ព័ត៌មានទាន់ហេតុការណ៍៖

សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី ត្រូវដោះលែងចេញពន្ធនាគារនៅយប់ថ្ងៃនេះតាមដីការបស់ព្រះរាជអាជ្ញា ក្រោយព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោស

ភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាដោះលែងសកម្មជនដីធ្លី សហគមន៍បឹងកក់ម្នាក់ គឺអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារហើយ ក្រោយជាប់ឃុំឃាំងនៅទីនោះអស់រយៈពេលប្រមាណ២ឆ្នាំ។ នេះបើយោងតាមដីការបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅមុននេះបន្ដិច។

ការសម្រេចដោះលែងអ្នកស្រី ទេព វន្នី ចេញពីពន្ធនាគារ «ម២» ទាំងយប់នេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់អ្នកស្រី និងសកម្មជនដីធ្លីចំនួន៣នាក់ទៀតរួមមាន៖ អ្នកស្រី ហេង មុំ, អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា។

សូមបញ្ជាក់ថា អ្នកស្រី ទេព វន្នី ត្រូវបានតុលាការឃុំខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ដោយសម្រេចផ្ដន្ទាទោសចំនួន២ឆ្នាំកន្លះ ក្រោមការចោទប្រកាន់ពីបទ «ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស»៕