ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

សភាអីុរ៉ង់លើកពេលចូលរួមអនុសញ្ញាស្តីពីហិរញ្ញវត្ថុរបស់ក្រុមភេរវកម្មនិយម រង់ចាំមើលអនាគតនៃកិច្ចព្រមព្រៀង

បើទោះបីអឺរ៉ុប និងប្រទេសផ្សេងទៀតបានប្តេជ្ញាថាបន្តរក្សាកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ក្រោយអាមេរិកដកខ្លួនចេញក្តី តែអីុរ៉ង់មានការប្រុងប្រយ័ត្នជានិច្ច រាល់ ការព្រមព្រៀងណាមួយ។

កន្លងមកថ្មីៗសភាអុីរ៉ង់ បានបោះឆ្នោតលើកពេលការពិភាក្សាស្តីពីច្បាប់ ដែល ជំរុញឲ្យអុីរ៉ង់ ត្រូវចូលរួម ក្នុងអនុសញ្ញា របស់អង្គការសហប្រជាជាតិស្តីពីហិរញ្ញវត្ថុ របស់ក្រុមភេរវនិយម។ជាមួយនឹងសំឡេងគាំទ្រ ចំនួន ១៨៣ និងប្រឆាំង ១០៣ សភា អុីរ៉ង់បានសម្រេចលើកពេល មិន ទាន់ពិភាក្សា បោះឆ្នោត ច្បាប់ដែលតម្រូវ ឲ្យអុីរ៉ង់ត្រូវចូលរួមក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីហិរញ្ញវត្ថុរបស់ក្រុមភេរវនិយម។ រដ្ឋាភិបាលអុីរ៉ង់ មកពីក្រុម មិនជ្រុលនិយម ជាអ្នកស្នើច្បាប់នេះឡើង ក្នុងកិច្ចប្រឹងប្រែងនាំអុីរ៉ង់ឲ្យចូលរួមក្នុង សកម្មភាពហិរញ្ញវត្ថុរបស់កងកម្លាំងអន្តរជាតិហៅកាត់ថា FATF។

សូមបញ្ជាក់ថា អុីរ៉ង់ ហើយនិងកូរ៉េ ខាងជើង ជាប្រទេសតែពីរគត់ ដែលបន្តស្ថិតនៅក្នុងបញ្ជីខ្មៅរបស់កងកម្លាំងអន្តរជាតិ FATF។ ប្រការនេះធ្វើឲ្យអុីរ៉ង់ពិបាកនឹង អាចចូលប្រើបណ្តាញធនាគារក្នុងពិភពលោក។ ដើម្បីអាចក្លាយជាសមាជិករបស់ស្ថាប័នអង្គការសហប្រជាជាតិមួយនេះ ប្រទេសសមាជិកត្រូវអនុម័តច្បាប់ជាច្រើន ដើម្បីប្រឆាំងនឹងការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ក្រុមភេរវកម្ម ហើយនិងការលាងលុយ កខ្វក់។

ច្បាប់ដាក់បញ្ចូលអុីរ៉ង់ទៅក្នុងកងកម្លាំងអន្តរជាតិ ដើម្បីត្រួតពិនិត្យហិរញ្ញវត្ថុ ត្រូវ បានស្នើឡើងតាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែត្រូវបានពន្យារពេលមិនទាន់អនុម័ត ដោយសារការប្រឆាំងជំទាស់ដាច់ណាត់របស់សមា ជិកសភាអុីរ៉ង់ មកពីក្រុមអភិរក្សនិយម។ សម្រាប់ក្រុមនេះ ច្បាប់នេះ នឹងរាំងខ្ទប់មិនឲ្យអុីរ៉ង់អាចជួយផ្នែកហិរញ្ញវត្ថុដល់ក្រុម សម្ពន្ធមិត្ត ដូចជាក្រុមហេសបូឡាហ៍ លីបង់ និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ដែលអាមេរិកហើយនិងសហភាពអឺរ៉ុបចាត់ចូលក្នុងបញ្ជីក្រុមភេរវនិកម្ម។ មួយវិញទៀត ច្បាប់ស្នើដោយរដ្ឋាភិបាលអុីរ៉ង់ នឹងសំដៅ ថ្កោលទោស សមាជិកមួយចំនួនរបស់ឆ្មាំ បដិវត្តអ៊ិស្លាមអុីរ៉ង់ ដែលកំពុងស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិក។ សម្រាប់អ្នកនាំពាក្យ របស់គណៈកម្មការសន្តិសុខជាតិ និង នយោបាយការបរទេស របស់សភាអុីរ៉ង់ វាមិនអាចទៅរួចទេ ដែលអុីរ៉ង់ត្រូវធ្វើច្បាប់ មួយ ចងដៃខ្លួនឯង ទៅតាមការទាមទារ តម្រូវរបស់អនុសញ្ញាមួយ ដែលបង្កើត និងរចនាឡើងដោយក្រុមប្រទេសដែលជា សត្រូវរបស់អុីរ៉ង់នោះ៕ ម៉ែវ សាធី