ព័ត៌មានទាន់ហេតុការណ៍៖

សន វិជ្ជបុត្រនឹងជួយទិញស្រូវ២តោនពីកសិករដែលប្រឈមនឹងបញ្ហាទីផ្សារ

ភ្នំពេញ៖ តារាចម្រៀងចិត្តធម៌ សន វិជ្ជបុត្របានប្រកាសនឹងចុះទិញស្រូវកសិករដែលប្រឈមនឹងការខ្វះខាតទីផ្សារដោយផ្ទាល់ ដើម្បីកិនជាអង្ករចែកជូនជនចាស់ជរាក្រីក្រ និងគ្មានទីពឹង។ ការប្រកាសទិញស្រូវនេះគឺដើម្បីជួយដល់កសិករដែលខ្វះទីផ្សារលក់កសិផលផងនឹងអាចជួយដល់ទុរគតជនដែលកំពុងប្រឈមនឹងជីវភាពរស់នៅផងដែរ។

កន្លងមកតារាចម្រៀង សន វិជ្ជបុត្រធ្លាប់បានចូលរួមជួយដល់សកម្មភាពសង្គមជាហូរហែរ ដែលមានទាំងការចេញទៅច្រៀងនៅក្រៅប្រទេសរកលុយ និងចំណាយលុយផ្ទាល់ខ្លួនជាច្រើនជួយដល់កុមារកំព្រា ជនពិកា ជនអនាថា សិល្បករ ចាស់ជរាគ្មានទីពឹងនៅតាមតំបន់ជាច្រើន។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់ថា នឹងចេញទិញស្រូវ២តោនដោយផ្ទាល់ដៃពីកសិករនៅតំបន់មួយចំនួននៃព្រំប្រទល់ខេត្តព្រៃវែង។ លោកបញ្ជាក់ថាការទិញស្រូវនេះគឺក្រោយពីតម្លៃលក់ស្រូវរបស់កសិករមានការធ្លាក់ចុះ ហើយតម្លៃដែលលោកទិញអាចស្របទៅតាមតម្លៃដែលកសិករចង់បាន។លោកថា លោកមានក្តីអាណិតចំពោះកសិករហើយលោកចង់ជួយពួកគាត់ដែលកំពុងប្រឈមនឹងការខ្វះខាតទីផ្សារលក់ដូរផលិតផល ប៉ុន្តែដោយលោកមិនមានលទ្ធភាពច្រើនទើបលោកសម្រេចចិត្តទិញស្រូវតែចំនួន២តោនប៉ុណ្ណោះដែលវាគឺជាថវិការរបស់លោកផ្ទាល់តែម្តង។ តារាចម្រៀងរូបនេះបញ្ជាក់ដែរថា កាលបរិច្ឆេទនៃការចុះទៅទិញគឺនៅថ្ងៃទី២៦ខែកញ្ញា នេះបន្ទាប់ពីលោកបញ្ចប់ការចូលរួមច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ហង្សមាសនាថ្ងៃទី២៥កញ្ញា ខាងមុខ។ លោកថា ស្រូវទាំងពីរតោននឹងត្រូវកិនជាអង្ករ នឹងត្រូវដឹកចែកជូនប្រជាពលរដ្ឋពិសេសចាស់ៗដែលជួបបញ្ហាប្រឈមនឹងជីវភាព នាស្រុកបាភ្នំខេត្តព្រៃវែង ។

NKD-36x6_outline

បន្ថែមលើអង្ករទាំងនេះក៏នឹងមានសម្ភារៈថវិកា សារ៉ុង ឬក្រមាសម្រាប់ចែកជូនពួកគាត់នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ លោកថាទាំងអង្ករ ថវិកា និងសម្ភារៈទាំងនេះនឹងត្រូវប្រគល់ជូនជីដូនដែលរស់នៅទីនោះជាអ្នកចាត់ចែងប៉ុន្តែលោកក៏នឹងមានវត្តមានចូលរួមចែកជូនផងដែរ។ លោកថាជីដូនលោករស់នៅតំបន់នោះស្រាប់ហើយលោកក៏ចង់បំពេញបំណងជីដូនក្នុងការធ្វើបុណ្យដាក់ទានដល់ជនទីទលក្រនាឱកាសភ្ជុំបិណ្ឌនេះផងដែរ។

លោកបញ្ជាក់ដែរថាក្រៅពីស្រូវលោកក៏សង្កេតឃើញកសិផលរបស់កសិករមួយចំនួនក៏កំពុងតែប្រឈមនឹងការខ្វះខាតទីផ្សារផងដែរ ប៉ុន្តែលោកមិនមានលទ្ធភាពក្នុងការទិញ និងកែច្នៃកសិផលទាំងនោះឲ្យនៅបានយូទើបលោកសម្រេចចិត្តទិញតែអង្ក ដែលលោករំពឹងថា នឹងអាចជួយសម្រួលបានមួយផ្នែកតូចរបស់កសិករ និងអាចចូលរួមធ្វើបុណ្យដាក់ទានក្នុងឱកាពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ។ ជាមួយគ្នានេះលោកក៏អំពាវនាវឲ្យបណ្តាសប្បុរសជនដែលមានទ្រព្យធន មានលទ្ធភាពគួរជួយចែករំលែកការលំបាករបស់កសិករ និងអាចជួយចែករំលែកបន្តនៃផលិតផលកសិផលទៅកាន់ជនទីទលក្រវិញ ក្នុងនាមខ្មែរជួយដល់ខ្មែរដែលកំពុងជួបប្រទះនឹងបញ្ហាចំពោះមុខ ៕ វឌ្ឍនា

 

5 4 3 2 1

13413928_1105772689483917_530224842_n