ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន នឹងបញ្ចប់នៅមុនខែវិច្ឆិកាឬ?

សង្គ្រាមពាណិជ្ជកម្មដែលចាប់ផ្តើម ចេញពីអាមេរិក ហើយពេលនេះកំពុងតែ រាលដាលនៅទូទាំងពិភាពលោក ហើយ កាន់តែតានតឹងខ្លាំងឡើង ។បើទោះបីបែប ណាក្តី ប្រទេសជាច្រើននៅជុំវិញពិភពលោកមិនចង់ឲ្យសង្គ្រាមពាណិជ្ជកម្មកើតឡើងនោះទេ ដោយចង់បញ្ចប់វាឲ្យបានឆាប់ បំផុត ដើម្បីបញ្ចៀស ហានិភ័យសេដ្ឋកិច្ច ពិភពលោក។

កាលពីថ្ងៃទី១៨ ខែសីហា សារព័ត៌មាន wall Street Journal របស់អាមេរិក បាន ផ្សាយថា អាមេរិក-ចិន សង្ឃឹមថា សង្គ្រាម ពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទំាងពីរនឹងត្រូវបញ្ចប់ក្រោយជំនួបកំពូលរវាងមេដឹកនាំចិនស៊ី ជីងពីន នឹង ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នៅ ក្នុងកិច្ចប្រជុំ G20 នាខែវិច្ឆិកាខាងមុខ ។ នោះជាពេលវេលាដ៏ល្អប្រសើរបំផុត ដែលមេដឹកនាំប្រទេសទាំងពីរត្រូវពិភាក្សាគ្នា បញ្ចប់ការប្រឈមមុខក្នុងវិស័យពាណិជ្ជ កម្មនិងពន្ធដារ។

កាលពីថ្ងៃទី១៦ ខែសីហា កន្លងមក ទីក្រុងប៉េកាំង បានប្រកាស ថា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មចិន លោក Wang Shouwen នឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយនេះដើម្បីពិភាក្សាត្រៀមរៀបចំជំនួបទ្វេភាគីដែលបានផ្អាកនាពេលកន្លងមកពាក់ព័ន្ធនឹងពាណិជ្ជកម្ម។ សារ ព័ត៌មាន Wall Street Journal បានដក ស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានលើកឡើងថា លោក Wang នឹងជួបពិភាក្សាជាមួយរដ្ឋលេខាធិការ ក្រសួងហិរញ្ញវត្ថុអាមេរិក លោក David Malpassនាថ្ងៃទី២២-២៣ ខែសីហា ដើម្បីជាការបើកផ្លូវដល់ជំនួបរវាងប្រធានាធិបតីប្រទេសទាំងពីរ នៅក្នុងខែវិច្ឆិកា។

នៅពេលនេះដែររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននៅតែបន្តដាក់គំនាបទៅលើទីក្រុងប៉េកាំង ក្នុងវិស័យពាណិជ្ជកម្ម ។ លោកត្រាំបានប្រកាសនៅក្នុងកិច្ចប្រជុំនៅសេត វិមានកាលពីថ្ងៃទី១៧ខែសីហាថា«យើង កំពុងតែពិភាក្សាជាមួយចិន ហើយចិនក៏ ចង់ពិភាក្សាជាមួយយើងដែរ ។ ដោយសារ តែចិន មិនអាចបង្ហាញពីគោលជំហរច្បាស់លាស់ក្នុងពាណិជ្ជកម្មដែលយើងអាចទទួលយកបាន ។ ដូច្នេះ យើង មិនអាចឈាន ដល់កិច្ចព្រមព្រៀង ណាមួយឡើយ នៅ ពេលដែលមិនមានតម្លាភាពនៅក្នុងវិស័យពាណិជ្ជកម្មនោះ»។

សង្គ្រាមពាណិជ្ជកម្ម គឺមានតែបង្កការ ខាតបង់ទាំងសងខាង មិនមានភាគីណា មួយឈ្នះនោះឡើយ ។ ទាំងនោះហើយ បានជាចិន ខិតខំទប់ស្កាត់ សង្គ្រាមពាណិជ្ជ កម្មកើតឡើង ប៉ុន្តែចិនមិនចុះញ៉មអាមេរិកនោះឡើយ ចំពោះគំនាបទាំងឡាយរបស់ អាមេរិក ។ ចិនស៊ីសងភ្លាមៗជាមួយអាមេ រិក ក្នុងការដំឡើងពន្ធ ។

ថ្មីៗនេះនាវាផ្ទុកសណ្តែកសៀងសហរដ្ឋអាមេរិកប្រមាណ៧០.០០០តោន បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិជាខ្លាំង នៅពេលដែលនាវានេះបានមកដល់ឆ្នេរសមុទ្រប្រទេសចិន ក្នុងត្រឹមរយៈពេល ប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសចិន បាន សម្រេចយកពន្ធនាំចូល ២៥ភាគរយលើ ទំនិញដែលមានតម្លៃ៣៤ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះបូករួមទាំងការនាំចូលសណ្តែកសៀងផងដែរ។

នាវានេះបានធ្វើដំណើរតាមបណ្ដោយក្បែរឆ្នេរសមុទ្រនៃប្រទេសចិន អស់រយៈ ពេលមួយខែមកហើយ នៅទីបំផុតវាបាន ចូលចតនៅកំពង់ផែ Dalian។ កាសែត The Guardian បាននិយាយថា នាវានេះ គឺជាជនរងគ្រោះក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិននឹងអាមេរិក។

លោកបណ្ឌិត John Gong សាស្រ្តាចារ្យប្រចាំនៅសាកលវិទ្យាល័យអន្ដរជាតិពាណិជ្ជកម្ម និងសេដ្ឋកិច្ច បាននិយាយថា «សណ្តែកសៀងអាមេរិក គឺជាផលិតផល ដ៏ល្អមួយ ប៉ុន្តែបែរជាក្លាយទៅជាជនរងគ្រោះនៃសង្គ្រាមពាណិជ្ជកម្ម និងការ ដំឡើងពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅវិញ វាជារឿងអកុសលខ្លាំងណាស់» មិនតែប៉ុណ្ណោះលោកបានចាត់ទុកស្ថានភាពនេះជាហ្គេមចាញ់=ចាញ់។

ទោះយ៉ាងនេះក្តីក្នុងសង្គ្រាមនេះ អាច ចាត់ទុកថា ជាឱកាសល្អមួយសម្រាប់ ប្រទេស ចិន ដោយសារហេតុផលមួយ ចំនួន។ យើងលើកឧទាហរណ៍សណ្ដែកសៀងសហរដ្ឋអាមេរិក នាំចូលមកកាន់ ប្រទេស ចិន។ កន្លងមកចិនធ្លាប់តែប្រើ ប្រាស់សណ្តែកសៀងជាសារធាតុចម្បងសម្រាប់ផលិតប្រេងឆា ប៉ុន្តែប្រេងឆាក៏អាចចម្រាញ់ចេញពីដំណាំផ្សេងទៀតជំនួស ផងដែរ ហើយម្យ៉ាងទៀតប្រទេស ចិន ក៏អាចនាំចូលសណ្ដែកសៀងពីប្រទេសផ្សេងទៀតក្រៅពីសហរដ្ឋអាមេរិកបានដែរ។ ហេតុនេះ អ្នកដែលរងគ្រោះពិតប្រាកដ មិនមែនប្រជាពលរដ្ឋចិននោះទេ គឺកសិករ ដាំសណ្តែកសៀងអាមេរិក ដែលនឹងត្រូវរង ផលប៉ះពាល់ ប្រសិនបើចិនផ្លាស់ប្តូរជម្រើសរបស់ខ្លួន។

ម្យ៉ាងទៀតសង្គ្រាមពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ អាចនឹងក្លាយជាឱកាសវិជ្ជមានសម្រាប់ប្រទេសចិន ព្រោះថាវានឹងធ្វើឱ្យទីផ្សារចិនកាត់បន្ថយការពឹងផ្អែកលើផលិតផលអាមេរិក នាំឱ្យអតិថិជនចិន ប្តូរទៅប្រើប្រាស់ផលិតផលក្នុងស្រុកវិញម្តង ដែលជាឱកាសល្អមួយសម្រាប់កសិករ ចិន។ ការនាំចេញសរុបរបស់ចិនទៅកាន់សហរដ្ឋអាមេរិក មានប្រមាណជា៥០០ ពាន់លានដុល្លារ។ លោក ហ្គុង បាននិយាយ ថា ក្នុងស្ថានភាពបែបនេះ ក្រុមហ៊ុននៅ ក្នុងប្រទេសចិន អាចនឹងងាកមកផ្តោត សំខាន់លើទីផ្សារក្នុងស្រុកវិញ ស្របពេល ដែលទីផ្សារប្រទេសចិន ធំជាងទីផ្សារ អាមេរិក ឬទីផ្សារអន្ដរជាតិដទៃទៀត។

ជាងនេះទៅទៀត ក្រុមហ៊ុនទាំងនោះ មិនចាំបាច់ត្រូវពឹងផ្អែកទាំងស្រុងលើទីផ្សារសហរដ្ឋអាមេរិកទៀតទេ ដោយសារចិននៅមានជម្រើសជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះដែរ សង្គ្រាមនេះអាចផ្តល់ ឱកាសដល់ក្រុមហ៊ុនចិន កាត់បន្ថយការ ពឹងផ្អែកតែលើប្រភពជាក់លាក់មួយ (អាមេរិក) តែចេះពឹងផ្អែកលើប្រភពផ្សេងៗច្រើនជាងមុន ដែលជារូបភាពដ៏ល្អមួយ សម្រាប់ប្រទេស ចិន៕ ម៉ែវ សាធី