ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ អីុរ៉ង់គំរាមកម្ទេចរដ្ឋធានីអីុស្រាអែលឲ្យរាបស្មើដល់ដី

មនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបង្ហាញពីការព្រួយបារម្ភក្រោយ ពេលដែល អីុរ៉ង់ បានព្រមានដល់ប្រទេស អីុស្រាអែល ដោយប្រាប់ថា នឹងកម្ទេចរដ្ឋ ធានី Tel Aviv របស់អីុស្រាអែល ឲ្យទៅជា ផេះ។

រដ្ឋធានីអីុស្រាអែល នឹងរាបស្មើដល់ដី ដោយសារតែការវាយប្រហារតបតពីអីុរ៉ង់ ប្រសិនបើ នាយករដ្ឋមន្ត្រី អីុស្រាអែល លោក ណេតាន់យ៉ាហូ៊ អនុវត្តការគំរាម វាយប្រហារអីុរ៉ង់នោះ។នេះជាការគំរាម តបតរបស់អីុរ៉ង់ ទៅលើប្រទេសអីុស្រា អែល ក្រោយពេលរងការចោទប្រកាន់ជា បន្តបន្ទាប់ពីអីុស្រាអែល។

កាលពីសប្តាហ៍កន្លងមក នាយករដ្ឋ មន្ត្រីអីុស្រាអែល លោកណេតាន់យ៉ាងហូ៊ បានកាន់នៅក្នុងដៃនូវបំណែកយន្តហោះគ្មានមនុស្សបើក របស់អីុរ៉ង់ ដែលទាហាន អីុស្រាអែលបាញ់ទម្លាក់ នៅភាគខាងជើង ប្រទេសនេះ។ នាយករដ្ឋមន្ត្រីអីុស្រាអែលបានប្រកាសថា អីុរ៉ង់ មិនត្រូវព្យាយាមសាកល្បងប្រឆាំងនឹងការប្តេជ្ញារបស់អីុស្រាអែលនោះឡើយ។ នាយករដ្ឋមន្ត្រីអីុស្រាអែល បញ្ជាក់ទៀតថា «យើងនឹងធ្វើសកម្មភាព នៅពេលចាំបាច់មិនត្រឹមតែប្រឆាំងនឹង កម្លាំងស្និទ្ធអីុរ៉ង់ដែលវាយប្រហារយើងខ្ញុំនោះឡើយ គឺយើងប្រឆាំងទាំងអីុរ៉ង់ ផង ដែរ»។

លោក Mohsen Rezaee បានព្រមានថា អីុរ៉ង់បានត្រៀមលក្ខណៈវាយបកទៅលើអីុស្រាអែលក្នុងនោះមានទីក្រុង Tel Aviv មុនពេលនាយករដ្ឋមន្ត្រីណេតាន់យ៉ាហូ៊រត់ចេញពីទីក្រុង។លោកបន្តទៀតថា «ប្រសិន បើអីុស្រាអែល មានសកម្មភាពប្រឆាំងអីុរ៉ង់ ទោះបីតូចក្តី អីុរ៉ង់ នឹង រំលាយរដ្ឋធានី Tel Aviv ឲ្យរាបស្មើដល់ដី និងមិនទុកឲ្យលោក ណេតាន់យ៉ាហូ៊ រត់គេទាន់ពេលនោះ ឡើយ»។

លោក Mohsen Rezaee បន្តទៀតថា « មេដឹកនាំអាមេរិក និងអីុស្រាអែលមិនដឹង ថា អីុរ៉ង់មានកម្លាំងខ្លាំងក្លាប៉ុនណានោះឡើយ ។ដូច្នេះពួកគេនឹងត្រូវប្រឈមមុខនឹងភាពបរាជ័យ ជាមិនខាន»។

កន្លងមករដ្ឋាភិបាលទីក្រុង តែលអាវីវ បានចោទប្រកាន់អីុរ៉ង់ ថា បានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អីុស្រាអែលដោយបានផ្តល់ កាំជ្រួចមីស៊ីលទំនើបៗឲ្យទៅ ក្រុម ហេសបូ៊ឡាហ៍នៅលីបង់ ក៏ដូចជា បង្កើតទីតាំង ដ៏រឹងមាំនៅក្នុងប្រទេសស៊ីរី ។

អីុស្រាអែល ក៏បានចាត់ទុកកិច្ចព្រម ព្រៀងបរមាណូរវាងអីុរ៉ង់ និងប្រទេស៥+១ ថា ជាកំហុសប្រវត្តិសាស្ត្រ និងជាការគំរាម កំហែងដល់អីុស្រាអែល ។អីុរ៉ង់ អាចផលិតមីស៊ីលជាច្រើនដើម្បីវាយប្រហារទៅលើប្រទេសអីុស្រាអែល។

អីុស្រាអែលនិងអីុរ៉ង់ តាំងពីយូរណាស់មកហើយបានចាត់ទុកជាសត្រូវនឹងគ្នា មិន អាចរស់នៅក្រោមមេឃតែមួយបានឡើយ ហើយប្រទេសទាំងពីរតែងតែគំរាមវាយ ប្រហារគ្នាទៅវិញទៅមក។

ការប្រឈមមុខតានតឹង ដាក់គ្នាកាន់តែ ខ្លាំងកើតឡើង ក្រោយពេល យន្តហោះ ចម្បាំងមួយគ្រឿងរបស់អុីស្រាអែល ត្រូវ បានប្រព័ន្ធការពារមីស៊ីលស៊ីរី បាញ់ទម្លាក់ កាលពីសៅរ៍ទី១០ខែកុម្ភៈ។ នៅក្នុងរយៈ ពេល ៣៥ឆ្នាំចុងក្រោយនេះ នេះជាលើកទី១ដែលយន្តហោះចម្បាំងអុីស្រាអែលបានផ្ទុះធ្លាក់ ដោយសារគ្រាប់មីស៊ីលរបស់ គូសត្រូវ។

មេដឹកនាំអ៊ីស្រាអែល លោកបែនចាមីន ណេតាន់យ៉ាហ៊ូ

នៅថ្ងៃទី១០ ខែកុម្ភៈ អុីស្រាអែលបានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងទៅវាយប្រហារលើទីតាំង ដែលអុីស្រាអែល ចោទថា ជាមូលដ្ឋានយោធា ដែលអុីរ៉ង់ បានប្រើដើម្បីបញ្ជូនយន្តហោះ ដ្រូន គ្មាន មនុស្សបើកឲ្យទៅលួចស៊ើបការណ៍នៅ ទឹកដីអុីស្រាអែល។ នៅវេទិកាក្នុងសន្និ សីទស្តីពីសន្តិសុខអន្តរជាតិ នៅទីក្រុងមុយ និច នាយករដ្ឋមន្រ្តីអុីស្រាអែលបានលើក បង្ហាញបន្ទះដែកពណ៌បៃតង ដែលលោក អះអាងថា ជាបំណែកយន្តហោះដ្រូន របស់អុីរ៉ង់ ដែលអុីស្រាអែលបាញ់ទម្លាក់ កាលពី៨ថ្ងៃមុន។ ប្រមុខរដ្ឋាភិបាលអុីស្រាអែលបានចោទជាសំណួរថា តើរដ្ឋមន្រ្តី ការបរទេសអុីរ៉ង់ ដែលត្រូវចូលរួម នៅក្នុងសន្និសីទនៅទីក្រុងមុយនិចដែរនោះ ទទួលស្គាល់បំណែកយន្តហោះនេះដែរឬទេ?

នាយករដ្ឋមន្រ្តី អុីស្រាអែល ដែលកំពុងរងការរិះគន់ដោយសារសំនណុំរឿងពុក រលួយ នៅក្នុងប្រទេស បានយកវេទិកា នៅបរទេស ដើម្បីគំរាមធ្វើអន្តរាគមន៍ ប្រឆាំងនឹងអុីរ៉ង់ដែលបើតាមលោក កំពុង សាបព្រោះ ពង្រឹងកម្លាំងយោធារបស់ខ្លួន នៅក្នុងបណ្តាប្រទេស ជុំវិញ អុីស្រាអែល ដូចជាគាំទ្រក្រុមហ៊ូធីនៅ យេម៉ែន ក្រុម សុីអុីត នៅអុីរ៉ាក់ ក្រុមទាហានរដ្ឋាភិបាល ស៊ីរី ក្រុមហេសប៊ូឡាស៍លីបង់ ហើយនិង ក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កា ហ្សា។ “អុីស្រាអែលនឹងមិនអនុញ្ញាតឲ្យអុីរ៉ង់ ចងខ្សែភេរវជន ដើម្បីរឹតកអុីស្រាអែលនោះ ទេ”។

សម្រាប់ប្រមុខដឹកនាំអុីស្រាអែល អុីរ៉ង់ មិនមែនគ្រោះថ្នាក់សម្រាប់តែអុីស្រាអែលប៉ុណ្ណោះ ប៉ុន្តែ សម្រាប់ពិភពលោកទាំងមូល ព្រោះថាកិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរ កំពុងបើកផ្លូវឲ្យអុីរ៉ង់ សំងំទាញយកប្រយោជន៍ពីការដកចោលទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីលួចផលិតគ្រាប់បែកនុយក្លេអ៊ែរ។

អុីរ៉ង់បានទាត់ចោល ការចោទប្រកាន់ រហូតមករបស់អុីស្រាអែល។ សម្រាប់រដ្ឋមន្រ្តីការបរទេសអុីរ៉ង់ លោកហ្សាវ៉ា ហ្សារីហ្វ ដែលមានវត្តមានផងដែរ នៅទីក្រុងមុយ និចបានបញ្ជាក់ថា ការលើកឡើងរបស់នាយករដ្ឋមន្រ្តីអុីស្រាអែល គ្រាន់តែរឿង ត្លុកកំប្លែង ដែលអុីស្រាអែលតែងធ្វើឡើង ដើម្បីរករឿងអុីរ៉ង់។ លោកហ្សាវ៉ា ហ្សារីហ្វ នៅបាននិយាយទៀតថា អុីស្រាអែល ឧស្សាហ៍ប្រើយន្តហោះចម្បាំង ទៅ បាញ់សម្លាប់ប្រជាជនស៊ីរី ក្នុងទឹកដីស៊ីរី ប៉ុន្តែ អុីស្រាអែលមិនមាត់កអ្វីទេ។ លើក នេះ គ្រាន់តែយន្តហោះ អុីស្រាអែលត្រូវ គេបាញ់ធ្លាក់ មួយគ្រឿង នាយករដ្ឋមន្រ្តី អុីស្រាអែលបំប៉ោងរឿងឲ្យធំ គឺដូចជាធ្ងន់ ធ្ងរខ្លាំងណាស់៕ ម៉ែវ សាធី