ព័ត៌មានទាន់ហេតុការណ៍៖

សន្និបាតបូកសរុប ក្រសួង និងមន្ទីរព័ត៌មាន រាជធានីភ្នំពេញ ជំរុញបង្កើនការផលិតព័ត៌មាន ឲ្យដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ នៅក្នុងសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៤ និងទិសដៅ ឆ្នាំ ២០១៥ របស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅពេញមួយព្រឹកថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០១៥ ក្រោមអធិបតីលោក ប៊ុន សេរី អភិបាលរងរាជធានីភ្នំពេញ ក្រសួង និងមន្ទីរព័ត៌មានរាជធានីបានប្តេជ្ញាថា ឆ្នាំ២០១៥ នឹង រួមគ្នាខិតខំផលិតព័ត៌មានជាតិ អន្តរជាតិឲ្យបានច្រើន គ្រប់សកម្មភាពរបស់ថ្នាក់ដឹកនាំ និងស្រាវជ្រាវ Website Internet ដើម្បីបង្កើនការយល់ដឹង បម្រើជូនប្រជាពលរដ្ឋ ឲ្យបានទទួលព័ត៌មានឆាប់រហ័ស និង បាន ដឹង បានឃើញ បានឮ អំពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាននៅលើពិភពលោកនាពេលបច្ចុប្បន្ន និងអនាគត។

ថ្លែងក្នុងឧិកាសនោះលោក អ៊ុក កំពូល អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោត ទស្សន៍នៃក្រសួងព័ត៌មានបានបញ្ជាក់ថា ដើម្បីអនុវត្តការងារផ្នែកព័ត៌មានឲ្យបានល្អ ក្រសួង បានខិតខំបណ្តុះបណ្តាលវិស័យព័ត៌មាន និងកំណែទម្រង់ក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋ ឲ្យទាន់ហេតុ ការណ៍ និងពង្រីកវិសាលភាពការផ្សព្វផ្សាយលើគ្រប់វិស័យ ប្លែក លឿន រហ័សជឿទុកចិត្តបានប្រកប ដោយក្រមសីលធម៌ វិជ្ជាជីវៈនិងតម្លាភាព ។

លោកបានបញ្ជាក់ថា “មន្ទីរព័ត៌មាន ត្រូវខិតខំអនុវត្តបន្ថែមទៀត ពិនិត្យមើលសម្រាប់ការគ្រប់គ្រងការជីវកម្មវិស័យព័ត៌មាន ក្រសួងព័ត៌មាន បានខិតខំយ៉ាងសកម្មថែមទៀតពីភារៈកិច្ចដែលរដ្ឋាភិបាល ប្រគល់ឲ្យ គឺដឹកនាំ និងគ្រប់គ្រងលើវិស័យព័ត៌មាន ដេលកាន់តែមានសារៈសំខាន់ ក្នុងសម័យបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងតែមានការរីកចំរើនយ៉ាងខ្លាំង”។

លោក ឃុត សំខាន់ ប្រធានមន្ទីរព័ត៌មាន រាជធានីភ្នំពេញ បានឲ្យដឹងថា មន្ទីរព័ត៌មាន ត្រូវបានក្រសួងប្រគល់ឲ្យដឹកនាំនិងគ្រប់គ្រងវិស័យព័ត៌មាន ដើម្បីបំរើជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងនោះផ្តល់ និងផ្សព្វផ្សាយតាមរយៈ ព្រឹត្តិប័ត្រ កាសែត ទស្សនាវដ្តី រូបថត វិទ្យុទូរទស្សន៍ ពិសេសផ្សព្វផ្សាយតាមអេឡិចត្រូនិច។

លោក បន្តថា “ដើម្បីអនុវត្តការងាររបស់មន្ទីរនៅឆ្នាំ២០១៥ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាព័ត៌មានកាន់តែទូលំទូលាយ មន្ទីរព័ត៌មាន នឹងខិតខំពង្រីកវិសាលភាព គុណភាពប្រព័ន្ធផ្សព្វផ្សាយប្រកបដោយគុណភាព និងសមធម៌ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានល្អរហ័សទាន់ចិត្ត ។

ជាមួយគ្នានេះដែរលោក ឃុត សំខាន់ នាយកមន្ទីរព័ត៌មានរាជធានីបានសំណូមពរដល់ក្រសួងព័ត៌មានជួយទម្លាក់ក្របខណ្ឌមន្រ្តីព័ត៌មានឲ្យបានឆាប់រហ័សខណះមន្រី្តមួយចំនួនចូលនិវត្តធ្វើឲ្យខ្វះខាតធនធានមនុស្ស និងស្ថាប័នពាក់ព័ន្ធធ្វើសេវាច្រកចេញចូលតែមួយឲ្យបានលឿនផងដែរ។

លោកប្រធានមន្ទីរព័ត៌មានក៏បានធ្វើរបាយការណ៍ស្តីពីចំណូល ចំណាយបានមកពីសមិទ្ធផលព័ត៌មានចាប់តាំងពីក្រសួងព័ត៌មានប្រគល់ឲ្យមន្ទីរគ្រប់គ្រងតាំងពីខែមិថុនាឆ្នាំ២០១៤កន្លងមក ដោយរកចំណូលបានជាង១៩លានរៀល បង់ចូលរដ្ឋជាង៩ លានរៀល និងបង់ចូលមន្ទីរហិរញ្ញវត្ថុរាជធានីតាមប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មានជាង ១៩ម៉ឺនរៀលផងដែរ៕ ប្រាថ្នា