ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ស្លាប់មនុស្ស១៤២នាក់ដោយសារការវាយប្រហារភេរវកម្មនៅទូទាំងអឺរ៉ុបក្នុងឆ្នាំ២០១៦

ក្នុងរយៈពេលមួយឆ្នាំ បណ្តាប្រទេស ក្នុងតំបន់អឺរ៉ុប បានទទួលរងការវាយ ប្រហារភេរវកម្ម ដល់ទៅ១៤២លើក សម្លាប់មនុស្ស ១៤២នាក់ និងរាប់រយនាក់ ទៀតរងរបួស។

កាលពីថ្ងៃទី១៥ខែមិថុនា សហគមន៍ អឺរ៉ុប បានប្រកាស របាយការណ៍ស្តីពី ស្ថានភាពវាយប្រហារភេរវកម្ម ដោយក្នុងនោះបញ្ជាក់ថានៅក្នុងឆ្នាំ ២០១៦ មានការវាយប្រហារភេរវកម្ម១៤២លើកសម្លាប់ មនុស្ស ១៤២នាក់ និង៣៧៩នាក់រងរបួស។

របាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា នៅក្នុងប្រទេសបារាំង មានការវាយ ប្រហារ ដល់ទៅ ២៣ករណី,អាល្លឺម៉ង់ ៥ករណី ,បែលហ្ស៊ិក៤ករណី ,អុីតាលី១៧ ករណី ,អេស្ប៉ាញ១០ករណី ក្រិក៤ករណី និងហុល្លង់១ករណីផងដែរ។

តាមរបាយការណ៍បញ្ជាក់ថា រាល់ការ វាយប្រហារ គឺតែងតែបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួស ក្នុងនោះ មាន៤០ភាគ រយប្រើប្រាស់រំសេវផ្ទុះ ។ ក្រុមសន្តិសុខ​អឺរ៉ុប បានចាប់ខ្លួនមនុស្ស ១.០០០នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្ម នៅ ក្នុងឆ្នាំ២០១៦។

របាយការណ៍របស់សហគមន៍អឺរ៉ុប បានព្រមានថា ស្ត្រី និងយុវជនហើយពេល ខ្លះគឺកុមារ កំពុងតែដើរតួនាទីក្នុងការវាយប្រហារភេរវកម្មដាច់ដោយឡែកនៅតំបន់អឺរ៉ុប ។ ក្នុងចំណោមមនុស្ស ១.០០០នាក់ ដែលបានចាប់ខ្លួនមានអាយុ ក្រោម២៥ឆ្នាំ ក្នុងនោះមានទាំង យុវជនផងដែរ។

របាយការណ៍បានបង្ហាញឲ្យឃើញថា នៅក្នុងឆ្នាំ២០១៧នេះ ការវាយប្រហារ កើនឡើង នៅតំបន់អឺរ៉ុប ក្នុងនោះមាន ​ ប្រទេសជាច្រើនដែលមិនធ្លាប់រងការវាយប្រហារភេរវកម្មក៏បានរងការវាយប្រហារដែរ ដូចជាអង់គ្លេសជាដើម។ ការវាយ ប្រហារកាលពីថ្ងៃទី៣ខែមិថុនា ក្នុងទីក្រុង បានបង្ហាញថា ក្រុមភេរវកម្ម ពិតជាបាន លាក់ខ្លួននៅគ្រប់ទិសទី ដើម្បីបើកការវាយ ប្រហារ។

សង្គ្រាមវាយប្រហារភេរវកម្ម នឹងបន្ត ជាអាទិភាព ដែលមិនមែនតែតំបន់អឺរ៉ុប ឡើយគឺនៅលើពិភពលោកទាំងមូល ក្នុង នោះក៏មានតំបន់អាស៊ានផងដែរ។

ក្រោយពេលដែលទីតាំង របស់ក្រុមភេ រវកម្មរងការវាយប្រហាររួមតូចពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រុមនេះបានអំពាវនាវឲ្យបើកការវាយប្រហារ តាមបែប«ចចកឯកោ»នៅគ្រប់ទិសទីជុំវិញពិភពលោក ពិសេសគឺទៅលើប្រទេសដែលបានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារក្រុម IS ។ មិនត្រឹមត ែប៉ុណ្ណោះ ក្រុមភេរវកម្មក៏បានជំរុញឲ្យពង្រីកទីតាំងគ្រប់គ្រងនៅអាស៊ាន ឲ្យកាន់តែរឹងមាំមុនពេលទីតាំងនៅអុីរ៉ាក់និងស៊ីរីត្រូវបាត់បង់។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ សារព័ត៌មាន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះបានឲ្យដឹងថា កងកម្លាំង រដ្ឋាភិបាលអុីរ៉ាក់ កាលពីថ្ងៃចន្ទបានរំដោះបានតំបន់មួយផ្នែកទៀត នៅភាគខាងលិច ទីក្រុងមូស៊ូល ដោយបានកាត់ផ្តាច់ បាន ភូមិធំៗចំនួន៤ ពីក្រុមប្រយុទ្ធIS ។

ប្រតិបត្តិការដែល រំដោះបានភូមិទាំង នោះ គឺជាផ្នែកមួយនៃប្រតិបត្តិការ ធំ ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងតំបន់ ភាគខាងលិច ទីក្រុងមូស៊ូលដោយ ក្រុម យោធាសង្ឃឹមថា នឹងអាចរំដោះបានតំបន់ Turkoman ទាំងមូលមុននឹង សម្រុកចូល បន្ថែមទៅកាន់ តំបន់កាន់កាប់យ៉ាងរឹងមាំ របស់ IS គឺតំបន់ Tal Afar ដែលស្ថិតនៅ ចម្ងាយ ប្រមាណជា ៧០គីឡូម៉ែត្រ ពីទី ក្រុងមូស៊ូល ។

គួររំលឹកឡើងវិញថា ទីក្រុងមូស៊ូល ដែលស្ថិតនៅ ចម្ងាយប្រមាណជា ៤០០ គីឡូម៉ែត្រ ពីទីក្រុងបាដាដត្រូវបានធ្លាក់ ចូលទៅក្នុងកណ្តាប់ដៃរបស់ក្រុម IS តាំង​តែពីខែមិថុនា ឆ្នាំ២០១៤មកម្ល៉េះ ។

NKD-36x6_outline

ចំណែកនៅក្នុងប្រទេសស៊ីរីវិញ កម្លាំង ប្រជាធិបតេយ្យស៊ីរី ដែលជាយុទ្ធជនគួដ ឌីស្ថាននិងអារ៉ាបគាំទ្រឧបត្ថម្ភដោយ សហរដ្ឋអាមេរិក បានជូនដំណឹងកាលពី ម្សិលមិញ ថា”កងកម្លាំងរបស់ខ្លួន បាន វាយយកបានសង្កាត់ទីមួយនៅភាគខាងលិចនៃក្រុងរ៉ាខា និងប៉ុនប៉ងវាយរំដោះ មូលដ្ឋានយោធាមួយនៅភាគខាងជើងនៃទីក្រុងនេះដែរ។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលបើកប្រតិបត្តិការវាយប្រហារក្នុងទ្រង់ទ្រាយធំតាំងពីខែវិច្ឆិកាឆ្នាំមុន ដើម្បីកម្ចាត់ពួកអ៊ិស្លាមជីហាដពីទីក្រុងរ៉ាខា បានវាយរុលចូលទៅមុខជាលើកទីមួយនៅថ្ងៃទី៦មិថុនាដល់ក្រុងនេះនៅភាគខាងជើងស៊ីរី។ ទីក្រុងរ៉ាខាដែលពួកជីហាដវាយកាន់កាប់បាននៅឆ្នាំ​២០១៤។

បន្ទាប់ពីក្តោបក្តាប់បានសង្កាត់ទីមួយនៅMechleb កាលពីថ្ងៃពុធមុននៅភាគ ខាងកើត កម្លាំងប្រជាធិបតេយ្យស៊ីរី បាន វាយរុលទៅមុខនៅថ្ងៃអាទិត្យមុន នៅប៉ែក ខាងលិចក្រុង រ៉ាខាដោយបានជូនដំណឹង អំពីការរំដោះយកបាននូវសង្កាត់ជិតខាង មួយទៀតនៅAl-Roumaniya ក្រោយពីការវាយប្រយុទ្ធគ្នាអស់រយៈពេល២ថ្ងៃរួចមក។

អ្នកយកការណ៍ម្នាក់របស់ទីភ្នាក់ងារ ព័ត៌មានបារាំង AFP បានរាយការណ៍ឲ្យ ដឹងថា នៅពេលចូលជិតទៅដល់ភាគខាង​លិច គេឃើញម៉ូតូជាច្រើនគ្រឿង ត្រូវអន្តរាយធ្លុះធ្លាយនឹងគ្រាប់កាំភ្លើងត្បាល់ជាច្រើនគ្រាប់ដែលពួកអ៊ិស្លាមបានបាញ់ ធ្លាក់រាយ ប៉ាយនៅលើដីតែមិនផ្ទុះ។

នៅក្នុងក្រុង កម្លាំងប្រជាធិបតេយ្យស៊ីរី បានដាក់ទីតាំងនៅតាមដំបូលផ្ទះនានា ដែលអត់មនុស្សនៅ ពីព្រោះ ពួកអ៊ិស្លាម ជីហាដ តែងតែធ្វើការបាញ់ប្រហារភ្លាមៗបើសិនជាឃើញមានចលនាអ្វីមួយកម្រើកឡើងនោះ។ ពេញមួយថ្ងៃ ការបាញ់កាំភ្លើងធំនិងការវាយប្រហារតាមជើងអាកាស បានបណ្តាលឲ្យឆាបឆេះនិងមានផ្សែងខ្មៅហុយយ៉ាងទ្រលោមពាសពេញទីក្រុង។ ការ វាយប្រហារនេះ បានបណ្តាលឲ្យរងអន្តរាយដល់ដំបូលក្រឡូមនៃវិហារអ៊ិស្លាមមួយស្ទើរតែអស់ជិតពាក់កណ្តាល។ គេឃើញសាកសពមនុស្ស៣នាក់ដែលគេសង្ស័យថាជា ពួកជីហាដដេកស្តូកស្តឹងនៅលើដី។

ក្រៅពីខាងលិចក្រុងរ៉ាខា កម្លាំងប្រជា ធិប​តេយ្យស៊ីរី បានរំកិលរុលទៅមុខសំដៅទៅរកភាគកណ្តាលនៃក្រុងដោយចេញពីសង្កាត់ Mechleb។ នៅថ្ងៃអាទិត្យទី១១ ខែមិថុនា ពួកគេបានរំដោះយកបានស្ទើរតែពាក់កណ្តាលនៅសង្កាត់ជិតខាងមួយទៀតនៅ Al-Senaa- នេះបើយោងតាមអង្គការពិនិត្យសិទ្ធិមនុស្សនៅស៊ីរី (OSDH) ហើយបើយោងតាមនាយកនៃអង្គការ (OSDH)ដដែលបញ្ជាក់ថា “ប្រសិនបើកកម្លាំងប្រជាធិបតេយ្យស៊ីរី អាចវាយដណ្តើមបានសង្កាត់នេះទាំងស្រុង នោះ គឺជាការ ឈានរុលទៅមុខមួយដ៏ធំធេងនិង ក៏អនុញ្ញាតឲ្យដល់កងកម្លាំងប្រជាធិបតេយ្យស៊ីរី អាចស្ថិតនៅក្បែរមាត់ទ្វារនៃទីក្រុងចំណាស់រ៉ាខាដែរ។

យោងតាមអង្គការពិនិត្យសិទ្ធិមនុស្សនៅស៊ីរី (OSDH) ដែលមានទីតាំងនៅ ប្រទេសអង់គ្លេសបានឲ្យដឹងថា យ៉ាងតិច ពួកជីហាតដចំនួន៦៧នាក់និងជនស៊ីវីល៥៨នាក់ ត្រូវបានស្លាប់តាំងពីថ្ងៃទី៦មិថុនាមក តែគេនៅពុំទាន់ មានតួលេខនៃជនរងគ្រោះខាងកងកម្លាំងប្រជាធិបតេយ្យស៊ីរីនៅឡើយទេ។

គួររំលឹកថា ក្រុងរ៉ាខា បានក្លាយជាទីកន្លែងនិមិត្តរូបនៃអំពើឃោរឃៅដ៏សាហាវយង់ឃ្នងរបស់ពួកជីហាដនៅស៊ីរីនិងក៏ជាមូលដ្ឋានមួយរបស់ពួកអ៊ិស្លាមនេះនៅក្នុងការរៀបចំផែនការនានាដើម្បីបង្កភេរកម្មនៅឯបរទេស៕ ម៉ែវ សាធី