ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពុងតាមស្វែងរកអ្នកបាញ់នៅកន្លែងរណ្តៅដីក្នុងស្រុកស្អាង ប៉ុុន្តែក្តីសង្ឃឹមហាក់នៅសែនឆ្ងាយឯជើងមេឃ

ខេត្តកណ្តាល៖ រហូតមកទល់នឹង រសៀលថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ថៅកែរណ្ដៅដីដែល តាំងខ្លួនជាឧកញ៉ា និងជាប់សង្ស័យប្រើ ប្រាស់អាវុធខុសច្បាប់បាញ់គំរាមអាយុជីវិតមន្រ្តីក្រសួងរ៉ែ និងថាមពលមិនទាន់ត្រូវ បានចាប់ខ្លួននៅឡើយទេ ខណៈដែលនគរ បាលកំពុងតាមរកហើយជនសង្ស័យកំពុងរត់គេចខ្លួន ។

គិតមកទល់នឹងរសៀលថ្ងៃទី២០ ខែ មករាមានរយៈពេល៣ថ្ងៃហើយបន្ទាប់ពីថៅកែរណ្ដៅដីឈ្មោះពៅ បានប្រើប្រាស់កាំភ្លើងបាញ់បោះប្រមាណ២០គ្រាប់នៅ ទីតាំងរបស់ខ្លួនហើយសមត្ថកិច្ចបានបញ្ជាក់ថា លើសពីមួយសប្ដាហ៍ជនសង្ស័យអាច នឹងត្រូវតាមចាប់ខ្លួនដោយអំណាចដីកា របស់តុលាការ ។

ស្នងការរងនគរបាលខេត្តកណ្ដាល ទទួលផែនព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា បានឲ្យដឹងថា ពេលនេះសមត្ថ កិច្ចនគរបាលកំពុងតាមរកជនសង្ស័យ ដើម្បីហៅយកមកសួរនាំជុំវិញករណី អះអាងថា ប្រើប្រាស់កាំភ្លើងបាញ់បោះ ប្រមាណ២០គ្រាប់នៅក្នុងរណ្ដៅដី ស្ថិតក្នុង ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ ។

លោក រឿន ណារ៉ា បានបញ្ជាក់ថា នេះ ជាបទល្មើសជាក់ស្ដែងមិនបាច់មានដីកា របស់តុលាការទេប៉ុន្តែមានរយៈពេលកំណត់ ៧ថ្ងៃ ហើយរហូតមកទល់ពេលនេះបាន៣ថ្ងៃហើយចាប់តាំងពីថ្ងៃកើតហេតុមកហើយលើសរយៈពេល៧ថ្ងៃគឺនគរបាលអាចសុំ ដីកាពីតុលាការដើម្បីតាមចាប់ខ្លួន។ លោក រឿន ណារ៉ា បានបន្ថែមថា កាលពីថ្ងៃសុក្រ នគរបាលស្រុកស្អាងបានហៅមេការយកទៅសួរនាំជុំវិញករណីផ្ទុះអាវុធនេះ ប៉ុន្តែ មេការរណ្តៅដីនោះបានបដិសេធថា គាត់ មិនមែនជាមេការទេ ពោលគឺគ្រាន់តែជា មនុស្សស្គាល់គ្នាប៉ុណ្ណោះ ។

អធិការនគរបាលស្រុកស្អាងលោក សេង សុជាតិ បានឲ្យដឹងថា នគរបាលបាន សួរនាំមន្រ្តីកងរាជអាវុធហត្ថខេត្តកណ្ដាលម្នាក់ឈ្មោះ លី ចាន់សុខុម អាយុ៣២ឆ្នាំ ជាមេការប្រចាំរណ្ដៅដីថៅកែឈ្មោះ រឿន សំអាន ហៅពៅ ដែលគេតែងនិយាយថា ជាឧកញ៉ា ។

លោកអធិការបានថ្លែងថា «គាត់ជា មន្រ្តីអាវុធហត្ថខេត្តកណ្ដាល ពេលនេះយើងកំពុងសាកសួរតែគាត់ព្យាយាមលាក់បាំង ជុំវិញករណីថៅកែរណ្ដៅដីឈ្មោះពៅ បាញ់ គំរាមប្រមាណ២០គ្រាប់នៅក្នុងបរិវេណ ទីតាំងរបស់គាត់ ខណៈដែលមន្រ្តីក្រសួងរ៉ែ និងថាមពលចុះទៅពិនិត្យរណ្ដៅដីដែលជាហេតុធ្វើឲ្យគាត់ខឹងសម្បា។ ប្រជាពលរដ្ឋ ឃើញច្បាស់ណាស់ថា ឈ្មោះ ពៅ ជាអ្នក បាញ់ ប៉ុន្តែពេលនេះយើងកំពុងសាកសួរ ឲ្យលម្អិតសិន» ។

លោកស្នងការនគរបាលខេត្តកណ្តាលក៏បានបញ្ជាក់ដែរថា «ខ្ញុំមិនទាន់ច្បាស់ដែរ គ្រាន់តែដឹងថា មានបាញ់២០គ្រាប់រណ្ដៅដីហ្នឹងកំពុងឲ្យមន្រ្តីស៊ើបអង្កេត និងកំពុង យកមេការទៅសួរតែគេមិនឆ្លើយ។ មិនទាន់ច្បាស់ទេនៅពេលសួរថាមូលហេតុអ្វីមានការបាញ់បោះកំពុងព្យាយាមលាក់បាំង ថៅកែរបស់វា។ អត់មានឧកញ៉ាអីទេអាហ្នឹងឈ្លើយណាស់អត់ទាន់ហ៊ាននិយាយទេ គ្រាន់តែដឹងថាម្នាក់ឈ្មោះពៅហ្នឹងឈ្លើយៗ មែនទែន» ។

សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ មាន សេចក្តីរាយការណ៍មកថា លោកពៅ ជាថៅកែរណ្ដៅដីដុះស្លែរាប់ឆ្នាំនៅក្នុងឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាលដែល តាំងខ្លួនជាឧកញ៉ាបានផ្ទុះអាវុធប្រមាណ ២០គ្រាប់គំរាមអាយុជីវិតមន្រ្តីក្រសួងរ៉ែ និងថាមពល ខណៈមន្រ្តីទាំងនោះបានចុះទៅពិនិត្យរណ្ដៅដីដែលគេសង្ស័យថា កំពុងបំពានច្បាប់ ឬខុសច្បាប់ ។

មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ពៅបានទេកាលពីរសៀលថ្ងៃសុក្រ ប៉ុន្តែបើ តាមលោកពៅបានផ្តល់ការសម្ភាសន៍តាមទូរស័ព្ទឲ្យអ្នកយកព័ត៌មានក្នុងស្រុកដឹងថា «បាញ់គំរាមអាចម្កួតស្អី? គេបាញ់មាន់ ក្លែមសោះហ្នឹង! កាំភ្លើងវ៉ាន់ដឺឡុងបាញ់ មាន់បាញ់កុកក្លែមស្រាតើ។ បាញ់រួចហើយ ទើបមន្រ្តីក្រសួងរ៉ែ និងថាមពលទៅតាម ក្រោយ។ ពួកវាទៅរកលុយបាយតែខ្ញុំមិន ចង់ជួប។ ពួកអាឆ្កែអស់នេះចេះតែបំភ័ន្ត ខ្ញុំក៏ស្គាល់ទាបស្គាល់ខ្ពស់ដែរ» ៕ ហេង សូរិយា