ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យថៅកែប្រមូលភាស៊ីផ្សារកំពង់ស្ពឺ ជាអ្នកបើកដៃទើបមានភាពអនាធិបតេយ្យកើតឡើង

ខេត្តកំពង់ស្ពឺ៖ លោក ហោ យាន ថៅកែវិនិយោគផ្សារកំពង់ស្ពឺ ដុះស្លែកំពុងរងការរិះគន់ពីប្រជាពលរដ្ឋ និងមន្ត្រីរាជការពាក់ព័ន្ធគិតតែដើរប្រមូលភាស៊ីយកលុយដាក់ហោប៉ៅ ដោយមិនបានយកចិត្តទុកដាក់លើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណ្ឌភាពឲ្យបានត្រឹមត្រូវស្របតាមកិច្ចសន្យាជាមួយអត្តរក្រសួង អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែម្តង ។

មន្ត្រីសាលាខេត្តកំពង់ស្ពឺ បានបង្ហើបឲ្យដឹងថា បញ្ហាសណ្តាប់ អនាម័យ និងសោភ័ណ្ឌភាពជុំវិញផ្សារកំពង់ស្ពឺ បង្កឡើងដោយក្រុមអាជីករមួយចំនួនមិនសហការស្តាប់តាមការណែនាំរបស់អាជ្ញាធរក្រុង-ខេត្តឡើយដោយសារតែក្រុមអ្នកប្រមូលភាស៊ីជាអ្នកបើកដៃ ។ ប្រភពបន្តទៀតថា សូមបីតែខឿនជុំវិញផ្សារទុកសម្រាប់ដាក់ផ្ញើកង់-ម៉ូតូ ត្រូវបានលោក ហោ យាន អនុញ្ញាតសាងសង់ជាតូបលក់ដូរ និងកន្លែងចោះរបងផ្សារលក់ក្នុងតម្លៃ ១ម៉ែត្ររាប់ពាន់ដុល្លារ ។

តាមប្រភពីមន្ត្រីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តកំពង់ស្ពឺម្នាក់ បានឲ្យដឹងថា ថៅកែវិនិយោគប្រមូលភាស៊ីផ្សារកំពង់ស្ពឺ គឺលោក ហោ យាន នេះមិនត្រឹមតែមិនគោរពតាមកិច្ចសន្យាវិនិយោគប៉ុណ្ណោះទេ ថែមទាំងនៅជំពាក់លុយរដ្ឋរាប់សិបលានរៀលទៀតផងដែរ ។

ប្រភពបន្តទៀតថា ជាក់ស្តែងដូចជាផ្លូវជុំវិញផ្សារទាំងអស់ក្នុងកិច្ចសន្យាជាមួយក្រសួងគឺភាគីអ្នកវិនិយោគជាអ្នកជួសជុល និងថែទាំ ប៉ុន្តែផ្លូវទាំងនេះមិនត្រូវបានជួសជុលឡើយ គិតទៅជាច្រើនឆ្នាំកន្លងមកហើយ ។ ប្រភពបន្តថា លោក ហោ យាន មិនសូវជាស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធឡើយ គឺធ្វើអ្វីតាមតែអំពើរចិត្តខ្លួន និងបក្ខពួកប៉ុណ្ណោះ ។

ពាក់ព័ន្ធការរិះខាងលើនេះមិនអាចសុំការទំនាក់ទំនងសុំការបំភ្លឺពីលោក ហោ យាន ថៅកែវិនិយោគប្រមូលភាស៊ីផ្សារកំពង់ស្ពឺ បានឡើយនៅរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ៕ សេនាស័ក្តិ