ព័ត៌មានទាន់ហេតុការណ៍៖

សប្តាហ៍ទី១នៃការប្រកួតជម្រុះ TV 5 Boxing Knock Out Series កីឡាករ អ៊ុំ វណ្ណេត និង គឹម វាសនា ឡើងវគ្គ៤នាក់ចុងក្រោយ

ភ្នំពេញ៖ សប្តាហ៍ទី១ នៃការប្រកួតវគ្គជម្រុះ កីឡាករជើងខ្លាំង៨នាក់រក្សាទុកតែ៤ នាក់ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ TV 5 Boxing Knock Out Series K-Cement បានរកឃើញ អ្នកប្រដាល់ជើងខ្លាំង២នាក់ហើយគឺកីឡាករ អ៊ុំ វណ្ណេត អង្គរធំនៃខេត្តសៀមរាប និងកីឡាករ គឹម វាសនា មកពីក្លិបឆត្រយោងលេខ៩១១ បានឈរចាំនូវវគ្គ៤នាក់ចុងក្រោយវាយឈ្នះដៃគូប្រកួតរៀងខ្លួន កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ ព្រែកកំពឹស ។

ជំនួបរវាង វណ្ណេត និង វ៉ែន ហុងជីវុងមកពីក្លិបកងកេង ពិតជាធ្វើឲ្យទស្សនិកជនព្រឺព្រួច ដោយកីឡាករម្នាក់ៗសុទ្ធតែមានការជឿជាក់លើសមត្ថភាពរៀងខ្លួន ។

ទីបំផុតវណ្ណេត អាចរក្សាកម្លាំងបាន និងវាយបកទៅ ហុង ជីវុងវិញ រហូតទទួលបានផលឈ្នះពិន្ទុ ជីវុងដោយ ហុងជីវុង បានបោះបង់ការប្រកួតនៅទឹកទី៣។ សម្រាប់កីឡាករ សំអាង ឌុន មកពីក្លិបអេភូថងកីឡា និងគឹម វាសនានោះ ក៏មិនខុសពីគូខាងលើប៉ុន្មានដែរ។ ក្នុងការប្រកួតរយៈពេល៣ទឹកគឺ គឹម វាសនា អាចយកឈ្នះលើសំអាង ឌុន បានដោយវាយឲ្យកីឡាកររូបនោះបោះបង់ការប្រកួត ។

គួររំលឹកថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯក TV5 Boxing Knock Out Series នៅសង្វៀនប៉ុស្តិ៍លេខ៥ មានកីឡាករចូលរួមចំនួន៣២នាក់ ដោយប្រកួតជម្រុះវិលជុំរហូតដល់រកឃើញកីឡាករ៤នាក់ចុងក្រោយ សម្រាប់ប្រកួតដណ្តើមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ឈានទៅគ្រងតំណែងជើងឯកប្រចាំរដូវកាល ។

NKD-36x6_outline

សូមជម្រាបថា កីឡាករដែលជាប់ចាំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់៤ពាន់ដុល្លារ អមជាមួយពាន១ លេខ២ទទួលបាន២ពាន់ដុល្លារ លេខ៣ទទួលបាន៧៣០ដុល្លារ និងលេខ៤ទទួលបាន៥០០ដុល្លារ ៕ សារីម