ព័ត៌មានទាន់ហេតុការណ៍៖

សន វិជ្ជបុត្រ ដើរសុំប្រាក់គេទិញម៉ូតូ១គ្រឿង ឲ្យអ្នករត់ម៉ូតូឌុបម្នាក់ ដែលត្រូវចោរលួច

ភ្នំពេញ៖ តារាចម្រៀងផលិតកម្ម M លោក សន វិជ្ជបុត្រ បានសុំនិងរៃអង្គាសប្រាក់ពីសប្បុរសជនព្រមទាំងមិត្តភក្ដិដែលជា អ្នកសិល្បដូចគ្នា ទិញម៉ូតូស្មាស សេ៊រីឆ្នាំ២០០៩ ១គ្រឿងតម្លៃ៦០០ ដុល្លារ ឲ្យបុរសវ័យចំណាស់ម្នាក់មានមុខរបរជាអ្នករត់ម៉ូតូឌុប ហើយត្រូវបានចោរលួចទៅបាត់ ។

នេះមិនមែនជាលើកទីមួយទេដែលតារាចម្រៀងចិត្តធម៌ខាងលើបានចេញមុខរៃអង្គាស ប្រាក់ជួយដល់ទុរគតជន។ តារាចម្រៀងរូបនេះបានឲ្យដឹងថា ដោយមើលឃើញពូអ្នករត់ម៉ូតូឌុប មិនមានផ្ទះសម្បែង មិនមានកូនចៅ គ្មានលទ្ធភាពទិញម៉ូតូវិញ បន្ទាប់ពីត្រូវចោរលួចកាលពីជិត១ខែមុន លោកក៏រួមជាមួយ អតីត តារាសម្ដែង ថាច់ ផល្លា បានសម្រេចចិត្ត រៃអង្គាសពីមិត្តភក្ដិក៏ដូចជា សប្បុរសជនមួយចំនួនទៀត ដើម្បីទិញម៉ូតូ១គ្រឿង ។ ម្យ៉ាង អ្នករត់ម៉ូតូឌុបម្នាក់នោះ លោកបានស្គាល់ច្រើនឆ្នាំមកហើយ ត្បិតអីឧស្សាហ៍ប្រើគាត់ទៅទិញ អីវ៉ាន់ឲ្យញឹកញាប់ ហើយបុរសនោះជាមនុស្សល្អ ស្លូតត្រង់ថែមទៀតផង ។

លោកថា សប្បុរសជនដែលបានចូលរួមជាមួយលោក លោក យ៉ាវ៉ាន់ នៅកូរ៉េ ជូន១០០ដុល្លារ អ្នកនាងអែនណា អតីតតារាសម្ដែង រស់នៅប្រទេសអូស្ត្រាលី ២០០ដុល្លារ កញ្ញា ថាច់ ផល្លា អតីតតារាសម្ដែង ២០០ដុល្លារ Niza Chhean នៅបារាំង ១០០ដុល្លារ ។ ជាការពិតណាស់កន្លងមកលោក ធ្លាប់បានជួយដល់អ្នកសិល្បៈជាច្រើនទៀតកន្លងមក ដូចជាជួយដល់អ្នកនាង ស្វែង សុជាតា យាយណាង និង សិល្បករចាស់ៗជាច្រើនរូបទៀតតាមរយៈសមាគមសិល្បករខ្មែរកន្លងមក។ទន្ទឹមគ្នានោះដែរ លោកក៏ធ្លាប់ជួយប្រជាជនក្រីក្រជាច្រើនរូបទៀត ដូចជាជួយសង់ផ្ទះឲ្យជនគ្មានទីពឹងជាដើម។

និយាយដោយមិនលាក់លៀម​ប្រាក់ដែលខ្លួនបានយកទៅជួយដល់អ្នកសិល្បៈក៏ដូចជាជនក្រីក្រផ្សេងទៀត លោក សន វិជ្ជបុត្រ ប្រាប់ថា មិនមែនជាប្រាក់របស់លោកទាំងអស់ឡើយ ភាគច្រើនបានមកពីសប្បុរសជនខ្មែរនៅក្រៅប្រទេស និង សប្បុរសជនក្នុងស្រុក។ ជាមួយកិច្ចការសប្បុរសធម៌នេះ លោកបានប្ដេជ្ញាថា នៅតែបន្តសកម្មភាពនេះជារៀងរហូត។

NKD-36x6_outline

គួរបញ្ជាក់ដែរថាលោកពូរត់ម៉ូតូឌុបដែលបាត់ម៉ូតូម្នាក់នោះមានឈ្មោះ ចាន់ សេង វ័យ៦៨ឆ្នាំ លោកមានស្រុកកំណើតនៅ ខេត្តក្រចេះ បានប្រកបរបរជាអ្នករត់ម៉ូតូឌុបនេះ ជិត២០ឆ្នាំហើយ។ លោកពូ មិនមានកូនចៅឬផ្ទះសម្ដែងឡើយ រាល់ថ្ងៃសុំរោងឡានគេស្នាក់នៅ។ ជិត១ខែដែលចោរលួចម៉ូតូទៅបាត់ លោកថា ប្រៀបបានជាបាត់ឆ្នាំបាយរបស់លោកអីចឹង គឺទាល់ច្រក ហើយមិនសង្ឃឹមថា អាចមានលទ្ធភាពទិញម៉ូតូបានមកវិញឡើយ ព្រោះប្រាក់ដែលរកបានកន្លងមកមិនបានសន្សំទុកបានខ្លះឡើយ។

នៅពេលដែលទទួលបានម៉ូតូខាងលើនេះ លោកពូពិតជាសប្បាយចិត្តជាខ្លាំង ជាមួយគ្នានោះលោកបានថ្លែងអំណរគុណ ម្ចាស់ ជំនួយសូមជូនពរម្ចាស់ជំនួយជួបប្រទះតែសេចក្ដីសុខសប្បាយ ការងារជោគជ័យគ្រប់ភារកិច្ច៕ វឌ្ឍនា