ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពស្វែងរកអ្នកបាត់ខ្លួនដោយសារការរញ្ជួយដី រលកស៊ូណាមិ ត្រូវបញ្ចប់

បើទោះបីនៅមានអ្នកបាត់ខ្លួនជាង ៥.០០០នាក់ដែលមិនទាន់រកឃើញក៏ដោយក៏រដ្ឋាភិបាល ឥណ្ឌូនេស៊ី បានសម្រេចបញ្ចប់សកម្មភាពស្វែងរកជួយសង្គ្រោះ ដោយ បង្វែរគោលដៅ មកអភិវឌ្ឍន៍ និងរៀបចំ តំបន់រងគ្រោះឡើងវិញ។ គិតមកត្រឹមពេល នេះ ក្រុមសង្រ្គោះ បានប្រមូលសាកសព មនុស្សបានចំនួន២.០៧៣នាក់ នៅក្នុង តំបន់Paluដែលជាតំបន់រងគ្រោះ ដោយ ការរញ្ជួយដី និងរលកស៊ូណាមិ កាលពីថ្ងៃ ទី២៨ ខែកញ្ញា។

លោក បំបាង ស៊ូរីយូ មន្ត្រីទទួលខុសត្រូវ ក្នុងប្រតិបត្តិការរុករកសាកសពមនុស្ស ដោយ គ្រោះរញ្ជួយដី នៅឥណ្ឌូនេស៊ី បានប្រកាស ថា ប្រតិបត្តិការរុករកសាកសព ត្រូវបិទ បញ្ចប់នៅរសៀលថ្ងៃព្រហស្បតិ៍ទី១១ តុលា។ លោកពន្យល់ថា ដោយយោងទៅលើស្ថានភាពដ៏លំបាកនៃប្រតិបត្តិការរុក រកនេះ អាជ្ញាធរបានផ្តល់អាទិភាព ទៅដល់ ស្ថានភាពសុខភាព និងកត្តាសន្តិសុខ របស់ក្រុមការងាររុករកជាង។ ដូច្នេះ ក្រុម សង្រ្គោះ មិនអាចបន្តយកជីវិតទៅប្រថុយ ក្នុងប្រតិបត្តិការដ៏លំបាកនេះទៀតបានទេ។ តែយ៉ាងណា ក្រុមសង្រ្គោះនឹងនៅឈរជើងប្រចាំនៅតំបន់រងគ្រោះ រហូតដល់ថ្ងៃទី ២៦ ខែតុលា ដែលជាថ្ងៃផុតកំណត់ នៃ ការប្រកាសអាសន្ន ដាក់ចុះដោយរដ្ឋាភិ បាលឥណ្ឌូនេស៊ី។

យោងតាមតួលេខថ្មី ផ្តល់ឲ្យដោយ អាជ្ញាធរឥណ្ឌូណេស៊ី ចំនួនសាកសព ដែលគេរកឃើញ មានចំនួនសរុប ២០៧ ៣នាក់។ បន្ថែមពីនេះ នៅមានមនុស្សយ៉ាង ហោច ៥០០០នាក់ផ្សេងទៀត ដែលមិន ទាន់រកសាកសពឃើញនៅឡើយទេ។

សូមរំលឹកថា គ្រោះរញ្ជួយដីកម្រិត ៧,៥ រិុចទ័រ បានកើតឡើង នៅតំបន់Paluនៃប្រជុំកោះCélèbesរបស់ឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៨កញ្ញា។ គ្រោះរញ្ជួយដី បានបង្កជារលកយក្សស៊ូណាមិ លេបត្របាក់ភូមិជាច្រើននៅតាមមាត់សមុទ្រ។ ទីប្រជុំជន៣នៃតំបន់Paluដែលរងគ្រោះខ្លាំងជាងគេបំផុត គឺ BalaroaPetobo និង Jono Oge។ រដ្ឋាភិបាលឥណ្ឌូនេស៊ី មានបំណង រក្សាទុកតំបន់រងគ្រោះទាំងនេះ ឲ្យនៅក្នុងសភាពបាក់បែកដើម្បីធ្វើជាតំបន់បៃតង និងជាទីបូជនីយដ្ឋានរំលឹកវិញ្ញាណក្ខន្ធ ដល់អ្នកស្លាប់។

គួរកត់សម្គាល់ថា នេះគឺជាមហន្តរាយ ធម្មជាតិ ដ៏ធ្ងន់ធ្ងរបំផុត សម្រាប់ប្រជាជន ឥណ្ឌូនេស៊ី បន្ទាប់ពីគ្រោះស៊ូណាមិ កាលពី ចុងឆ្នាំ២០០៤។ បច្ចុប្បន្ន មនុស្សប្រមាណ ២សែននាក់ នៅតំបន់Paluកំពុងត្រូវការ ជំនួយបន្ទាន់ ដូចជាចំណីអាហារ និងទឹក ស្អាត។ មនុស្សប្រមាណ៨ម៉ឺននាក់ ដែល បាត់បង់ផ្ទះសម្បែង កំពុងតែលតោល ស្នាក់នៅតាមគំនរបាក់បែក និងតាមជម្រក បណ្តោះអាសន្ន។ តាមការគ្រោងទុក លោកអគ្គលេខាធិការ អង្គការសហ ប្រជាជាតិ នឹងអញ្ជើញទៅដល់តំបន់ រងគ្រោះ នៅថ្ងៃសុក្រទី ១២តុលានេះ។ អង្គការសហប្រជាជាតិ កំពុងអំពាវនាវ ត្រូវការជំនួយថវិកា ចំនួន៥០លានដុល្លារ ដើម្បីអនុវត្តគម្រោងជំនួយសង្រ្គោះបន្ទាន់ ដល់ប្រជាជនដែលរងគ្រោះដោយមហន្តរាយរញ្ជួយដីនេះ៕ ម៉ែវ សាធី