ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមទឹកអាស៊ីតផ្ទុះឡើងទៀតហើយនៅខណ្ឌមានជ័យ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ត្រូវជនសង្ស័យយកទឹកអាស៊ីតមកជះពេញផ្ទៃមុខប៉ុនប៉ងឃាតកម្ម ខណៈកំពុងជិះម៉ូតូម្នាក់ឯង បណ្តាលឲ្យ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្ទះលេខ១០ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ ខៀវ វិសិដ្ឋសត្យា ហៅ ថៃយ៉ា ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ចំណុចផ្ទះលេខ១០ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯស្រ្តីរងគ្រោះ ឈ្មោះ ឌឿន ស៊ុនណារ៉ា ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ក្នុងភូមិថ្មី សង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រងរបួសធ្ងន់ ។

NKD-36x6_outline

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះឌឿន ស៊ុនណារ៉ា បានជិះម៉ូតូចេញពីក្នុងផ្ទះនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ លុះជិះមកដល់មុខផ្ទះខាងលើ ស្រាប់តែជនសង្ស័យឈ្មោះ ខៀវ វិសិដ្ឋសត្យា ហៅ ថៃយ៉ា បានធ្វើសកម្មភាពយកទឹកអាសុីតជះទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសផ្ទៃមុខនិងរបួសត្រង់ដៃទាំងសងខាង រួចត្រូវបានក្រុមគ្រួសារសញ្ញាតិយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមះ ហៅពេទ្យលោកសង្ឃ ។

ក្រោយកើតហេតុជនសង្ស័យឈ្មោះ ខៀវ វិសិដ្ឋសត្យា ហៅ ថៃយ៉ា បានជិះម៉ូតូរត់គេចខ្លួនបាត់ ហើយក្រោយពីកើតហេតុសាច់ញាតិជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមច្បាប់៕ តាឡឹម