ព័ត៌មានទាន់ហេតុការណ៍៖

វ៉ើលខាប់៖ តើក្រុមមួយណា ក្នុងចំណោម​៤​ក្រុម​ចុង​ក្រោយ​ ​មានសមត្ថភាពកាន់ពាន​?

ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក​២០១៨​នៅ​រុស្ស៊ី​រហូត​ដល់​ពេល​នេះ​​រក​ឃើញ​​ក្រុម​ជម្រើស​ជាតិ​ខ្លាំង​៤​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​ បន្ទាប់​ពី​ប្រកួត​ជម្រុះ​ចេញ​ពី​៣២​ក្រុម​​តាំង​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា រហូតមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ ។

បារាំង​
ក្រុម​ជម្រើស​ជាតិ​បារាំង​
មុន​ពេល​​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​​ C បារាំង​បាន​យក​ឈ្នះ​អូស្ត្រាលី​ ២-១, ឈ្នះ​ប៉េរូ ១-០ និង​បិទ​បញ្ចប់​ពូល​ស្មើ​ដាណឺម៉ាក​ ០-០។ វគ្គ​១៦​ក្រុម​ បារាំង​បន្ត​ឈ្នះ​​អាហ្សង់ទីន​ ៤-៣​ មុន​ពេល​បំបាក់​​​អ៊ុយរុយហ្គាយ​ ២-០ ឡើង​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ។

បែលហ្ស៊ិក
ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក
វគ្គ​សន្សំ​ពិន្ទុ​​ក្នុង​ពូល​ G ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក​បញ្ចប់​ដោយ​​ឈរ​លើ​កំពូល​តារាង​មាន​៩​ពិន្ទុ​ពី​ការ​ឈ្នះ​ប៉ាណាម៉ា​ ៣-០, ឈ្នះ​ទុយណេស៊ី​ ៥-២ និង​ឈ្នះ​អង់គ្លេស​ ១-០។ បែលហ្ស៊ិក​បន្ត​ជ័យជម្នះ​ទៀត​​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​លើ​ក្រុមមក​ពី​​អាស៊ី​ជប៉ុន​ ៣-២ មុន​ពេល​ទម្លាក់​ក្រុម​ខ្លាំង​ប្រេស៊ីល​ដោយ​គ្រាប់​បាល់​ ២-១ ​ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដើម្បី​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

អង់គ្លេស
ក្រុម​ជម្រើស​ជាតិ​អង់គ្លេស
ចំពោះ​តោ​កំណាច​អង់គ្លេស​ជា​ក្រុម​ស្ថិត​ក្នុង​ពូល​ជា​មួយ​បែលហ្ស៊ិក។ អង់គ្លេស​ឈ្នះ​២​ប្រកួត​ និង​ចាញ់​១​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​គឺ​ឈ្នះ​ទុយណេស៊ី​ ២-១, ឈ្នះ​​ប៉ាណាម៉ា​ ៦-១ និង​ចាញ់​បែលហ្ស៊ិក​ ១-០។ វគ្គ​​១៦​ក្រុម​ អង់គ្លេស​​ឈ្នះ​កូឡុំប៊ី​ដោយ​ការ​ទាត់​បាល់​កាត់​សេចក្តី​ ៤-៣ បន្ទាប់​ពី​១២០​នាទី​ស្មើ​គ្នា​ ១-១។ តោ​កំណាច​បាន​​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​តាម​រយៈ​ឈ្នះ​ស៊ុយអែត​ដោយ​លទ្ធផល​ ២-០​ កាល​ពី​យប់​មិញ។

ក្រូអាត
ក្រុម​ជម្រើស​ជាតិ​ក្រូអាត
ក្រូអាត​ជា​ក្រុម​មិន​ដែល​ចាញ់​ដូច​បែលហ្ស៊ិក​ដែរ​ក្នុង​ពូល​គឺ​ឈ្នះ​​នីហ្សេរីយ៉ា​ ២-០, ឈ្នះ​អាហ្សង់ទីន​ ៣-០ និង​ឈ្នះ​អ៊ីស្លង់​ ២-១។​ ការ​ប្រកួត​វគ្គ​១៦​ក្រុម​ ក្រូអាត​​​ឈ្នះ​ដាណឺម៉ាក​ដោយ​ការ​ទាត់​បាល់​កាត់​សេចក្តី​ ៣-២ ក្រោយ​ពេល​​១២០​នាទី​ស្មើ​គ្នា​ ១-១។ វគ្គ​១/៤​ ក្រូអាត​បន្ត​ជ័យជម្នះ​ទៀត​ដោយ​ការ​ទាត់​បាល់​កាត់​សេចក្តី​​លើ​ម្ចាស់​ផ្ទះ​រុស្ស៊ី​​ ៤-៣ បន្ទាប់​ពី​ស្មើ​​គ្នា​ ២-២ ក្នុង​ការ​ប្រកួត​រយៈ​ពេល​១២០​នាទី​កាល​ពី​យប់​មិញ ៕