងជើងបែបនេះនោះ ទីក្រុងព្យុងយ៉ាងបានអះអាងថា ខ្លួនគ្មានថ្ងៃអង្វរឲ្យមានការសន្ទនាក៏ដូចជា ចរចាគ្នា ជាមួយសហរដ្ឋអាមេរិកឡើយ។ ម៉្យាងវិញទៀតនៅក្នុងឱកាសចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា លើកទី២៣ នៅកូរ៉េខាងត្បូង មន្រ្តីជាន់ខ្ពស់កូរ៉េខាង ជើង រូមមានលោក គីម យ៉ុងណាម និង អ្នកនាង គីម យ៉ូចុង ហើយនិងអនុប្រធានា ធិបតីអាមេរិក លោក មៃក៍ ភែន មិនបាន សម្តែងការស្វាគមន៍រាក់ទាក់ដាក់គ្នាអ្វីបន្តិចឡើយ ទោះបីជាបានអង្គុយនៅតែប៉ុន្មានម៉ែត្រពីគ្នាប៉ុណ្ណោះក៏ដោយ ហើយលោក ភែន ក៏ទំនងជាបានបង្ហាញ ប្ញកពារមិនសូវជាសប្បាយចិត្តប៉ុន្មាននោះឡើយ ចំពោះភាពស្និទ្ធស្នាលរវាងកូរ៉េទាំងពីរ នៅក្នុងពិធី នោះ។

បើតាមក្រុមអ្នកជំនាញខ្លះ លោក មូន ជេអុីន នឹងត្រូវបញ្ជូនប្រេសិតពិសេសទៅកាន់កូរ៉េខាងជើង ក្រោយពីបានកំណត់ ពេលវេលាដ៏សមរម្យសម្រាប់ ដំណើរ ទស្សនកិច្ច តាមរយៈការធ្វើទំនាក់ទំនងក៏ដូចជាពិភាក្សាយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធ។ ខ្លះទៀតថា កូរ៉េ ខាងត្បូង ត្រូវបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីជជែកឲ្យលម្អិតអំពីកិច្ចប្រជុំកំពូលរវាងប្រទេសទាំងពីរ ខណៈទីក្រុងសេអ៊ូល គួរតែរៀបចំយុទ្ធសាស្រ្តឲ្យបានច្បាស់លាស់អំពី របៀបសម្របសម្រួលគោលនយោបាយកូរ៉េខាងជើង របស់ខ្លួន ជាមួយសហរដ្ឋអាមេរិក និង ប្រទេសដទៃទៀត។

យ៉ាងណាមិញ ទំនាក់ទំនងរវាងកូរ៉េ ទាំងពីរ នឹងឈានដល់ដំណាក់កាលដ៏ សំខាន់មួយទៀត នៅដើមខែមេសាខាង មុខ នៅពេលដែលទីក្រុងសេអ៊ូល និង ទីក្រុងវ៉ាស៊ីនតោន បន្តធ្វើសមយុទ្ធយោធា រួមរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានព្រម ព្រៀងគ្នាផ្អាកជាបណ្តោះអាសន្នសិន រហូតទាល់តែព្រឹត្តិការណ៍ កីឡាអូឡាំពិក (ពីថ្ងៃទី៩ ដល់ទីថ្ងៃទី២៥ ខែកុម្ភៈ) និង ប៉ារ៉ាឡាំពិក (ពីថ្ងៃទី៩ ដល់ថ្ងៃទី១៨ ខែ មីនា) ត្រូវបានបញ្ចប់ជាស្ថាពរ៕ ម៉ែវ សាធី