ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាពិគ្រោះយោបល់សាធារណៈរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកញ៉ែម សាម៉ន ក្រុមប្រឹក្សាខេត្ត លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខសាលាខត្តស្ទឹងត្រែង មានបើកវេទិកាពិគ្រោះយោបល់ដាក់សំណួរ និងចម្លេីយ ដើម្បីបកស្រាយទុក្ខកង្វល់ របស់បងប្អូនប្រជាពលរដ្ឋ ជាមួយនឹងមន្ត្រីមូលដ្ឋានខ្លះ ដែលធ្វើឲ្យរាំងស្ទាក់ដល់ដំណើរការអភិវឌ្ឍន៍ និងសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ ដោយមានលោកញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងមានវាគ្មិនអញ្ជេីញចូលរួម គ្រប់មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីបកស្រាយបំភ្លឺជូនបងប្អូន ប្រជាពលរដ្ឋដែលបានដាក់សំណួរ ឬក៏សំណូមពរ។

ក្នុងឱកាសនេះផងដែរ លោកញ៉ែម សាម៉ន បានអានលក្ខខណ្ឌ១២ចំណុច ជូនវាគ្មិន ក៏ដូចបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីអ្នកមុខ អ្នកការ ក្នុងក្រុង និងខេត្ត ជាង១០០នាក់ដែលបានចូលរួម។

លោកក៏បានបញ្ជាក់បន្ថែមផងដែរថា មិនឲ្យនិយាយចូលនយោបាយនោះទេ សូមលើកយកតែគោលការណ៍ទាំង១២ចំណុចខាងលើដើម្បីចោទឆ្លើយតែប៉ុណ្ណោះ ទាក់ទងនឹងការអភិវឌ្ឍមូលដ្ឋាន និងសេវាផ្សេងៗ ដែលបងប្អូនមិនសប្បាយចិត្តទៅលើមន្ត្រីមូលដ្ឋាន និងទៅលើសេវាផ្សេងៗ ដូចជាសេវាសុខភាព សេវាផ្នែកច្បាប់ ទៅលើអត្រានុកូលដ្ឋាន និងបទល្មើសផ្សេងៗ ផ្តល់សេវាអគ្គីសនី ថ្លៃទឹកភ្លើង តើក្នុងការបម្រីសេវាទាំងនេះយ៉ាងណាដែរ ឆ្ងល់អីសួរហ្នឹង មានវាគ្មិនគ្រប់មន្ទីរជុំវិញខេត្តចាំបកស្រាយជូនរាល់ចម្ងល់ រាល់បញ្ហាដែលមាន។

ក្នុងនោះលោកស៉ី​ រាបុត្រ ចៅសង្កាត់ជំទប់ទី២ ក្រុងស្ទឹងត្រែង បានលើកឡើងនូវចំណចុសំខាន់ៗ៣ចំណុច ទី១.សេវាសុខាភិបាល សូមដាក់បារ៉ែនចំណាយឲ្យបានច្បាស់លាស់ និងសុំឲ្យមានការលើកលែងបង់សេវាទៅលើអ្នកជំងីដែលក្រីក្រទីទាល់ ទី២.ខាងតុលាការសុំឲ្យលើកលែងការពិន័យទៅលើអត្រានុកូលដ្ឋានដែលខូចបាត់ឬខុសកែថ្មីពីបងប្អូនប្រជាពលរដ្ឋធ្វើសារថ្មី ទី៣.សូមឲ្យសមត្ថកិច្ចបង្ក្រាប ទៅលើក្មេងទំនើង ថ្នាំញៀន ល្បែងស៉ីសងគ្រប់ប្រភេទ ដែលធ្វើឲ្យកើតមានអំពើហិង្សា និងចោរឆក់ប្លន់ផ្សេងៗ ដើម្បីភូមិ ឃុំមានសុវត្ថិភាព។

លោកអ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត បានបកស្រាយបញ្ហាសេវាថ្លៃព្យាបាល​សូមឲ្យមានការលើកលែងបង់ប្រាក់ចំពោះអ្នកជំងីក្រីក្រ ចំណុចទី១.បញ្ហាបង់សេវាអ្នកក្រ ឲ្យតែក្រពិតប្រាកដ ខាងមន្ទីរពេទ្យ តែងតែមានការលើកលែងទាំងស្រុង ខ្លះមានជីវភាពមធ្យម ក៏មានការលើកលែង៥០ភាគរយដោយពិនិត្យទៅលើលទ្ធភាពជាក់ស្តែង សេវានេះ មិនមែនទើបតែមាននោះទេគឺមានតាំងពីឆ្នាំ២០០៩មកម្ល៉េះ។

លោកសេង សុជាតិ ចៅក្រមសាលាដំបូងខេត្ត តំណាងឲ្យលោកអៀង គឹមថុល ប្រធានសាលាដំបូងឡើងបកស្រាយបំភ្លឺចំណុច​ ទី២. អំពីធ្វើច្បាប់ចម្លងអត្រានុកូលដ្ឋានសារថ្មី ឬកែឈ្មោះថា មិនមែនតុលាការអ្នកយកទេ គឺតម្រូវដោយច្បាប់តម្លៃ៥៥០០០រៀល ចេញដោយក្រសួងយុត្តិធម៌ ចាប់ពី៦០ថ្ងៃឡើងទៅ បើខុសភ្លាម ខូចភ្លាម កែភ្លាម មិនត្រូវបង់ប្រាក់នោះទេ។

NKD-36x6_outline

លោកឌៀប ចន្ធី ស្នងការរងខេត្ត បានបកស្រាយនៅចំណុចទី៣.ទៅលើភូមិឃុំមានសុវត្ថិភាព បច្ចុប្បន្នលោកកំពុងតែធ្វើ​និងអនុវត្តន៍យ៉ាងក្តៅគគុករាល់ថ្ងៃ ដូចជាគ្រឿងញៀន អំពើហិង្សា ឃាតកម្ម បានចាត់ការ និងចាប់បញ្ជូ​ទៅតុលាការ ដាក់ពន្ធនាគារជាបន្តបន្ទាប់ ចំណែកល្បែងស៉ីសងក៏ធ្លាប់កោះហៅ និងចុះបង្ក្រាប និងណែនាំឲ្យធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ជាច្រើនលើកមកហើយដែរ។

ជាចុងបញ្ចប់លោកក្រុមប្រឹក្សាខេត្តបានថ្លែងអំណរគុណ ដល់វាគ្មិនដែលបានបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ​ដោយចំណាយពេលវេលាដ៏មានតម្លៃចូលរួមស្តាប់ និងហ៊ានសួរទៅលើវាគ្មិនរាល់ចម្ងល់ទាំងឡាយដែលទាក់ទងនឹងវិស័យអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ៕ មាស សុផាត