ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង ៖ មានបរមាណូគឺមានសុវត្ថិភាព

ប្រទេសដែលជាសត្រូវរបស់អាមេរិក គឺមិនអាចរួចផុតពីការវាយប្រហារដាក់ គំនាបពីអាមេរិកនោះឡើយ ប្រសិនបើ គ្មានបរមាណូ ជារនាំងការពារនោះ ។ ដូចអ្វីដែលមេដឹកនាំកូរ៉េខាងជើងបានលើកឡើង បរមាណូគឺជាវត្ថុទិព្វ ដែលអាច ការពារកូរ៉េខាងជើង រួចផុតពីការវាយ ប្រហាររបស់អាមេរិក ហើយពេលនេះ គឺ អាចការពារបានដោយអាមេរិកបានត្រឹមតែគំរាម ដោយមិនហ៊ានវាយប្រហារនោះ ឡើយ បើទោះបីអាមេរិកមានជម្រើសតែ មួយ គឺយោធានោះក្តី។

កន្លងមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរ នៅក្នុងសារ Twitterថា ជម្រើសសម្រាប់ដោះស្រាយជាមួយកូរ៉េខាងជើងមានតែមួយប៉ុណ្ណោះ។ ជម្រើសរបស់លោកដូណាល់ ត្រាំ គឺអាច ជាជម្រើសយោធា ព្រោះសម្រាប់ លោក ដូណាល់ ត្រាំ យុទ្ធសាស្រ្តចរចាការទូត បានបរាជ័យរហូតមក។ នៅក្នុងសារ Twitter លោកបានសរសេររិះគន់ មេដឹកនាំ អាមេរិកមុនៗថា អសមត្ថភាពមិនអាច ដោះស្រាយ វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងបាន។ លោកដូណាល់ ត្រាំ មិនបាន និយាយថា ជម្រើសតែមួយដើម្បីដោះស្រាយជាមួយកូរ៉េខាងជើងនោះជាអ្វីទេ គឺលោកបានប្រាប់ឲ្យគេរង់ចាំមើលតទៅទៀត។ ប៉ុន្តែ យ៉ាងណាក៏ដោយ មហាសេដ្ឋីអចលន ទ្រព្យរូបនេះ បាននិយាយថា លោកមិនចង់ បរាជ័យ ដូចមេដឹកនាំអាមេរិកមុនៗនោះ ទេ។ សម្ដីនេះធ្វើឲ្យគេរឹតតែជឿថា លោក ដូណាល់ ត្រាំ នឹងជ្រើសរើសយកផ្លូវយោ ធា ដើម្បី ដោះស្រាយជាមួយកូរ៉េខាងជើង។

មនុស្សជាច្រើននៅជុំវិញពិភពលោកសម្លឹងទៅអាមេរិកថា តើលោកត្រាំ គ្រាន់ តែ ជា«តោក្រដាស» បានតែគំរាម និងដាក់ ទណ្ឌកម្ម មិនហ៊ានធ្វើអ្វីប្រទេសដែលហ៊ានប្រឆាំងអាមេរិកដោយបើកចំហឬយ៉ាង ណា?

សារព័ត៌មាន ញូវយ៉កថាមស៍ បាន ផ្សាយថា រដ្ឋាភិបាល អាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បានស្នើដល់អង្គការសហ ប្រជាជាតិ កោះប្រជុំជាបន្ទាន់ ក្រោយកូរ៉េ ខាងជើង បាញ់មីស៊ីល ហើយមីស៊ីលនោះ បាន ហោះហើរឆ្លងកាត់ប្រទេសជប៉ុន មុនពេល ធ្លាក់ចូលមហាសមុទ្រ ។ នៅ ពេលនេះដែរ ក្រសួងការពារជាតិជប៉ុន កំពុងតែប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការ បាញ់មីស៊ីលខាង លើ។

ការបាញ់មីស៊ីលថ្មីនេះ កើតឡើង ក្រោយរយៈពេល ៣ថ្ងៃដែលកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយ ខ្លី៣គ្រាប់ ចូលទៅក្នុងសមុទ្រជប៉ុន ប៉ុន្តែការបាញ់ នោះបរាជ័យ ។

មន្ត្រីយោធារបស់កូរ៉េខាងត្បូង មួយរូប បានបញ្ជាក់ថា កាំជ្រួចមីស៊ីលកូរ៉េខាងជើងបាញ់នៅវេលាម៉ោង៥និង៥៧នាទី(ម៉ោងក្នុងតំបន់)ដោយមីស៊ីលនោះហោះហើរ បានប្រមាណ ២.៧០០គីឡូម៉ែត្រ និង កម្ពស់៥៥០គីឡូម៉ែត្រចូលសមុទ្រ។

ក្រុមអ្នកឯកទេសមីស៊ីល របស់អាមេរិក បានបញ្ជាក់ថា កាំជ្រួចមីស៊ីលថ្មីរបស់កូរ៉េខាងជើង ដែលបាញ់ ឆ្លងកាត់ប្រទេស ជប៉ុននោះ គឺសំដៅទៅសេតវិមានរបស់ អាមេរិក និងជាការផ្ញើសារដ៏សំខាន់មួយទៅកាន់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។

មេដឹកនាំគីម ជុងអ៊ុន បានចេញបញ្ជាដោយផ្ទាល់នៅក្នុងការបាញ់មីស៊ីលនាព្រឹកថ្ងៃទី២៩ ខែសីហា ដោយឆ្លងកាត់ ទីតាំង កោះ Hokkaido របស់ជប៉ុន ធ្វើឲ្យរដ្ឋាភិ បាលជប៉ុនប្រកាសអាសន្នដល់ពលរដ្ឋ នៅ ទីនោះ។ កាំជ្រួចមីស៊ីលហោះបានរយៈ ពេល១៤នាទី ក៏ធ្លាក់ចម្ងាយពីកោះ ហុក កៃដូ របស់ជប៉ុន ១.២០០គីឡូម៉ែត្រ ។

ក្រុមអ្នកឯកទេសបញ្ជាក់ថា កាំជ្រួច មីស៊ីលរបស់កូរ៉េខាងជើង ដែលទើបតែ បាញ់មិនមែនជាការគំរាមកំហែងដល់ជប៉ុននោះឡើយ គឺ ជាការបង្ហាញពីឥទ្ធិពលអាវុធដល់រដ្ឋាភិបាលអាមេរិក ដឹកនាំដោយ លោកដូណាល់ ត្រាំ។

នៅពេលនេះដែរ មនុស្សជាច្រើននៅជុំ វិញពិភពលោក បាននិងកំពុងតែ សម្លឹង ទៅលើអាមេរិកថា តើលោកត្រាំ មានវិធាន ការយ៉ាងណាចំពោះ កូរ៉េខាងជើង?ឬ ក៏ អាមេ រិក គ្រាន់តែជា«តោក្រដាស» បានត ែគំរាម និងដាក់ទណ្ឌកម្មប៉ុណ្ណោះ មិនហ៊ានធ្វើអ្វីប្រទេសដែលហ៊ានប្រឆាំងនឹងអាមេរិក ដោយបើកចំហនោះទេ?

ប្រទេសទាំងអស់នៅលើពិភពលោក ក្នុងនោះមានប្រទេស ដែលមានកម្លាំងយោធាខ្លាំងដូចរុស្ស៊ី និងចិន ក៏មិនដែល គំរាមវាយប្រហារអាមេរិកនោះដែរ ។ ដោយឡែក កូរ៉េខាងជើង ជាប្រទេសក្រីក្រ មានអាវុធមិនខ្លាំង ដូចប្រទេសផ្សេងឡើយ ប៉ុន្តែ មិនដែលយោគយល់អាមេរិកម្តង ណាឡើយ អាមេរិកកាន់តែ គំរាម កាន់តែ ដាក់ទណ្ឌកម្ម កូរ៉េខាងជើងកាន់តែធ្វើ ខ្លាំងឡើង។

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុង អ៊ុនបាននិយាយថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងជួយធានាការពារសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ ហើយ និងនៅ ក្នុងតំបន់។ អំណះអំណាងនេះ អាចសម ហេតុផលនៅត្រង់ថា នៅពេល ដែលកូរ៉េ ខាងជើង មានអាវុធនុយក្លេអ៊ែរ នៅក្នុងដៃ នោះ កូរ៉េខាងជើងនឹងមិនអាច រងការគំរាមកំហែងផ្តេសផ្តាស ឬការឈ្លាន ពានធ្វើ សង្រ្គាមពីប្រទេសណាមួយទេ។ មានអាវុធនុយក្លេអ៊ែរ នៅក្នុងដៃកូរ៉េខាង ជើងក្លាយជាមហាអំណាចនុយក្លេអ៊ែរ ដែលគេត្រូវ គោរពកោតខ្លាច មិនមើល ស្រាលដូចមុន។ អាចនិយាយបានថា គេត្រូវគិតគូរល្អិតល្អន់ខ្លាំងណាស់ មុននឹង សម្រេចចិត្ត វាយប្រហារទៅលើ ប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ឬប្រទេសដែលជួយគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ។ គេពិចារណាថ្លឹងថ្លែងខ្លាំង ព្រោះថា បើកើតសង្រ្គាមរវាងប្រទេសមានអាវុធនុយក្លេអ៊ែរនោះផលវិបាក បាត់បង់ជីវិតមនុស្ស ហើយ និងសេដ្ឋកិច្ច គឺធំធេងណាស់ សម្រាប់គ្រប់ ភាគីជម្លោះ។ ដូច្នេះហើយបានជាតាំង ពីក្រោយ សង្រ្គាមត្រជាក់ មកអាវុធនុយក្លេអ៊ែររបស់អាមេរិកក្តី ឬរបស់រុស្ស៊ីក្តី ត្រូវ បានគេប្រើប្រាស់ជាមធ្យោបាយ សម្រាប់ ទប់ស្កាត់ កុំឲ្យកើតសង្រ្គាមនុយក្លេអ៊ែរ។

បទពិសោធន៍កន្លងមក គ្រាប់បែកនុយ ក្លេអ៊ែរ មិនដែលត្រូវបានគេប្រើម្តងណា នោះទេ បើទោះបីជាកើតមានជម្លោះប្រដាប់អាវុធ ឬភាពតានតឹងរវាងភាគីជម្លោះក្តី។ ជាក់ស្តែងឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែ មានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ប៉ុន្តែបើ ទោះបីជាប្រទេសទាំងពីរ ជាសត្រូវ និង ឧស្សាហ៍ឈ្លោះគ្នា នៅតាមព្រំដែន ប៉ុន្តែ ឥណ្ឌា និងប៉ាគីស្ថានមិនបានប្រើអាវុធនុយក្លេអ៊ែរ ដើម្បីសម្លាប់គ្នាទៅវិញទៅមកដែរ។

មានអាវុធនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ កុំឲ្យមានផ្ទុះសង្រ្គាមនុយក្លេអ៊ែរ នេះជា អំណះអំណាងដែលប្រទេសមហាអំណាចនុយក្លេអ៊ែរ បានលើកឡើងរហូតមក ប៉ុន្តែ សម្រាប់អ្នកដែលប្រឆាំងមិនឲ្យមានអាវុធប្រល័យលោកវិញ អាវុធនុយក្លេអ៊ែរ គឺមាន តែទៅជំរុញ ឲ្យមានការរីកសាយភាយ នៃការផលិតអាវុធនុយក្លេអ៊ែរ ដែលគ្រោះ ថ្នាក់កាន់តែខ្លាំង សម្រាប់ជីវិតរស់រាននៅលើផែនដី៕ ម៉ែវ សាធី