ព័ត៌មានទាន់ហេតុការណ៍៖

វិហារ​បុរាណ អាយុកាល​ជាង​៣០០​ឆ្នាំ អំពាវនាវ​រក​សប្បុរ​សជន​

ខេត្តបាត់ដំបង​៖ ព្រះវិហារ​មួយ មាន​អាយុកាល​ជាង​៣០០​ឆ្នាំ ស្ថិតក្នុង​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ត្រូវបាន​ព្រះសង្ឃ អាចារ្យ គណកម្មាធិការ​វត្ត អំពាវនាវ​ស្វែងរក​សប្បុរសជន​ក្នុងស្រុក និង​ក្រៅប្រទេស ជួយឧបត្ថម្ភ​ជួសជុល​កែលំអ​ឡើងវិញ ដើម្បី​អភិរក្ស​។​

​លោកតា ធុន សុវត្ថិ អាចារ្យវត្ត​សំរោង​ក្នុង បាន​រៀបរាប់ថា ព្រះវិហារ​វ័យ​ចំណាស់​មួយ​នេះ បាន​កសាងឡើង​ដោយ​លោកតា ត្តុ​ង្គ ជ័យ ក្នុងអំឡុង​ចុង​សតវត្ស​ទី​១៨ និង​ដើម​សតវត្ស​ទី​១៩ បើ​គិត​រហូតមកដល់​សព្វថ្ងៃ​នេះ​មាន​អាយុកាល​ប្រមាណ​ជា​៣១០​ឆ្នាំ​ហើយ​។​

ដោយសារតែ​មើលឃើញ​ព្រះវិហារ​នេះ ទ្រុធ​ទ្រោម​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រូបលោក​ព្រមទាំង​ព្រះសង្ឃ អាចារ្យ​គណកម្មាធិការ​វត្ត​សំរោង មានការ​ព្រួយបារម្ភ​ខ្លាច​ខូច​រចនាបថ និង​ចង់​រក្សា​ឲ្យ​នៅ​គង់វង្ស​ទៅតាម​រចនាបថ​ដើម ទើប​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួយឧបត្ថម្ភ ដើម្បី​រៀបចំ​ជួសជុល​ឡើងវិញ​។​

NKD-36x6_outline

​ព្រះអង្គ​បញ្ញា​វរោ ម៉ុ​ត សារឿន ចៅអធិការ​វត្ត​សំរោង​ក្នុង បាន​មាន​សង់​ដីកា​ថា ព្រះវិហារ​វ័យ​ជាង​៣០០​ឆ្នាំ​មួយ​នេះ មាន​រចនាបថ​ដើម​បែប​បុរាណ​ហើយ​សព្វថ្ងៃ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលមក​កម្សាន្ត​រាល់ថ្ងៃ​។ ក្នុងនាម​ចៅអធិការ​វត្ត​ក៏ដូចជា​អាចារ្យ និង​គណកម្មាធិកា​រទាំ​ង​អស់ សូម​អំពាវនាវ​ទៅដល់​សប្បុរសជន​ក្រៅ និង​ក្នុងប្រទេស ពិសេស​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សូមជួយ​សហការ​ជួសជុល​ឡើងវិញ ព្រោះ​ព្រះវិហារ​នេះ​កំពុងតែ​ឌ្រុ​ធ​ទ្រោម​ខ្លាំងណាស់ ខ្លាច​បាត់បង់​សុភា​វ​ដើម​៕ ហេង សូរិយា