ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពបូមខ្សាច់លុបព្រៃកោងកាងនៅតំបន់ពាមព្រែកកោះយ៉នៅតែដំណើរការ

ខេត្តកោះកុង ៖ សកម្មភាពបូមខ្សាច់ចាក់លុបបំពេញដីរំលោភព្រៃកោងកាងក្នុង តំបន់ការពារពាមព្រែកកោះយ៉ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ កុងត្រូវបានមហាជនមើលឃើញថា កំពុងកើតមានជារៀងរាល់ថ្ងៃទោះបីជារដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីធ្លាប់បានស្តីបន្ទោសមន្ត្រីជំនាញពាក់ព័ន្ធ និងអភិបាលខេត្តកោះកុងយ៉ាងណាក៏ ដោយ ក៏អាជ្ញាធរខេត្តនេះហាក់គ្មានវិធានការដើម្បីទប់ស្កាត់ដែរ ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់ នៅឆ្នេរប៉ាក់ខ្លងបានឲ្យដឹងថា ការបូមខ្សាច់ចេញពីព្រែកនៃដៃសមុទ្រប៉ាក់ខ្លងបំពេញដីឡូត៍ជាប់មាត់ព្រែកដែលជាព្រៃកោងកាងជារៀងរាល់ថ្ងៃគ្មានការទប់ស្កាត់នោះទេ។ ប្រភពបានបន្តថា ម៉ាស៊ីនបូមខ្សាច់នោះបានដាក់ជាប់នឹងស្នាក់ការផ្នែកជលផលពាមក្រសោប និងប៉ុស្តិ៍មាត់ពាមព្រែកកោះយ៉ ដែលជាតំបន់អភិរក្សព្រៃកោងកាងតែម្តង។

ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះ មន្ត្រីពាក់ព័ន្ធដែលយកតែរួចខ្លួនរៀងៗខ្លួន ក្នុងពេលដែលបទល្មើសកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទទួលខុសត្រូវដោយ សង្ស័យទទួលលាភសក្ការៈ មិនយកភ្នែក មើល ឬទទួលខុសត្រូវក្នុងការបង្ក្រាបបទល្មើសជាក់ស្តែងខាងលើនេះ ។

មន្ត្រីបរិស្ថានមួយរូបបញ្ជាក់ថា ក្នុង ករណីចាំបាច់ពាក់ព័ន្ធនឹងការដាក់ទុនវិនិយោគក្នុងតំបន់នេះ លុះត្រាតែមានការ អនុញ្ញាតពីក្រសួងបរិស្ថានជាមុនសិន។ទោះបីជាយ៉ាងណាបន្ទាប់ពីសកម្មភាពលួចបូមខ្សាច់ចាក់រំលោភយកដីក្នុងតំបន់ការពារត្រូវបានផ្អាកមួយរយៈខ្លីរួចមករយៈពេលមួយសប្តាហ៍ចុងក្រោយនេះជនខិលខូចបានចាប់ផ្តើមធ្វើសកម្មភាពរបស់ខ្លួនឡើងវិញដោយគ្មានខ្លាចញញើតសោះឡើយ ។

មន្ត្រីវរសេនាតូចលេខ២៦៩ប្រចាំប៉ុស្តិ៍មាត់ពាមព្រែកកោះយ៉បានថ្លែងថា តាម ពិតគ្មានសកម្មភាពបូមខ្សាច់ចេញពីព្រែកនេះទេគឺខ្សាច់នេះគេដឹកតាមសាឡង់ពី តំបន់ផ្សេងរួចបូមចេញពីសាឡង់ទៅចាក់ បំពេញដីនៅក្បែរមាត់ព្រែក។ តាមការស្នើសុំចតសាឡង់ដើម្បីបូមខ្សាច់គេប្រាប់ថា មានច្បាប់ត្រឹមត្រូវ ប៉ុន្តែខាងមន្ត្រីមិនបានសុំច្បាប់មើលឡើយ ។

មន្ត្រីដដែលបានបញ្ជាក់ថា បើសិនជាមានការបូមខ្សាច់ក្នុងព្រែកក្បែរស្នាក់ប៉ុស្តិ៍ពិតមានការបាក់ដីច្រាំងព្រែក និងរលំប៉ុស្តិ៍កងកម្លាំងប្រចាំការនៅទីនេះមិនខាន។ បើចង់ដឹងច្បាស់អាចអញ្ជើញមកមើលផ្ទាល់បានគឺឈរតែពីលើស្ពានមើលឃើញហើយគ្មានការបូមខ្សាច់ចេញពីព្រែកឡើយ ។

យោងតាមអនុក្រឹត្យលេខ២៣៦ អនក្រ បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ ដីខាងលើនេះត្រូវបានកាត់ចេញពីដែនជម្រក សត្វព្រៃពាមក្រសោបមកជាដីសហគមន៍ទំហំ១.០៥៣ហិកតាហើយក្រសួងបរិស្ថានជាអ្នកគ្រប់គ្រង។ ដូច្នេះអាជ្ញាធរដែនដីឬ បុគ្គលណាក៏ដោយគ្មានសិទ្ធិក្នុងការចេញបណ្ណឬកាន់កាប់ដីនៅក្នុងតំបន់នេះឡើយ បើគ្មានការអនុញ្ញាតពីក្រសួងបរិស្ថាននោះ។

ក្នុងករណីលួចបូមខ្សាច់ចាក់លុបរំលោភយកដីក្នុងតំបន់ព្រៃការពារនេះមានបទល្មើស២ផ្សេងគ្នា ទី១-បទល្មើសលួច ធ្វើអាជីវកម្មរ៉ែ (បូមខ្សាច់) ដោយគ្មានច្បាប់ អនុញ្ញាត និងទី២-បទល្មើសរំលោភយកដីក្នុងតំបន់ការពារនិងគ្រប់គ្រងដោយក្រសួងបរិស្ថានតែម្តង ។

សូមបញ្ជាក់ថា យោងតាម ស.ជ.ណ. លេខ២៨៦ សជណ.កស របស់ទីស្តីការ គណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៨បានឲ្យដឹងថា ករណីបូមខ្សាច់ចាក់បំពេញដីក្នុងតំបន់ព្រៃកោងកាងនៃដែន ជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង រាជរដ្ឋាភិបាលបានយល់ព្រមតាមសំណើ របស់ក្រសួងបរិស្ថានសម្រេចដកហូតដី ទុកជាសម្បត្តិរដ្ឋនូវទីតាំងដីទំហំ១៣,៣៩ហិកតាដែលកាន់កាប់ដោយឈ្មោះ សុខ គឹមហុង និងឈ្មោះ មាស ស៊ីវជូ ក្នុងនោះ ដីទំហំ៣,១១ហិកតាត្រូវបានបូមខ្សាច់ចាក់បំពេញ ។

ក្នុងស.ជ.ណ.របស់ទីស្តីការគណៈរដ្ឋ មន្ត្រីបានបញ្ជាក់ថា ឈ្មោះ សុខ គឹមហុង និងឈ្មោះ មាស ស៊ីវជូ ត្រូវស្នើសុំប្រើប្រាស់ ចំណែកដីស្ថិតក្នុងតំបន់សហគមន៍នៃដែនជម្រកសត្វព្រៃព្រាមក្រសោបតាមនីតិវិធី មកក្រសួងបរិស្ថានដោយអនុលោមតាម ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ ភូមិបាល ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗដល់អភិបាលខេត្តមួយចំនួន នៅក្នុងកម្មវិធីសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត»នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។

ក្នុងឱកាសនោះសម្តេចតេជោបានរិះ គន់យ៉ាងដូច្នេះថា «សិទ្ធិអំណាចរបស់ចៅ ហ្វាយខេត្តមិនឱ្យក្រុមហ៊ុនមួយធ្វើកន្លែងនៅការដ្ឋានមួយ។ ក្រុមហ៊ុននោះនៅតែ ចចេសធ្វើចៅហ្វាយខេត្តអត់ហ៊ានឃាត់! អ៊ីចឹងចាំបាច់ធ្វើចៅហ្វាយខេត្តធ្វើអ្វីឱ្យក្រុមហ៊ុននោះធ្វើចៅហ្វាយខេត្តទៅមិនល្អជាង។ បើក្រុមហ៊ុនវាធំជាងខេត្តទៅហើយ»។

ដោយឡែកអំពីរឿងបូមខ្សាច់បំពេញដីរំលោភយកដីកោងកាងនៅខេត្តកោះកុង សម្តេចតេជោបានមានប្រសាសន៍ថា «ចំពោះគម្រោងបូមខ្សាច់ដាក់សមុទ្រដើម្បីបង្កើតទៅជាទីក្រុងដែលផ្សាយតាមសារ ព័ត៌មាននានានោះ ហេតុអី្វចៅហ្វាយខេត្ត មិនបង្ក្រាប។ ដូច្នេះសម្តេចបញ្ជាឲ្យអភិបាល ខេត្តកោះកុង ក្រសួងរៀបចំដែនដី និង ក្រសួងបរិស្ថានត្រូវឆ្លើយតបលើបញ្ហានេះជាបន្ទាន់ផងដែរ» ៕ ហេង សូរិយា