ព័ត៌មានទាន់ហេតុការណ៍៖

សត្វដំរីព្រៃមួយក្បាលទម្ងន់ជាង៧តោនឆ្លងដែនពីប្រទេសថៃមកកម្ពុជា

ប៉ោយប៉ែត៖ សត្វដំរីព្រៃមួយក្បាលទម្ងន់ជាង៧តោន ដែលមានដើមកំណើតនៅក្នុងប្រទេសថៃ បានរត់ឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា ដោយបានបង្កនូវភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅយ៉ាងសុខសាន្ត និងខ្លះទៀតកំពុងសម្រាកយ៉ាងលង់លក់ទៅហើយ ខណៈដែលសត្វដំរីទាំងនេះ បានលុកលុយមកដល់ទីប្រជុំជនក្បែរខ្សែបន្ទាត់ព្រំដែន ។

ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ៩យប់ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែមានប្រជាពលរដ្ឋមួយចំនួនបានឃើញសត្វដំរីព្រៃដ៏ធំមួយក្បាលនេះ បានធ្វើដំណើរឆ្លងអូរព្រំដែន ចូលមកក្នុងទឹកដីកម្ពុជា ។

យោងតាមប្រភពពីប្រទេសថៃបានឲ្យដឹងថា សត្វដំរីមួយក្បាលនេះ គឺបានដើរចេញពីតំបន់អភិរក្សសត្វព្រៃ « អាងឬណៃ » ក្នុងខេត្តឆៈឈើងសៅ ប្រទេសថៃ ដោយបានធ្វើដំណើរមកឈប់នៅក្នុងភូមិសាស្ត្រ ភូមិ៧ ឃុំបានថាប់ព្រីក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ចម្ងាយពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ១គីឡូម៉ែត្រប៉ុណ្ណោះ។

នៅពេលនោះដែរ គឺជាពេលយប់ កម្លាំងក្រុមអភិរក្សសត្វព្រៃបានកៀងគរអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ឲ្យយកត្រាក់ទ័រប្រមាណជាង១០គ្រឿង មកដាក់ពង្រាយដើម្បីស្ទាក់មុខ កុំឲ្យសត្វដំរីមួយក្បាលនេះ ឆ្លងដែនចូលទៅក្នុងទឹកដីនៃប្រទេសកម្ពុជា ប៉ុន្តែនៅទីបំផុត ដំរីដ៏ឆ្លាតបានដើរវាងចូលទៅក្នុងចំការអំពៅរបស់អ្នកស្រុក ហើយបានរត់ឆ្លងមកកម្ពុជាទាល់តែបាន ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ។

NKD-36x6_outline

ទាំងអាជ្ញាធរថៃ ក៏ដូចជាអាជ្ញាធរកម្ពុជា ពិសេសគឺកងកំលាំងប្រដាប់អាវុធ ដែលឈរជើង នៅក្នុងតំបន់ខាងលើបានប្រកាសដល់ប្រជាពលរដ្ឋឲ្យនាំគ្នាបង្កើតជាភ្នក់ភ្លើង ដើម្បីដុតបំភ្លឺ ដែលអាចធ្វើឲ្យសត្វដំរីព្រៃមួយក្បាលនេះ ខ្លាចភ្លើងបាន ជៀសវាងនូវហានិភ័យ ដែលអាចកើតមានឡើង ដោយសារសត្វដំរីព្រៃនេះ ។ រហូតដល់ព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨ ដំរីនេះត្រូវបានគេរកឃើញនៅក្នុងចំការ របស់ប្រជាពលរដ្ឋខ្មែរ ទើបភាគីថៃបានស្នើសុំភាគីកម្ពុជាដើម្បីប្រើប្រាស់អាវុធបាញ់ឲ្យសន្លប់ ងាយស្រួលក្នុងការនាំយកត្រឡប់ទៅប្រទេសថៃវិញ ដោយដំរីនេះ មិនបានបង្កឲ្យមានការរងរបួសដល់មនុស្សណាម្នាក់ឡើយ ។

សូមបញ្ជាក់ថាបើតាមសំដីរបស់សមត្ថកិច្ចដំរីដែលឆ្លងដែននោះ ពេលនេះកំពុងតែនៅលើភ្នំលោកយាយសំ ដែលស្ថិតនៅក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយសមត្ថកិច្ចបន្ថែមថា ខាងអាជ្ញាធរថៃបានប្រាប់សមត្ថកិច្ចកម្ពុជាថា ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ឱ្យដំរីដែលរួចនោះទៅតាមដំណើរក្នុងទឹកដីកម្ពុជាចុះ ពេលនេះ សមត្ថកិច្ចថៃ ក៏បានវិលទៅប្រទេសរបស់ខ្លួនវិញ ៕ វណ្ណា